Thursday, August 7, 2025
Homeសេដ្ឋកិច្ចជាតិបញ្ហាប្រឈមព្រំដែនកម្ពុជា-ថៃ ជាឱកាសសម្រាប់ផលិតករក្នុងស្រុក

បញ្ហាប្រឈមព្រំដែនកម្ពុជា-ថៃ ជាឱកាសសម្រាប់ផលិតករក្នុងស្រុក

ភ្នំពេញ ៖ លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានមានប្រសាសន៍ថា បញ្ហាប្រឈមព្រំដែនរវាងកម្ពុជា-ថៃ គឺជាឱកាស សម្រាប់ផលិតករក្នុងស្រុកដែលអាចបង្ហាញពីសមត្ថភាពក្នុងការប្រកួតប្រជែងកាន់តែខ្ពស់នៅក្នុងទីផ្សារ។

នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ផ្នែកឯកជនក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវាកម្ម កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងពីការផ្លាស់ប្តូរក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ដែល បណ្តាលមកពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដោយផ្តោតលើឱកាសសម្រាប់អ្នកផលិតក្នុងស្រុក។

លោករដ្ឋមន្ត្រី អះអាងថា “បញ្ហាប្រឈមជម្លោះព្រំដែនរវាងកម្ពុជា-ថៃនេះ ក៏ជាឱកាសសម្រាប់ផលិតករក្នុងស្រុករបស់យើងដែរ។ យើងបានឃើញកំណើននៃតម្រូវការផលិតផលពីក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុក ហើយក្រុមហ៊ុនក្នុងស្រុកជាច្រើន បានបង្ហាញសមត្ថភាពប្រកួតប្រជែង កាន់តែខ្ពស់នៅក្នុងទីផ្សារ”។

ស្របពេលជាមួយគ្នានោះ លោកហែម វណ្ណឌី ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ី ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក ពេញលេញមួយ ដែលមានទាំងពីការផ្គត់ផ្គង់វត្ថុធាតុដើម និងការកែច្នៃ រហូតដល់សេវាឡូជីស្ទីក ការធានាគុណភាព និងលទ្ធភាពចូលក្នុងទីផ្សារ។ ជាក់ស្តែង យើងមិនត្រឹមតែត្រូវផលិតឱ្យបានច្រើនប៉ុណ្ណោះទេ តែត្រូវផលិតឱ្យបានកាន់តែល្អប្រសើរដើម្បីបំពេញតម្រូវការទីផ្សារ និងដើម្បីប្រកួត ប្រជែងបាន ទំនិញត្រូវតែមានស្តង់ដាគុណភាព និងសុវត្ថិភាព។

លោករដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមហ៊ុនក្នុងស្រុកខិតខំពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន និងបង្កើតការងារបន្ថែមទៀតសម្រាប់ពលករ កម្ពុជា ពិសេសពលករដែលត្រឡប់មកពីប្រទេសថៃ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំរបាយការណ៍ស្តីពីបញ្ហាប្រឈម និងដំណោះស្រាយ សម្រាប់ផ្នែក ឯកជនក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវាកម្ម ដើម្បីដាក់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តសម្របសម្រួល និងស្វែងរក អន្តរាគមន៍ចាំបាច់របស់រាជរដ្ឋាភិបាល៕

RELATED ARTICLES