ខេត្តកណ្តាល ៖ ខណៈដែលពលករចំណាកស្រុកកំពុងសម្រុកវិលត្រឡប់មកពីប្រទេសថៃ និងកំពុងស្វែងរកការងារធ្វើ ស្រាប់តែមានជនសង្ស័យមួយក្រុម បង្កើតផេកឈ្មោះ “ប្រព័ន្ធដោះស្រាយការងារ” រួចធ្វើសកម្មភាពឆបោកលុយពីបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរក ការងារធ្វើ ដោយសន្យាថា នឹងឱ្យការងារធ្វើ តែត្រូវឱ្យលុយមកពួកគេសិន ដោយបោកយកលុយអស់ជាច្រើននាក់ ចុងក្រោយត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ច ឱ្យឃាត់ ខ្លួនបានម្នាក់ ខណៈបក្សពួកផ្សេងទៀត កំពុងរត់គេចខ្លួន។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅភូមបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានចំនួន៧នាក់ (ស្រី២នាក់) រួមមាន ទី១-ឈ្មោះសុន សុហស ភេទប្រុស អាយុ២៦ឆ្នាំ ជាកម្មករ មានលំនៅ ភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (ខាតបង់ទឹកប្រាក់ចំនួន១៥ម៉ឺនរៀល)។ ទី២-ឈ្មោះជាន ដេត ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករ មានលំនៅ ភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (ខាតបង់ទឹកប្រាក់ចំនួន១៥ម៉ឺនរៀល)។ ទី៣-ឈ្មោះស៊ី សៅនី ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មករ មានលំនៅ ភូមិចក ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (ខាតបង់ទឹកប្រាក់ចំនួន ១៥ម៉ឺនរៀល)។ ទី៤-ឈ្មោះផាន់ សម្បូរ ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករ មានលំនៅ ភូមិពាម្រះ ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ ឆ្នាំង (ខាតបង់ទឹកប្រាក់ចំនួន១៥ម៉ឺន រៀល)។ ទី៥-ឈ្មោះស៊ឺ សុណាង ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករ មានលំនៅ ភូមិពាម្រះ ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (ខាតបង់ទឹកប្រាក់ចំនួន១៥ម៉ឺនរៀល)។ ទី៦-ឈ្មោះជាន គាលី ភេទស្រី អាយុ២២ឆ្នាំ ជាកម្មករ មានលំនៅ ភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (ខាតបង់ទឹកប្រាក់ចំនួន១៥ម៉ឺនរៀល) និងទី៧-ឈ្មោះវ៉ាន សុចាន់ ភេទស្រី អាយុ២២ឆ្នាំ ជាកម្មករ មានលំនៅ ភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (ខាតបង់ទឹកប្រាក់ចំនួន១៥ម៉ឺនរៀល)។ ជនរងគ្រោះទាំង៧នាក់ បានចាញ់បោកទឹកប្រាក់ អស់សរុបចំនួន ១លាន៥ម៉ឺនរៀល។ ចំណែកពលករនិងកម្មករ ចំនួន២៣នាក់ (ស្រី១១នាក់) ផ្សេងទៀត ដែលមកដាក់ពាក្យរកការងារធ្វើ នៅចំណុចកើតហេតុនោះដែរ ប៉ុន្តែពុំទាន់បានបង់ប្រាក់លើសេវាផ្សេងៗនៅឡើយទេ ព្រោះដោយមាន ការអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចទាន់ពេល ហើយពលករ បានត្រឡប់ទៅស្រុកកំណើតវិញរៀងៗខ្លួន។
ចំណែកជនសង្ស័យ មានចំនួន៧នាក់ (ស្រី២នាក់) ឃាត់ខ្លួនម្នាក់ (ភេទប្រុស) រួមមាន ទី១-ឈ្មោះនួន រតនៈ ភេទប្រុស អាយុ២១ឆ្នាំ ជាបុគ្គលិក ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល (ឃាត់ខ្លួន)។ ទី២-ឈ្មោះរិន ភារៈ ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកគ្រប់គ្រង ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាមេខ្លោង កំពុងគេចខ្លួន)។ ទី៣-ឈ្មោះអៀង ឈុនលៀង ភេទប្រុស អាយុ៤២ឆ្នាំ ជាអ្នកផ្សព្វផ្សាយ ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាមេខ្លោង កំពុងគេចខ្លួន)។ ទី៤-ឈ្មោះអេន ភិរម្យ ភេទប្រុស អាយុ២៩ឆ្នាំ ជាបុគ្គលិក ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (គេចខ្លួន)។ ទី៥-ឈ្មោះគ្រីយ៉ា សារ៉ី ភេទប្រុស អាយុ២២ឆ្នាំ ជាបុគ្គលិក ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (គេចខ្លួន)។ ទី៦-ឈ្មោះអូ សូនីតា ភេទស្រី អាយុ១៧ឆ្នាំ ជាបុគ្គលិក ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (គេចខ្លួន) និងទី៧-ឈ្មោះថុល គីមហ័ង ភេទស្រី អាយុ២២ឆ្នាំ ជាបុគ្គលិក ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (គេចខ្លួន)។
ប្រភពដដែល បន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ជនរងគ្រោះបានលេងហ្វេសប៊ុក ក៏ឃើញផេករបស់ក្រុមជនសង្ស័យ ដែលមានឈ្មោះ “ប្រព័ន្ធដោះស្រាយការងារ” បានផុសជ្រើសរើសកម្មករធ្វើការងារ ដោយភ្ជាប់ជាមួយលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងផងដែរ រួចហើយជនរងគ្រោះបានទាក់ទងតាមលេខទូរស័ព្ទ (០៧១ ៤៦ ៥៦ ៤១៦) ដើម្បីសួរនាំពីព័ត៌មានអំពីការងារ។
លុះដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រុមជនរងគ្រោះ បានចេញពីស្រុកកំណើតរបស់ខ្លួនឡើងទៅដល់ទីតាំងចំណុចកើតហេតុ ពេលមកដល់ បក្ខពួកជនសង្ស័យ បានសម្ភាសន៍ក្រុមជនរងគ្រោះ ម្នាក់ម្តងៗ រួចក៏បានទារថ្លៃឯកសារ ពីក្រុមជនរងគ្រោះ ក្នុងម្នាក់ ចំនួន៥ម៉ីនរៀល។ បន្ទាប់មក ជនសង្ស័យឈ្មោះថុល គីមហ័ង បាននាំក្រុមជនរងគ្រោះ ទៅទីតាំងរោងចក្រ ដែលត្រូវធ្វើការ ស្ថិតនៅទឹកដីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រោយពេលចេញពីរោងចក្រ ជនសង្ស័យឈ្មោះថុល គីមហ័ង បានបន្តជូនក្រុមជនរងគ្រោះ ទៅជួលផ្ទះដែលនៅក្បែរនោះរោងចក្រនោះ ក្រោយមក ជនសង្ស័យឈ្មោះថុល គីមហ័ង បានតម្រូវឱ្យក្រុមជនរងគ្រោះ បង់ប្រាក់កក់ ចំនួន២០ម៉ឺនរៀល និងប្រាក់ប្រចាំខែ ចំនួន៤៨ម៉ឺនរៀល។ ពេលនោះ ក្រុមជនរងគ្រោះ បានរៃលុយឱ្យទៅជនសង្ស័យ ឈ្មោះថុល គីមហ័ង បន្ថែមទៀត។ លុះដល់ព្រឹកថ្ងៃទី៧ខែឆ្នាំដដែល វេលាម៉ោង ៦និង៣០នាទី ក្រុមជនរងគ្រោះ បានទៅដល់ទីតាំងរោងចក្រដែលត្រូវធ្វើការ ស្រាប់តែខាងរដ្ឋបាលរោងចក្រ អនុញ្ញាតឱ្យជន រងគ្រោះធ្វើការ តែ២នាក់ប៉ុណ្ណោះ។ ពេលនោះ ក្រុមជនរងគ្រោះ បានទាក់ទងទៅជនសង្ស័យឈ្មោះថុល គីមហ័ង ដើម្បីសួរនាំ តែទាក់ទងពុំបានឡើយ រួចក្រុមជនរងគ្រោះ បានត្រឡប់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន តែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះនួន រតនៈ បានឆ្លើយថា ខ្លួននិងបក្ខពួក បានបើកទីតាំងចុះឈ្មោះទទួលពាក្យសុំធ្វើការខាងលើ រយៈពេល៤ខែមកហើយ។ ជារៀងរាល់ថ្ងៃ កម្មករដែលមកដាក់ពាក្យសុំធ្វើការងារនៅកន្លែងរបស់ខ្លួន ភាគច្រើនជាពលករចំណាកស្រុក ដែលត្រឡប់មកពីប្រទេសថៃ និងប្រទេសម៉ាឡេស៊ី។ ក្រោយពីខ្លួនបានឱ្យពាក្យទៅកម្មករ ក្រុមកម្មករ ត្រូវបំពេញបែបបទដាក់ពាក្យ រួចហើយត្រូវបង់ថ្លៃឯកសារ ចំនួន៥ម៉ឺនរៀល ទើបក្រុមការងារខ្លួនបែកចែកឱ្យទៅធ្វើការនៅតាមទីតាំងរោងចក្រនានា។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចចាត់ការតាមច្បាប់ និងកំពុងស្រាវជ្រាវតាមចាប់បក្ខពួកនៅសេសសល់បន្តទៀត៕