Sunday, August 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកកម្មករ ធ្លាក់ស្រះឈូក របួស៣៨នាក់

ឡានដឹកកម្មករ ធ្លាក់ស្រះឈូក របួស៣៨នាក់

ខេត្តកំពង់ស្ពឺ ៖ រថយន្តកូរ៉េ ១គ្រឿង ដឹកកម្មករ-កម្មការិនី សរុបចំនួន៣៨នាក់ សំដៅទៅធ្វើការរោងចក្រ លុះធ្វើដំណើរតាមផ្លូវ គេចពីម៉ូតូ ១គ្រឿង ធ្វើឱ្យរេចង្កូតធ្លាក់ចូលស្រះឈូក ក្បែរចិញ្ចើមផ្លូវ បណ្តាលឱ្យកម្មករម្នាក់ រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកអ្នកផ្សេងទៀត រងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៤០នាទីព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅត្រង់ចំណុចស្រះឈូក ជាប់ខាងជើងផ្លូវលំ ភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី។

រថយន្តដឹកកម្មករដែលក្រឡាប់ ម៉ាក HYUNDAY PORTER ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-0970 បើកបរ ឈ្មោះម៉ី គឹមហួ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបររថយន្ត មានលំនៅ ភូមិសុក្រំ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តដឹកកម្មករខាងលើ បានធ្វើដំណើរចេញពីភូមិសុក្រំ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីដឹកកម្មករ សរុបចំនួន៣៨នាក់ (ប្រុស១៣នាក់) សំដៅទៅធ្វើការនៅរោងចក្រ តារ៉ាល់ ស្ថិតក្នុងភូមិត្រពាំងមាន ឃុំស្មំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ រថយន្តដឹកកម្មករ បានបើកគេចម៉ូតូ ១គ្រឿង បណ្តាលឱ្យរេចង្កូតធ្លាក់ចូលស្រះឈូក តែម្តង។

ប្រភពដដែល បន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបណ្តាលកម្មករម្នាក់ ឈ្មោះណេង វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសុក្រំ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ រងរបួសធ្ងន់  និងត្រូវបានដឹកបញ្ជូនទៅព្យាបាលរបួសនៅពេទ្យ ឯកជន ក្បែរកន្លែងកើតហេតុភ្លាមៗ។ ចំណែកកម្មករផ្សេងទៀត រងរបួសស្រាល និងបានវិលត្រឡប់ទៅផ្ទះវិញ ដោយបានការសម្របសម្រួលការងារជាមួយរដ្ឋបាលរោងចក្រ ពីអាជ្ញាធរមូលដ្ឋាន។

ចំពោះអ្នកបើកបររថយន្ត សមត្ថកិច្ចបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីទទួលខុសត្រូវលើករណីដឹកជញ្ជូនកម្មករ៕

RELATED ARTICLES