ខេត្តកំពង់ស្ពឺៈ ស្ត្រីម្នាក់ ដែលជំនាញលក់ដីខ្យល់ និងបោកប្រាស់ប្រជាពលរដ្ឋ ជាច្រើននាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួនបញ្ជូនទៅពន្ធនាគារ បន្ទាប់ពីរត់គេចខ្លួន កាលពីពេលកន្លងទៅ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ថា ស្ត្រីដែលជំនាញបោកប្រាស់ប្រជាពលរដ្ឋ ករណីទិញលក់ដីខ្យល់នោះ មានឈ្មោះទិត្យ ស៊ីណា អាយុ៦៣ឆ្នាំ មានលំនៅ ភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ការចាប់ខ្លួននេះ ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងធ្វើឡើងតាមដីកាបង្គាប់ឱ្យខ្លួន ពីបទឆបោក កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ លោកហោ ចាន់ពិសី។

ប្រភពដដែល បន្តថា មុខសញ្ញាខាងលើ តែងតែគេចខ្លួន មិននៅក្នុងមូលដ្ឋាននោះទេ កន្លងមក ជនខាងលើ ធ្លាប់មានរឿងរ៉ាវពាក់ព័ន្ធករណីផ្សេងទៀត ដែលនាំឱ្យសមត្ថកិច្ចមិនអាចអនុវត្តដីកាបាន។ ក្រោយសមត្ថកិច្ចអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន រួចបានបញ្ជូនស្ត្រីខាងលើ ទៅសាលាដំបូងខេត្ត បន្តនីតិវិធី និងបញ្ជូនទៅពន្ធ នាគារខេត្តកំពង់ស្ពឺ រង់ចាំដំណើរការតាមផ្លូវច្បាប់ ដើម្បីបញ្ឈប់សកម្មភាពនេះ មិនបន្តកើតមានជាបន្តទៀត។
ពលរដ្ឋដែលធ្លាប់រងគ្រោះ បានលើកឡើងថា ស្ត្រីជាជនល្មើសរូបនេះ បានលក់ដីឱ្យពួកគាត់ហើយ បន្ទាប់បានយកដីនោះទៅលក់ឱ្យអ្នកផ្សេងៗបន្ត រហូតមានអ្នកចាញ់បោកជាច្រើននាក់ ហើយបន្តរត់គេចខ្លួនរហូត ទើបពេលកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចាត់ការចាប់បាន។ ពួកគាត់បានសំណូមពរសុំច្បាប់ចាត់ការស្ត្រីរូបនេះ ឱ្យសមតាមបទល្មើសដែលបានប្រព្រឹត្តកន្លងមក៕