ខេត្តពោធិ៍សាត់ ៖ កុដិ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យព្រះសង្ឃ១អង្គ ក្នុងចំ ណោម៤អង្គ ដែលគង់នៅក្នុងកុដិជាមួយគ្នា ត្រូវភ្លើងឆេះសុគត ខណៈដែលពេលកើតមានហេតុការណ៍អគ្គិភ័យ ព្រះសង្ឃរងគ្រោះ មានការតក់ស្លុតខ្លាំងពេក រកកន្លែងបើកគន្លឹះទ្វារមិនចេញ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នៅចំណុចវត្តពោធិ៍សុទស្សន៍ ស្ថិតក្នុងភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។
ព្រះសង្ឃរងគ្រោះ មានព្រះនាម សាន់ សុខខេង មានព្រះជន្ម ១៩វស្សា គង់នៅវត្តពោធិ៍សុទស្សន៍ ស្ថិតក្នុងភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។ ចំណែកកុដិដែលរងការឆាបឆេះ មានទំហំ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ សង់អំពីឈើ ប្រក់ក្បឿង សរសរបេតុង។

តាមប្រភពសាមណេរ ព្រះនាម ផល សុខចំរើន ឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុនោះ ព្រះអង្គ និងសាមណេរ ២អង្គទៀត កំពុងនៅលើកុដិ ក្នុងបន្ទប់ជាមួយគ្នា ចំណែកព្រះសង្ឃរងគ្រោះ នៅបន្ទប់ផ្សេង។ នៅពេលព្រះអង្គនិមន្តចុះទៅដោះទុក្ខសត្វ ស្រាប់តែឃើញភ្លើងឆេះពីលើដំបូលមុន ក៏ទៅប្រាប់សាមណេរទាំង២អង្គទៀត។ ពេលនោះ សាមណេរទាំង២អង្គ បានស្ទុះទៅគោះទ្វារបន្ទប់ ដែលសាមណេរ សាន់ សុខខេង (ព្រះសង្ឃរងគ្រោះ) គង់នៅ ប៉ុន្តែសាមណេរ សាន់ សុខខេង ភ័យស្លន់ស្លោពេក រកកន្លែងបើកគន្លឹះទ្វារមិនចេញ ឆោឡោ ពេញក្នុងបន្ទប់ រហូតភ្លើងឆាបឆេះកាន់តែសន្ធោសន្ធៅឡើង លេបត្របាក់កុដិទាំងមូល បណ្តាលឱ្យព្រះសង្ឃរងគ្រោះ សុគតក្នុងភ្លើងតែម្តង។

សាមណេរ ផល សុខចំរើន បន្តថា ក្នុងកុដិនោះ ផ្ទុកសុទ្ធតែស្បង់ចីវរចាស់ៗ គ្រែ ពួក ខ្នើយ សម្រាប់ព្រះសង្ឃសឹង ទើបធ្វើឱ្យអគ្គិភ័យឆេះលឿនបំផុត។
សមត្ថកិច្ច ឱ្យដឹងថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះកុដិ នៅវត្តពោធិ៍សុទស្សន៍នេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បាញ់ទឹកអស់ចំនួន២ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។ ចំពោះមូលហេតុ ត្រូវបានសន្និដ្ឋានជំហានដំបូងថា បណ្តាលមកពីទុស្សេខ្សែភ្លើង ។

ចំពោះសម្ភារៈខូចខាតរួមមាន កុដិ ១ខ្នង រួមនិងសម្ភារៈដែលមានក្នុងកុដិ ត្រូវខូចខាតទាំងស្រុង ព្រមទាំងបណ្តាលឱ្យសុគតសាមណេរ ១អង្គ៕