ខេត្តស្វាយរៀង ៖ ស្រ្តីម្នាក់ ដែលទើបតែសម្រាលកូនបាន ១សប្ដាហ៍ នៅសរសៃខ្ចី បានទួញយំដោយមិនខ្លាចទាស់សរសៃ សុំអង្វរសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងសម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា ជួយអន្តរាគមន៍ដោះលែងប្ដីរបស់ខ្លួន ដែលជាអ្នកកាសែត ត្រូវកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ឃាត់ខ្លួន បន្ទាប់ពីប្ដីរបស់ខ្លួន បានធ្វើការផ្សាយផ្ទាល់ (Live) នៅទីតាំងដែលទាហានថៃ ឈ្លានពាន រាយបន្លាលួស ព័ទ្ធផ្ទះដីប្រជាពលរដ្ឋខ្មែរ នៅចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ទាំងដែលក្រសួងព័ត៌មាន បានដកអាជ្ញាប័ណ្ណរួចទៅហើយ ។

ស្រ្តីដែលទួញយំសុំនាយករដ្ឋមន្រ្តីជួយអន្តរាគមន៍ដោះលែងប្ដីមកវិញនេះ មានឈ្មោះ ពេជ្រ គង្គា ។ ចំណែកបុរសជាប្ដី ដែលត្រូវប៉េអឹមចាប់ខ្លួន មានឈ្មោះ មាស សារ៉ា ។ សព្វថ្ងៃរស់នៅភូមិក្បាលដំរី ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

តាមរយៈវីដេអូបង្ហោះតាមបណ្ដាញសង្គម នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៧ អ្នកស្រីពេជ្រ គង្គា បានបីកូនខ្ចី ទើបនឹងកើតបាន៧ថ្ងៃ និងមានកូនស្រីម្នាក់ទៀត អាយុប្រហែល៣ឆ្នាំ ឈរក្បែរ លើកដៃសំពះ អំពាវនាវដល់សម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទួញយំរៀបរាប់ថា “នាងខ្ញុំឈ្មោះទេព គង្គា ប្រពន្ធមាស សារ៉ា ។ គេចាប់ប្ដីខ្ញុំយកទៅបាត់ហើយ សូមសម្ដេចពុក សម្ដេចហ៊ុន ម៉ាណែត ជួយលើកលែងទោសឲ្យប្ដីខ្ញុំផង! រដ្ឋាភិបាល ជួយលើកលែងទោសឲ្យប្ដីខ្ញុំផង ។ ខ្ញុំទើបសម្រាលកូនបាន ៧ថ្ងៃទេ គ្មានអ្នកណាមើលកូនខ្ញុំទេ ខ្ញុំមានតែម្រាមដៃដប់ សុំសម្ដេចពុក ជួយកូនចៅផង! និងសម្ដេចហ៊ុន ម៉ាណែត រាជរដ្ឋាភិបាល ជួយកូនចៅផង! បើប្ដីខ្ញុំអត់ត្រូវបានដោះលែង គ្មានអ្នកណារកស៊ីចិញ្ចឹមកូនទេ ខ្ញុំសរសៃខ្ចី (យំ)…” ។

ជុំវិញការទួញយំអំពាវនាវរបស់អ្នកស្រី ពេជ្រ គង្គា ខាងលើនេះ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ថា ប្រពន្ធអ្នកកាសែត នៅសរសៃខ្ចីអ៊ីចឹង សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គួរតែអន្តរាគមន៍ដើម្បីដោះលែងប្ដីរបស់គាត់មកវិញ ព្រោះប្ដីគាត់ គ្រាន់តែឡាយប្រាប់ពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋដែលបាត់បង់ទឹកដី នៅតាមជាយដែន គួរតែលើទឹកចិត្ត មិនគួរចាប់ដាក់គុកនោះទេ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! ខ្ញុំយល់ថា ប្រពន្ធគាត់នៅសរសៃខ្ចីអ៊ីចឹង លោកហ៊ុន ម៉ាណែត គួរតែអន្តរាគមន៍ដើម្បីដោះលែងលោកមាស សារ៉ា ហ្នឹងទៅ ព្រោះគាត់គ្រាន់តែ Live ផ្សាយផ្ទាល់ ប្រាប់ពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋដែលបាត់បង់ទឹកដីនៅតាមជាយដែនហ្នឹង គួរតែលើទឹកចិត្តគាត់ មិនគួរចាប់គាត់ដាក់ គុកនោះទេ ។ ដូច្នេះខ្ញុំយល់ថា ការចាប់ខ្លួនលោកមាស សារ៉ា នេះ គឺជាការបំបិទសិទ្ធិសេរីភាពនៃការសម្ដែងមតិរបស់អ្នកសារព័ត៌មាន ហើយជាការបិទបាំងកំហុសរបស់ខ្លួន ដែលធ្វើឲ្យបាត់បង់ទឹកដីខ្មែរ ទៅខាងថៃ ការពារមុខមាត់របស់ខ្លួន ហើយនៅពេលអនាគតហ្នឹង គឺចង់កាត់ដីខ្មែរ ទៅឲ្យថៃ ។ អ៊ីចឹងចាប់ផ្ដើមគំរាមអ្នកកា សែតណាដែលផ្សាយពីបញ្ហាពិតហ្នឹង បំបិទមុខមាត់បណ្ដើរៗហើយ ថ្ងៃក្រោយ នឹងបំបិទមាត់ប្រជាពលរដ្ឋដែលបាត់បង់ដីធ្លី ស្រែកថា បាត់ដីធ្លីទៅថៃ ហ្នឹង នឹងចាប់ដាក់គុក ដូចដែលកន្លងមកចាប់អ្នកដែលតវ៉ាដីធ្លី ថាបាត់ដីធ្លីទៅខាងវៀតណាម ហ្នឹង ចាប់ដាក់គុកអ៊ីចឹង ហើយអ្នកដែលរិះគន់ពីបញ្ហាបាត់បង់ទឹកដីទៅវៀតណាម ដាក់គុកដូចគ្នា ។ ដូច្នេះខ្ញុំយល់ថា លោកហ៊ុន សែន លោកហ៊ុន ម៉ាណែត នេះ គឺកំពុងតែយកទឹកដីហ្នឹង ទៅដូរយកសន្តិភាពហើយ គឺកាត់ទឹកដីខ្មែរ ទៅឲ្យថៃ ដើម្បីប្ដូរយកសន្តិភាព“ ។

