Sunday, August 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធប្តឹងប៉ូលិសចាប់ប្តី វ៉ៃ---/ក្បាល១ចាន គំរាមសម្លាប់

ប្រពន្ធប្តឹងប៉ូលិសចាប់ប្តី វ៉ៃ—/ក្បាល១ចាន គំរាមសម្លាប់

ខេត្តកណ្តាល ៖ បុរសជាប្តីកំណាចម្នាក់ តែងបង្ករឿង វាយដំប្រពន្ធជាញឹកញាប់ រហូតដល់ប្រើចានវាយក្បាលប្រពន្ធ បណ្តាលឱ្យពកក្បាល រងរបួស និងថែមទាំងគំរាមសម្លាប់ប្រពន្ធទៀត ធ្វើឱ្យស្ត្រីរងគ្រោះជាប្រពន្ធ ទ្រាំលែងបាន ក៏សម្រេចប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ចាប់វាយខ្នោះប្តីកំណាច យកទៅចាត់ការតាមច្បាប់។ករណីអំពើហិង្សាក្នុងគ្រួសារនិងគំរាមសម្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៤០នាទីរសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិស្វាយពុំត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ។

ស្ត្រីរងគ្រោះ ជាប្រពន្ធមានឈ្មោះកែវ វណ្ណឌី អាយុ២៤ឆ្នាំ មុខរបរកសិករ ។ ចំណែកជនដៃដល់ជាប្តី មានឈ្មោះផាន ពេជ្រ អាយុ៣១ឆ្នាំ មុខរបរកសិករ (មានសារធាតុញៀន)។ ប្តីប្រពន្ធ អ្នកទាំងពីរ មានលំនៅ ភូមិស្វាយពុំត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ។ ចំពោះវត្ថុតាងចាប់យក រួមមាន កាំបិតប៉័ងតោផ្លែដែកដងឈើ ចំនួន១ និងអំបែងចាន មួយចំនួន ។

តាមការបំភ្លឺរបស់ស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាង (ជនសង្ស័យ) ឱ្យតែប្រើប្រាស់ថ្នាំ ញៀនរួច គឺតែងតែរករឿងវាយធ្វើបាបនាងជាប្រពន្ធ ជាញឹកញាប់ តែនាងមិនដែលមកដាក់ពាក្យបណ្តឹង ម្តង ណាទេ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ប្តីកំណាច រូបនេះ បានជិះម៉ូតូទៅយកនាងចេញពីធ្វើការវិញមកដល់ផ្ទះ តែមិនដឹងជាមានមូលហេតុអ្វី ស្រាប់តែពេលមកដល់ បានមកស្រែករករឿង ដោយចោទប្រកាន់នាងថា លួចលាក់មានប្រុសសហាយ រួចស្ទុះទៅទាញចានបាយថ្ម មកវាយក្បាលនាង បណ្តាលឱ្យពក និងបែកចានបាយតែម្តង។

ស្ត្រីរងគ្រោះជាប្រពន្ធ បន្តថា បន្ទាប់មក នាងមានការភ័យខ្លាចប្តីវាយដំថែមទៀត ទើបនាងបានស្ទុះរត់ចេញមកក្រៅផ្ទះ ទៅពួននៅផ្ទះអ្នកជិតខាង ស្រាប់តែជនសង្ស័យជាប្តី បានដើររកនាង ដោយក្នុងដៃមានកាន់កាំបិតប៉័ងតោ រួចស្រែកគំរាមថា “បើអញរកឃើញ អញនឹងកាប់អ្ងែងឱ្យងាប់…”។

ដោយសារតែអស់ការស៊ូទ្រាំ និងដោយខ្លាចប្តីសម្លាប់ ទើបស្ត្រីរងគ្រោះ សម្រេចចិត្តដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកោះអន្លង់ចិន ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាប្តី យកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាប្តីកំណាចខាងលើ បានឆ្លើយសារភាពថា ក្រោយពេលខ្លួនប្រើប្រាស់ថ្នាំញៀនរួច គឺខ្លួនពិតជាបានយកចានបាយថ្ម វាយក្បាលប្រពន្ធ និងគំរាមសម្លាប់ប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES