
ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានវេទិកាសន្តិភាពកម្ពុជា លោកបណ្ឌិត សួន សេរីរដ្ឋា បានលើកឡើងថា ដោយរៀនសូត្រពីសង្គ្រាមឈ្លានពានរបស់សៀម មកលើកម្ពុជា លើកនេះ កម្ពុជា គួររៀបចំឲ្យមានច្បាប់មួយ ដើម្បីលើកកម្ពស់ការប្រើប្រាស់ធនធានមនុស្សក្នុងស្រុក និងកម្លាំងពលកម្មក្នុងស្រុក នោះគឺកំណត់ឲ្យក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសដែលមករកស៊ីនៅក្នុងស្រុកខ្មែរ ត្រូវតែប្រើប្រាស់ធនធានមនុស្ស និងកម្លាំងពលកម្មក្នុងស្រុកទាំងអស់ លើកលែងតែអ្នកបច្ចេកទេសនិងកម្មករឯកទេស អាចយកពីក្រៅប្រទេស មកបាន ។
លោកបណ្ឌិត សួន សេរីរដ្ឋា បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ដោយរៀនសូត្រពីសង្គ្រាមឈ្លានពានរបស់សៀម មកលើកម្ពុជា លើកនេះ កម្ពុជា គួររៀបចំឲ្យមានច្បាប់មួយ ដើម្បីលើកកម្ពស់ការប្រើប្រាសធនធានមនុស្សក្នុងស្រុក និងកម្លាំងពលកម្មក្នុងស្រុក នោះគឺកំណត់ឲ្យក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសដែលមករកស៊ីនៅក្នុងស្រុកខ្មែរ ត្រូវតែប្រើប្រាសធនធានមនុស្ស និងកម្លាំងពលកម្មក្នុងស្រុកទាំងអស់ លើកលែងតែអ្នកបច្ចេកទេសនិងកម្មករឯកទេស… ។ តួនាទីដែលត្រូវតែរើសធនធានមនុស្សក្នុងស្រុកនោះ រួមមាន ៖ CEO, GM, HR, AM, CPA, AC ជំនួយការគ្រប់ប្រភេទ និង Workers or Assemblers ក្រៅពីនោះ ចំពោះអ្នកបច្ចេកទេស និងពលករឯកទេស អាចជួលបរទេស មកធ្វើការបាន បើធនធានមនុស្សក្នុងស្រុក មិនទាន់មាន ។ បើច្បាប់ដែលខ្ញុំចង់ឲ្យមាននេះ មានរួចហើយ គួរជំរុញការអនុវត្តឲ្យបានពេញលេញ ដើម្បីលើកទឹកចិត្តធនធានមនុស្សក្នុងស្រុកផង និងដើម្បីកាត់បន្ថយការចំណាកស្រុករបស់ប្រជាជនខ្មែរ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត សួន សេរីរដ្ឋា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ថា ជុំវិញបញ្ហាដែលលោកបានលើកឡើងខាងលើនេះ លោកស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ ពិនិត្យមើលឡើងវិញ លើច្បាប់ដែលផ្ដល់ការងារឲ្យជនបរទេស និងផ្ដល់ការងារឲ្យពលរដ្ឋ ដែលពីមុនបានកំណត់ ១០% អាចជួលបរទេស និង៩០% ជួលខ្មែរ មកជាការធ្វើវិសោធនកម្ម កែពីកូតា ១០% និង៩០% នេះ ទៅជាកំណត់តួនាទីណាដែលត្រួវជួលបរទេស? ហើយតួនាទីណាត្រូវទុកឲ្យខ្មែរ ជាអ្នកធ្វើការ? និងត្រូវពិនិត្យជំរុញឲ្យសហគ្រាស ក្រុមហ៊ុនក្នុងស្រុកទាំងអស់ អនុវត្តច្បាប់នេះឲ្យបានល្អ មិនមែនចេះតែស្នើសុំជួលជនបរទេសរហូត ហើយបំភ្លេចចោលនូវធនធាន សមត្ថភាពរបស់ខ្មែរក្នុងប្រទេសទេ គឺត្រូវចូលរួមជាមួយនឹងរាជរដ្ឋាភិបាល នៅក្នុងការប្រើប្រាស់មូលធនមនុស្ស និងធនធានមនុស្ស ឲ្យសមប្រកបតាមសមត្ថភាព និងចំណេះដឹងរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងប្រទេស ។

លោកបណ្ឌិត សួន សេរីរដ្ឋា បានមានប្រសាសន៍ថា “បាទ! ដូចយើងបានឃើញហើយ គឺតម្រូវការទីផ្សារការងារនៅក្នុងប្រទេសកម្ពុជា របស់យើង គឺមានកម្រិតខ្ពស់ តាមរយៈគោលនយោបាយលើកទឹកចិត្តនិងសម្បទានចំពោះវិនិយោគទុនបរទេស ក៏ដូចជាអ្នកវិនិយោគទុននៅក្នុងស្រុក នៅក្នុងការប្រកាបមុខរបរ ឬក៏ចូលមកវិនិយោគវិស័យណាមួយដែលចាំបាច់ ។ ឧទាហរណ៍ដូចជាកសិកម្ម ឧស្សាហកម្ម សេវាកម្ម និងសំណង់ គឺវិស័យទាំង៤នេះ កំពុងរីកដុះដាល ហើយត្រូវការការងារច្រើនមែនទែននៅក្នុងប្រទេសកម្ពុជា របស់យើង ប៉ុន្តែយើងចោទជាសំណួរសួរវិញថា បើសិនជាយើងត្រូវការនូវកម្លាំងពលកម្ម ហើយការងារច្រើនយ៉ាងនេះ តើមូលហេតុអ្វីបានជាប្រជាពលរដ្ឋរបស់យើង គាត់មិនទទួលបានដំណឹងអំពីការងារនៅក្នុងប្រទេស ហើយគាត់ចេះតែសម្រុកចេញទៅរកការងារនៅក្រៅប្រទេស កន្លងមក ជាពិសេស រកការងារនៅប្រទេសថៃ ប្រទេសជិតខាងយើងហ្នឹងតែម្ដង ។ អានេះគឺជាសំណួរដែលយើងត្រូវតែធ្វើការគិតពិចារណា និងសិក្សារកហេតុផល ។ ហេតុផលនោះ គឺទី១ ប្រជាពលរដ្ឋរបស់យើង អត់បានដឹងថា ក្នុងប្រទេសរបស់យើងហ្នឹង មានការងារខ្ពស់ជាងទៅធ្វើការងារនៅក្រៅប្រទេសនោះទេ ។ ឧទាហរណ៍ការងារសំណង់ ក្នុងប្រទេសរបស់យើង មានតម្លៃថ្លៃជាងនៅក្រៅប្រទេសផង កម្មករសំណង់ធម្មតា តិចបំផុត ក៏៤ម៉ឺន ទៅ៥ម៉ឺន៥ពាន់រៀលដែរ ក្នុង១ថ្ងៃ ប៉ុន្តែក្នុងប្រទេសថៃ បានតែ ៣០០បាតទេ ក្នុង១ថ្ងៃ ។ អ៊ីចឹងបានថា កង្វះខាតក្នុងការផ្សព្វផ្សាយអំពីទីផ្សារការងារដល់ប្រជាពលរដ្ឋនេះ គឺជារឿងសំខាន់ ។ អ៊ីចឹងយើងត្រូវតែមានការតម្រែតម្រង់ទិស ដើម្បីប្រើប្រាស់ធនធានពលករ កម្មកររបស់យើង នៅក្នុងប្រទេសហ្នឹងឲ្យអស់លទ្ធភាព ជាពិសេសគឺធនធានមនុស្សរបស់យើងហ្នឹង ហើយខ្ញុំមើលឃើញមួយទៀត គឺវាពាក់ព័ន្ធទៅនឹងតួនាទីការងារនៅក្របខ័ណ្ឌក្រុមហ៊ុនក៏ដោយ នៅក្នុងកន្លែងរោងចក្រឧស្សាហកម្មផ្សេងៗទៀតក៏ដោយ គឺតួនាទីការងារនេះ គឺយើងត្រូវតែមានច្បាប់មួយកំណត់កូតាការងារ ថាតើប្រភេទការងារណាដែលត្រូវជួលបរទេសឲ្យមកធ្វើការ? ហើយប្រភេទការងារណាដែលតម្រូវតែប្រើប្រាស់ធនធានពលករ និងធនធានមនុស្សនៅក្នុងប្រទេស? ពីព្រោះបើនិយាយពីធនធានមនុស្សនៅក្នុងប្រទេស យើងមានការបណ្ដុះបណ្ដាលច្រើនណាស់ អំពីថ្នាក់ដឹកនាំ ដូចជាថ្នាក់ CEO ដូចជាថ្នាក់ General Manager ដូចជាថ្នាក់ account manager ដូចជាថ្នាក់ជំនួយការផ្នែក Manger ឬក៏ជំនួយការផ្នែក accounting ឬក៏កិច្ចការងារផ្សេងៗ ដែលមហាវិទ្យាល័យ ដែលសកលវិទ្យាល័យក្នុងប្រទេសរបស់យើង បានបណ្ដុះបណ្ដាលធនធានទាំងអស់នោះហើយ ។ អ៊ីចឹងតួនាទីការងារទាំងប៉ុន្មានដែលបានរៀបរាប់ខាងលើនេះ យើងមិនគួរនឹងជួលជនបរទេស ឲ្យមកធ្វើការនៅក្នុងប្រទេសកម្ពុជា របស់យើង ដែលដណ្ដើមទីផ្សារការងាររបស់ខ្មែរ ទៀតទេ យើងជួលតែជនបរទេសណាដែលទៅលើកូតាការងារចាំបាច់។ ឧទាហរណ៍ដូចជាពលករផ្នែកឯកទេស ឬក៏ជាអ្នកបច្ចេកទេសតែម្ដង ពីព្រោះអ្នកបច្ចេកទេស ឬពលករឯកទេសនេះ យើងអាចខ្វះខាត ក៏ប៉ុន្តែធនធានផ្សេងទៀត គឺយើងមាន តែយើងត្រូវប្រើធនធានដែលយើងមាននៅក្នុងប្រទេស ពីព្រោះក្រុមហ៊ុនខ្លះ គាត់នៅប្រើ CEO បរទេស ក្រុមហ៊ុនខ្លះ គាត់នៅប្រើ General Manager បរទេស ក្រុមហ៊ុនខ្លះ គាត់នៅប្រើ accounting manager បរទេស គាត់ប្រើ Assistance accounting ឬក៏ assistance manager ឬ manager បរទេសទាំងអស់ ដែលការងារនេះ គឺខ្មែរយើងមានធនធានមនុស្សធ្វើបាន ចេញពីសាកលវិទ្យាល័យ ចេញពីមហាវិទ្យាល័យ ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មួយគំនរ ដែលត្រូវទទួលការងារនេះ បែរទៅជាមិនទទួលការងារនេះ ហើយផ្ដល់តួនាទីការងារនេះទៅឲ្យជនបរទេសទៅវិញ ។ អាហ្នឹងគឺជាការបាត់បង់ទីផ្សារតួនាទីការងាររបស់ធនធាននៅក្នុងប្រទេស ហើយចំពោះពលករដែលប្រើកម្លាំងពលកម្ម អាហ្នឹងក៏យើងត្រូវធ្វើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយើងដឹងច្បាស់ថា គាត់អត់មានជាកម្មករជំនាញ កម្មករបច្ចេកទេស គាត់ប្រើកម្លាំងនោះ គាត់មិនចាំបាច់ទៅរកការងារនៅប្រទេសថៃ នៅប្រទេសជិតខាងយើងទៀតទេ គឺគាត់ត្រូវតែធ្វើការនៅក្នុងប្រទេសរបស់យើង ហើយការងារនៅក្នុងប្រទេសរបស់យើង វាប្រសើរជាងត្រង់អី? ទី១ យើងមិនចាំបាច់ apply សុំវីសាការងារទៅធ្វើការប្រទេសគេ អស់លុយអស់កាក់ទេ។ ទី២ យើងមិនបាច់ធ្វើដំណើរឆ្លងដែន អស់លុយច្រើនទេ។ ទី៣ គឺពលករដែលធ្វើការនៅក្នុងប្រទេសកម្ពុជា ទាំងក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធទាំងអស់ គឺរដ្ឋាភិបាល បានលើកទឹកចិត្តឲ្យផ្ដល់នូវក្របខ័ណ្ឌ ប.