Wednesday, August 20, 2025
Homeសេដ្ឋកិច្ចជាតិគម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន៤១ភាគរយ

គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន៤១ភាគរយ

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សាងសង់បាន៤១ភាគរយ នៃផែនការសាងសង់៤២ខែ ដោយមិនយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ហើយម្រោងនេះត្រៀមបញ្ចប់នៅដើមឆ្នាំ២០២៨ ខាងមុខ។

លោក ផន រឹម បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ថា ស្ពាននេះបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកវ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។ ពេលនេះការដ្ឋានកំពុងសម្រុកខ្លាំង ដោយគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេស ប្រកបដោយគុណភាព និងសោភណភាព។

អង្គភាពគ្រប់គ្រងគម្រោងបានពន្លឿនការងារសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ១ និងបន្តពង្រឹងសុវត្ថិភាពការងារ ដោយហេតុថា រដូវវស្សា ទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំដោយបំពាក់បន្ថែមពោងសុវត្ថិភាពលើទឹក ធានាពីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូន តាមផ្លូវទឹក ឆ្លងទីតាំងការដ្ឋាននោះ។

លោក ផន រឹម បានបន្ថែមថា បច្ចុប្បន្នការងារស្ពានផ្នែកខាងកើតស្ពាន សម្រេចបានផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ ៦១,៥០ភាគរយ ក្នុងនោះសសរគ្រឹះ ចំនួន ១៥៦ដើម សម្រេចបាន១៣៧ដើម ២០ជើងតាង សម្រេចបានចំនួន៩ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន៨ធ្នឹម។ រចនាសម្ព័ន្ធក្រោមស្ពាន សម្រេចបាន ២៦,១២ភាគរយ រួមមាន តួសសរស្ពាន១២ សម្រេចបាន ៦សសរ សសរស្ពាន៥២ សម្រេចបាន២៤ និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពានចំនួន៣៤ សម្រេចបាន ១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

ពេលសាងសង់រួចស្ពាននេះរួច នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ។ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញ ប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភ័ស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ៕

RELATED ARTICLES