ខេត្តតាកែវ ៖ ក្មេងទំនើងឈាមរាវ ១ក្រុម មានគ្នាប្រមាណ២០នាក់ ជិះម៉ូតូប្រមាណ១០គ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ កាំបិតផ្គាក់ និងកាំបិតប៉័ងតោ បានធ្វើសកម្មភាពដេញតាមកាប់ យុវជនម្នាក់ទាំងកំរោល ធ្វើឱ្យជន រងគ្រោះភិតភ័យផ្តួលម៉ូតូចោល រួចរត់គេចខ្លួន ចំណែកក្រុមជនដៃដល់ បានព្រួតកាប់បំផ្លាញម៉ូតូជនរងគ្រោះ បណ្តាលឱ្យខូចខាតយ៉ាងដំណំ លុះក្រោយមក ក៏ត្រូវកម្លាំងសមត្ថកិច្ចចុះស្រាវជ្រាវឃាត់ខ្លួន បានចំនួន៥នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទី រសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅតាមបណ្តោយដងផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤ ស្ថិតក្នុងភូមិត្រាំខ្នារ ឃុំសូរភី ស្រុកបាទី។
ក្រុមក្មេងទំនើងដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនទាំង៥នាក់ រួមមាន ទី១-ឈ្មោះរឿន ដាវីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ រោងចក្រ រស់នៅភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី (ជាមុខសញ្ញាក្មេងទំនើង)។ ទី២-ឈ្មោះណាន់ ណេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ រោចក្រ រស់នៅភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី (ជាមុខសញ្ញាក្មេងទំនើង)។ ទី៣-ឈ្មោះវន នីកូ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅ ភូមិត្រពាំងទឹម ឃុំត្រ ពាំងសាប ស្រុកបាទី (ជាមុខសញ្ញាក្មេងទំនើង)។ ទី៤-ឈ្មោះជី ប៊ុនសាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោចក្រ រស់នៅភូមិព្រេច ឃុំត្រពាំងសាប ស្រុកបាទី (ជាមុខសញ្ញាក្មេងទំនើង) និងទី៥-ឈ្មោះរ៉ា រដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោចក្រ រស់នៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី (ជាមុខសញ្ញាក្មេងទំនើង)។ ចំណែកម៉ូតូដែលក្រុមជនដៃដល់ព្រួតកាប់កម្ទេច ម៉ាកស៊ុយ ស៊ូគី និច ពណ៌ក្រហម-ស ពាក់ ស្លាកលេខ ភ្នំពេញ 1LD-9576 ជារបស់ជនរងគ្រោះឈ្មោះអៀង មាស ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងពោធិ៍ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ករណីហិង្សា ខាងលើបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ១ក្រុម មានគ្នាប្រមាណ ជាង២០នាក់ ប្រើប្រាស់មធ្យោបាយធ្វើដំណើរម៉ូតូប្រមាណជាង១០គ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ កាំបិតផ្គាក់ និងកាំបិតប៉័ងតោ បានធ្វើ សកម្មភាពដេញកាប់ទៅលើជនរងគ្រោះឈ្មោះអៀង មាស ដែលកំពុងជិះម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ូគីនិច ពណ៌ក្រហម-ស ពាក់ស្លាកលេខ ភ្នំពេញ 1LD-9576 ធ្វើដំណើរតាមបណ្តោយដងផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់កន្លែងកើតហេតុខាងលើ ក៏ស្រាប់តែក្រុមជន សង្ស័យបានធ្វើសកម្មភាពដេញតាមទាន់ ធ្វើឱ្យជនរងគ្រោះ ភិតភ័យក៏បានផ្តួលម៉ូតូរត់។
ភ្លាមនោះក្រុមជនសង្ស័យខាងលើក៏បានកាប់បំផ្លិចបំផ្លាញម៉ូតូរបស់ជនរងគ្រោះ បណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ។ ក្រោយធ្វើសកម្មភាព ក្រុមជនសង្ស័យខាងលើនាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួនបាត់អស់ដោយសុវត្ថិភាព។
លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានបញ្ជាក់ប្រាប់ថា ដោយមានការចង្អុលបង្ហាញពី លោកឧត្តម សេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពីលោកឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តតាកែវ និងដឹកនាំបញ្ជាផ្ទាល់ពីរូបលោក នៅថ្ងៃដដែលនោះ កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការ ស៊ើបអង្កេតស្រាវជ្រាវឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់បានចំនួន៥នាក់ (១-ឈ្មោះរឿន ដាវិត ២-ឈ្មោះណាន់ ណេត ៣-ឈ្មោះវន នីកូ ៤-ឈ្មោះជី ប៊ុនសាក់ ៥-ឈ្មោះរ៉ា រដ្ឋា) ព្រមទាំងដកហូតវត្ថុតាងមធ្យោបាយម៉ូតូជិះធ្វើសកម្មភាពម៉ូតូ បានចំនួន៣គ្រឿង និងដាវសាមូរ៉ៃ ចំនួន១ដើម កាំបិតប៉័ងតោ ចំនួន១ដើម យកមកអធិការ ដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ។

ជនសង្ស័យទាំង៥នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