ស.ស ដែលជាគោលនយោបាយសម្រាប់ផ្ដល់ពេលដែលឈឺ ទៅពេទ្យពិនិត្យព្យាបាល មិនអស់ថវិកា ហើយក៏បានទទួលបា្រក់ចូលនិវត្តន៍ ដូចមន្រ្តីរាជការដែរ នៅក្នុងក្របខ័ណ្ឌ ប.ស.ស នេះ ។ អ៊ីចឹងកន្លែងហ្នឹង ដែលយើងត្រូវតែផ្សព្វផ្សាយពន្យល់ឲ្យប្រជាពលរដ្ឋយើង ដែលជាពលករប្រើកម្លាំងហ្នឹង គាត់ដឹងថា នៅក្នុងប្រទេស មានការងារធ្វើដូចគាត់ចេញទៅរកនៅក្រៅប្រទេសដែរ ហើយវាមានផលប្រយោជន៍ផ្សេងៗទៀតច្រើនលើសអំពីគាត់ចេញទៅក្រៅប្រទេស ហើយកាត់ចំណាយក៏ច្រើនទៀត ។ ឧទាហរណ៍ថា បុណ្យភ្ជុំ ចូលឆ្នាំ ម្ដងម្កាល ពេលគាត់ចង់ជួបជុំគ្រួសារ គាត់មិនបាច់ធ្វើដំណើរឆ្លងប្រទេស ទៅវិញទៅមកអស់លុយច្រើន ហើយនៅវ៉ៃប៉ាស្ព័រ វ៉ៃអីពិបាកទេ គឺក្នុងប្រទេសរបស់យើងអាចធ្វើដំណើរដោយទូលំទូលាយ ដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ ។ អ៊ីចឹងទស្សនៈដែលខ្ញុំលើកឡើង គឺផ្ដោតទៅលើហ្នឹង គឺថាយើងត្រូវតែមានច្បាប់មួយ ដើម្បីកំណត់កូតាការងារ ។ កំណត់កូតាការងារ ថាការងារណាសម្រាប់ជនបរទេស ហើយការងារណាសម្រាប់ខ្មែរ? ការសម្រាប់ជនបរទេស យើងជួលគេចុះ ក្នុងរយៈពេលខ្លី ។ ឧទាហរណ៍ដូចជាអ្នកបច្ចេកទេស ឬកម្មករឯកទេសក្នុងរយៈពេលខ្លី ដើម្បីគេមកធ្វើការ ហើយបង្រៀនយើងនៅក្នុងស្រុក ហើយចប់ពីហ្នឹង គឺយើងផ្ដល់ឲ្យខ្មែរយើងធ្វើទាំងអស់ ហើយតួនាទីណាដែលយើងមិនគួរបន្តជួលជនបរទេសឲ្យធ្វើការទៀតទេ ដូចខ្ញុំលើកឡើងអ៊ីចឹង ថ្នាក់ CEO ថ្នាក់ General Manager ថ្នាក់ ប្រើ General accounting បរទេស ក្រុមហ៊ុនខ្លះ គាត់នៅប្រើ accounting manager បរទេស គាត់ប្រើ Assistance accounting ថ្នាក់ផ្នែករដ្ឋបាល ផ្នែកជំនួយការ ផ្នែកផ្សេងៗក្នុងការិយាល័យ សុទ្ធតែកិច្ចការងារជំនាញដែលខ្មែរយើងធ្វើបានទាំងអស់ ដែលមានធនធានគ្រប់គ្រាន់សម្រាប់ធ្វើការលើវិស័យអស់នេះ“ ។

