ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានកាន់កាំបិតផ្គាក់ស្ទាក់ផ្លូវស្ត្រីម្នាក់ ដែលកំពុងជិះម៉ូតូ រួចគំរាមកាប់ ធ្វើឱ្យស្ត្រីរងគ្រោះភ័យ រត់ចោលម៉ូតូ។ ចំណែកជនសង្ស័យបានជិះម៉ូតូស្ត្រីរងគ្រោះ រត់គេច និងយកទៅលក់បានប្រាក់ជាង២០០ដុល្លារ ទិញថ្នាំញៀនជក់ លេងល្បែង និងដើរស៊ី ចាយអស់ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ក្របួចជាប់ ខណៈបក្ខពួកម្នាក់ទៀត ដែលជាអ្នកទទួលផលចោរកម្ម បានរត់គេចខ្លួនបាត់។

ករណីកាប់ប្លន់ម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ស្ថិតនៅក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង។ រហូតមកដល់វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់។
ជនសង្ស័យ មានចំនួន២នាក់ រួមមាន ទី១-ឈ្មោះស៊្រាន សារ៉ែន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិរកា ក្រោម ឃុំខ្ពប ស្រុកស្អាង (ឃាត់ខ្លួន មានសារធាតុញៀនវិជ្ជមាន )។ ជននេះធ្លាប់ជាប់ ពន្ធនាគារខេត្តកណ្តាល ចំនួន១លើក រយៈពេល៣ឆ្នាំ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសាធាតុញៀន និងទី២-ឈ្មោះសម្បត្តិ សុខនី ហៅម៉ុយ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ជាអ្នកទទួលផលចោលកម្ម (រត់គេចខ្លួន)។ ចំពោះវត្ថុតាងចាប់យក រួមមាន ១-ទូរស័ព្ទ ចំនួន ១គឿង ម៉ាក oppo ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះរកឃើញវិញ)។ រីឯសម្ភារៈបាត់បង់ ១-ម៉ូតូ ចំនួន១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GX-16 35 ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះប៊ូ ស៊ាប ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង។ ២-ទូរស័ព្ទ ចំនួន១គ្រឿង ម៉ាក oppo ពណ៌ខ្មៅ (យកបានមកវិញ)។ ៣-កាតធនាគារអេស៊ីលីដា ចំនួន១សន្លឹក។ ៤-កាបូបស្ពាយពណ៌ខ្មៅ ចំនួន១។ ៥-ប្រាក់ ចំនួនួន ៦ម៉ឺនរៀល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ស្ត្រីរងគ្រោះបានជិះម៉ូតូខាងលើចេញពីផ្ទះរបស់ខ្លួននៅភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ដើម្បីយកបបរ ទៅឱ្យម្តាយ នៅឯផ្ទះ ស្ថិតនៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ពេលជិះម៉ូតូមកដល់ផ្ទះម្តាយ ស្រាប់តែជនសង្ស័យបានកាន់កាំបិតផ្គាក់ស្ទុះមករកជនរងគ្រោះ ដោយមានការភ័យខ្លាច ជនរង គ្រោះ បានរត់ចេញពីម៉ូតូ ហើយជនសង្ស័យបានជិះម៉ូតូរបស់ជនរងគ្រោះ គេចខ្លួនបាត់។
ប្រភពដដែល បន្តថា ពេលទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប បានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ ដើម្បីកំណត់មុខសញ្ញា។ រហូតមកដល់វេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប កំណត់មុខសញ្ញាបាន និងឃាត់ខ្លួនជនសង្ស័យឈ្មោះស៊្រាន សារ៉ែន យកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះស៊្រាន សារ៉ែន បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតផ្គាក់គំរាមប្លន់យកម៉ូតូជនរងគ្រោះប្រាកដមែន។ ចំណែកម៉ូតូខាងលើ ខ្លួនបានយកទៅលក់ឱ្យឈ្មោះសម្បត្តិ សុខនី ហៅម៉ុយ (កំពុងគេចខ្លួន) បានប្រាក់ចំនួន ២១៥ដុល្លារ យកទៅទិញគឿងញៀន យកមកប្រើប្រាស់ និងយកទៅលេងល្បែងស៊ីសង ជល់មាន់ តាមអនឡាញ អស់ហើយ។

ជនសង្ស័យខាងលើ ត្រូវបានឃាត់នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