ខេត្តកំពង់ធំ ៖ ទីតាំងហាងស៊ុប មួយកន្លែង បានលួចលាក់បង្កប់សេវាបម្រើផ្លូវភេទ ដោយមានក្មេងស្រីមិនទាន់គ្រប់អាយុ រង់ចាំទទួលភ្ញៀវ ត្រូវបានកម្លាំងការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ឆ្មក់ចុះបង្ក្រាបជាក់ស្តែង រកឃើញមានវត្ថុតាង ស្រោមអនាម័យ មួយចំនួន និងឈានដល់ការឃាត់ខ្លួនថៅកែហាង ២នាក់ប្តីប្រពន្ធ ហើយរំដោះបានក្មេងស្រីរងគ្រោះ ចំនួន ៥នាក់។

ប្រតិបត្តិការបង្ក្រាបហាងស៊ុបលួចបង្កប់សេវាផ្លូវភេទនេះ បានធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅចំណុចហាងស៊ុបមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងឫស្សី ឃុំក្រយា ស្រុកសន្ទុក។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរ បាលខេត្ត និងមានការសម្របសម្រួលពីលោកពៅ សម្បូរណ៍ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ត្រី កង កូយ ស្នង ការរង ផែនការងារប្រឆាំងការជួញដូរមនុស្សនិងយេនឌ័រ បានដឹកនាំកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ចុះបង្ក្រាបករណីសញ្ចារកម្ម ១ករណី ដែលជ្រកក្រោមស្លាកហាងស៊ុប មួយកន្លែង មានទីតាំងស្ថិតក្នុងភូមិត្រពាំងឫស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកស្រីឧត្តមសេនីយ៍ត្រី កង កូយ ស្នងការរង បានបញ្ជាក់ថា ជាលទ្ធផលនៃកិច្ចប្រតិបត្តិការខាងលើ សមត្ថ កិច្ចជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ (ស្រី១នាក់) ដែលជាម្ចាស់ទីតាំង ព្រមទាំងរំដោះជន រងគ្រោះ បានចំនួន៥នាក់ (ភេទស្រី) ក្នុងនោះមានអនីតិជនចំនួន៣នាក់។

ករណីខាងលើនេះ សមត្ថកិច្ចជំនាញ បានរៀបចំកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង២នាក់ ទៅកាន់សាលាដំបូងសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