លោកបណ្ឌិត សួន សេរីរដ្ឋា បានមានប្រសាសន៍បន្តថា “យើងឃើញថា ច្បាប់ បើខ្ញុំសិក្សាទៅ វាមានច្បាប់ហើយ ប៉ុន្តែច្បាប់មុននោះ គឺបានកំណត់នូវភាគរយ គឺយើងមិនបានកំណត់តួនាទីការងារទេ គឺមាន័យថា រោងចក្រ សហគ្រាស ក្រុមហ៊ុនមួយ គឺអាចជួលបុគ្គលិកបរទេសនោះ ១០% ។ អ៊ីចឹង ១០% គឺយើងកំណត់ជាកូតា ១០% អ៊ីចឹងនៅសល់ ៩០% ទៀត ត្រូវតែជួលកម្លាំងពលកម្មនៅក្នុងប្រទេស ហើយធនធានមនុស្សនៅក្នុងប្រទេស ប៉ុន្តែយើងអត់បានកំណត់ពីតួនាទី ថាតើតួនាទីណាខ្លះដែលជនបរទេស អាចទទួលបាននោះ? ដែលយើងត្រូវតែជួលជនបរទេសនោះ? ហើយតួនាទីណាខ្លះដែលយើងមិនអាចជួលជនបរទេសបានទេ យើងត្រូវតែជួលខ្មែរនោះ? យើងត្រូវតែប្រើប្រាស់ធនធានក្នុងប្រទេសនោះ? អ៊ីចឹងយើងចង់ឲ្យមានវិសោធនកម្មលើកម្រិតច្បាស់លាស់មួយ ដូចខ្ញុំបាននិយាយអ៊ីចឹង គឺតួនាទីមួយចំនួនហ្នឹង គឺខ្មែរយើងធ្វើបានហើយ ។ ពីមុន យើងអាចថា CEO ឬក៏ General Manager ឬក៏ General accounting ឬក៏ General Administration យើងពិបាកមិនទាន់មានធនធាន ឥឡូវយើងមានច្រើនហើយតើ! អ៊ីចឹងយើងត្រូវធ្វើវិសោធនកម្មផ្លាស់ប្ដូរ គឺកំណត់តួនាទីជាតួនាទីដែលត្រូវតែរើសធនធានមនុស្សក្នុងប្រទេសធ្វើការ ហើយកំណត់តួនាទីដែលត្រូវតែជួលជនបរទេសហ្នឹង គឺក្នុងកម្រិតមួយ គឺថា មកធ្វើការហើយ ផ្ទេរជំនាញ ។ ឧទាហរណ៍ថា កម្មករជំនាញ និងអ្នកបច្ចេកទេស យើងអាចជួលបរទេសមក ប៉ុន្តែគេមកធ្វើការនៅក្នុងកម្រិតជាអ្នកបច្ចេកទេសផង និងជាអ្នកផ្ទេរមុខងារជំនាញបច្ចេកទេសផង គេមកជាកម្រិតកម្មករជំនាញផង និងជាអ្នកផ្ទេរកម្រិតកម្មករជំនាញឲុ្យខ្មែរយើងធ្វើការផង ។ យើងត្រូវធ្វើអាកន្លែងហ្នឹងឲ្យវាច្បាស់លាស់ ដើម្បីកុំឲ្យកំណត់តែ ១០% ។ អ៊ីចឹងឧទាហរណ៍ថា តួនាទី CEO ១០% មានប៉ុន្មាននាក់នៅក្នុងប្រទេសទាំងមូល នៅក្របខ័ណ្ឌ CEO របស់ក្រុមហ៊ុនហ្នឹង? តួនាទី General Manager ឬក៏ accounting manager ១០% មានប៉ុន្មាននាក់? ហើយនៅមានបញ្ហាមួយទៀត គឺក្រុមហ៊ុន សហគ្រាសមួយចំនួន គាត់អត់ទាំងគោរពអា ១០%ហ្នឹងទៅទៀត គឺថា គាត់យកតែបរទេស មកធ្វើការតែម្ដង ហើយទាត់ចោលនូវធនធានមនុស្ស នូវធនធានរបស់ខ្មែរយើង ដែលបានរៀនសូត្រចេះដឹង ចប់បរិញ្ញាបត្រ ចប់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតមួយចំនួន គឺថា អត់ទទួលយកធ្វើការងារហ្នឹង វាទៅជាការនិយមបរទេស ហើយរើសអើងចំពោះធនធានមនុស្សក្នុងស្រុកខ្លួនឯង“ ។