គួរបញ្ជាក់ថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រសារ ព័ត៌មានអនឡាញ CCN TV របស់លោក មាស សារ៉ា ក្រោយលោកបានចុះផ្សាយព័ត៌មានខ្វះការផ្ទៀងផ្ទាត់ច្បាស់លាស់ បង្កការញុះញង់ ធ្វើឱ្យពលរដ្ឋយល់ច្រលំ និងគំរាមកំហែងដល់សន្តិសុខជាតិ។ ការសម្រេចបែប នេះ ធ្វើឡើងបន្ទាប់ពី លោក មាស សារ៉ា បានរាយការណ៍ពីការរាយលួសបន្លាជុំវិញផ្ទះប្រជាពលរដ្ឋខ្មែរ ពីសំណាក់ទាហានថៃ និងបានសម្ភាសបុរសម្នាក់ ទាក់ទិននឹងទាហានថៃ កាន់កាប់ប៉ុស្តិ៍តម្រួតខ្មែរ ក្នុងខេត្តឧត្តរមានជ័យ។

ជុំវិញករណីនេះ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា មុនឈានដល់ការលុបអាជ្ញាប័ណ្ណ ក្រសួងបានណែនាំនិងហៅលោក មាស សារ៉ា មកអប់រំ និងព្រមានជាហូរហែ។ ប៉ុន្តែអង្គភាពសារ ព័ត៌មានខាងលើ នៅតែផ្សព្វផ្សាយព័ត៌មាន ប្រាសចាកពីការពិត ពោលគឺមិនបានផ្ទៀងផ្ទាត់ប្រភព អំឡុងពេលនៃការចុះយកព័ត៌មាននៅតំបន់តាមព្រំដែនកម្ពុជា-ថៃ។
តាមអ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងថា គ្រប់ព័ត៌មានចុះផ្សាយពីជម្លោះព្រំដែន តែងត្រូវបានក្រសួង ស្ថាប័នពាក់ព័ន្ធ តាមដានរហូតមក។ ប៉ុន្តែក្រសួងព័ត៌មាន រកឃើញស្ថាប័នសារព័ត៌មានមួយចំនួន បានរំលោភក្រមសីល ធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ។

ដោយឡែក ក្នុងបរិបទជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួង រកឃើញព័ត៌មានក្លែងក្លាយជាង ៩០ករណី លើបណ្តាញសង្គម និងបានប្រាប់ម្ចាស់គណនី ឲ្យលុបមាតិកាខុសឆ្គងទាំងនោះ ចោលជាបន្តបន្ទាប់។ ក្នុងន័យនេះ លោក ទេព អស្នារិទ្ធ ស្នើឱ្យអង្គភាពសារព័ត៌មានទាំងអស់ មិនត្រូវប្រើពាក្យពេចន៍ ខ្លឹមសារ សំឡេង ឬរូបភាពបែបញុះញង់ អុចអាល បញ្ឆេះកំហឹង បង្កការស្អប់ខ្ពើម និងរើសអើងពូជសាសន៍ អំឡុងពេលនៃការរាយការណ៍ ព្រោះវាជាសកម្មភាពដែលអាចប៉ះពាល់ដល់បទឈប់បាញ់ អន្តរាយសន្តិសុខជាតិ បំបាក់ទឹកចិត្តកងទ័ព និងទំនាក់ទំ នងរវាងប្រជាជន ពិសេសប្រទេសទាំង២។

ទោះបីត្រូវបានក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណហើយក៏ដោយ ក៏លោកមាស សារ៉ា នៅតែបន្តទៅឡាយផ្ទាល់ នៅកន្លែងកើតហេតុ ពីសកម្មភាពរបស់ពលរដ្ឋខ្មែរ ប្រឈមមុខជាមួយទាហានថៃ ព្រំដែននៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ហើយក៏ត្រូវបានកងរាជអាវុធខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួន នៅព្រឹកថ្ងៃដដែលនោះតែម្តង។

ទោះបីជាយ៉ាងណា នៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចដោះលែង មាស សារ៉ា ត្រលប់ទៅផ្ទះវិញ ដោយដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ បន្ទាប់ពីមាស សារ៉ា បានទទួលស្គាល់កំហុស ខណ:ស្ត្រីជាប្រពន្ធ ក៏បានបីកូនខ្ចី ដឹកដៃកូនតូច ទៅដល់តុលាការ ទួញយំសុំឲ្យដោះលែងប្តីផងដែរ។

មាស សារ៉ា បានបញ្ជាក់នៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ថា ពេលនេះខ្លួនបានមានសេរីភាពវិញហើយ៕ កុលបុត្រ