លោកបណ្ឌិត សួន សេរីរដ្ឋា បានមានប្រសាសន៍បន្តទៀតថា “ខ្ញុំគិតថា ប្រាក់បៀវត្សរ៍ វាគឺជាសមត្ថភាព ឬលទ្ធភាពរបស់ក្រុមហ៊ុនផ្ទាល់ទេ បើក្រុមហ៊ុននោះគាត់ជួលបរទេស ឧទាហរណ៍ថា General manager មួយ GM មួយ គាត់ជួលបរទេស ហ៊ានឲ្យប្រាក់ខែរ ហូតដល់ទៅ៥០០០-៦០០០ដុល្លារ ហើយផ្ដល់បន្ថែមផ្សេងទៀត ដូចជាឡានជិះ ដូចជាកន្លែងផ្ទះស្នាក់នៅ ដូចជាអាហារហូបចុកអីផ្សេងទៀត គឺផ្ដល់ច្រើនណាស់ ក្រៅតែពីប្រាក់ខែនោះ ហើយបើសិនជាជួលខ្មែរវិញ គឺ General manager អាចត្រឹម ១៥០០ទៅ២០០០ដុល្លារ មិនផ្ដល់មធ្យោបាយធ្វើដំណើរឡានជិះ កន្លែងស្នាក់នៅ និងអាហារទេ ។ អ៊ីចឹងគឺក្រុមហ៊ុននោះ បើគាត់មានចេតនានៅក្នុងការប្រើប្រាស់ធនធានមនុស្សក្នុងប្រទេសមែន គឺគាត់ចំណេញច្រើនណាស់ ហើយគាត់អាចនឹងលើកទឹកចិត្តដល់យុវជន ដល់ខ្មែរយើងនៅក្នុងប្រទេស ដែលរៀនជំនាញកិច្ចការទាំងអស់នោះ បានការងារធ្វើ បានប្រាក់ខែ ដើម្បីធ្វើការក្នុងប្រទេសផង ។ អ៊ីចឹងបើប្រៀបធៀបការជួលជនបរទេស និងជួលជនជាតិខ្មែរ ធ្វើការក្នុងប្រទេស គឺក្រុមហ៊ុនហ្នឹង គាត់អាចចំណេញច្រើន ហើយក៏ជាការចូលរួមមួយក្នុងគោលនយោបាយរាជរដ្ឋាភិបាល លើកតម្កើងមូលធនមនុស្ស និងប្រើប្រាស់ធនធានមនុស្សក្នុងប្រទេសរបស់យើង ដើម្បីបម្រើការងារក្នុងប្រទេសផងដែរ ។ ជារួម ខ្ញុំស្នើទី១ ក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យមើលឡើងវិញ លើច្បាប់ដែលផ្ដល់ការងារឲ្យជនបរទេស និងផ្ដល់ការងារឲ្យពលរដ្ឋខ្មែរ ជាពិសេស ។ ពីមុន យើងមានហើយ គឺបានកំណត់ជាភាគរយ គឺ១០% អាចជួលបរទេស ហើយ ៩០% ជួលខ្មែរ ។ អ៊ីចឹងគឺយើងអាចពិនិត្យឡើងវិញថា ឥឡូវយើងអាចធ្វើវិសោធនកម្មកែពីកូតា ១០% និង ៩០% ទៅជាកំណត់តួនាទីវិញ ថាតើតួនាទីណាដែលត្រួវជួលបរទេស? ហើយតួនាទីណាត្រូវទុកឲ្យខ្មែរ ជាអ្នកដែលធ្វើការ? ទី១ ។ ទី២ ត្រូវពិនិត្យជំរុញឲ្យសហគ្រាសក្រុមហ៊ុនក្នុងស្រុកទាំងអស់ហ្នឹង គឺអនុវត្តច្បាប់ហ្នឹងឲ្យបានល្អ មិនមែនចេះតែស្នើសុំជួលជនបរទេសរហូតអ៊ីចឹងទេ ហើយបំភ្លេចចោលនូវធនធាន សមត្ថភាពរបស់ខ្មែរ ក្នុងប្រទេសទេ ។ អានេះគឺជាការចូលរួមជាមួយនឹងរាជរដ្ឋាភិបាល នៅក្នុងការប្រើប្រាស់មូលធនមនុស្ស និងធនធានមនុស្ស ឲ្យសមប្រកបតាមសមត្ថភាព និងចំណេះដឹងរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងប្រទេស ។ អ៊ីចឹងគឺជំរុញការអនុវត្តច្បាប់ដែលមានស្រាប់ ហើយនិងពិនិត្យមើលច្បាប់ កែតម្រូវយ៉ាងម៉េច ដើម្បីឲ្យសហគ្រាសនីមួយៗហ្នឹង គឺអនុវត្តឲ្យបានពេញលេញ ហើយលើកទឹកចិត្តចំពោះធនធានមនុស្ស និងសមត្ថភាពមនុស្សនៅក្នុងប្រទេសរបស់យើង“ ៕ កុលបុត្រ