ខេត្តកំពង់ចាម ៖ ផ្ទះ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យខូចខាតអស់ទាំងស្រុង ដោយមូលហេតុម្ចាស់ផ្ទះដុតធូបសែនថ្ងៃសីល សុំសេចក្តីសុខ នៅលើផ្ទះ រួចចុះមកធ្វើការងារនៅក្រោមផ្ទះ ដោយមិនបាននៅមើលភ្លើងធូប ជាហេតុធ្វើឱ្យកើតមានការឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិអូរសង្កែ ឃុំមៀន ស្រុកព្រៃឈរ។

ផ្ទះដែលរងការឆាបឆេះ មានទំហំ ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្តារ ចាក់សាបបេតុងខាងក្រោម មានម្ចាស់ឈ្មោះស៊ុន យឿង ភេទប្រុស អាយុ៦០ឆ្នាំ មានលំនៅភូមិអូរសង្កែ ឃុំមៀន ស្រុកព្រៃឈរ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ដោយសារតែជាថ្ងៃសីល ទើបម្ចាស់ផ្ទះ បានដុតធូប ទៀន សែនព្រេននៅលើហឹង ខាងលើផ្ទះ រួចទុកចោល បន្ទាប់មកពួកគាត់បានចុះមកធ្វើការងារនៅខាងក្រោមផ្ទះ។ ស្រាប់តែបន្តិចក្រោយមក កើតមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីទទួលបានករណីខាងលើ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃឈរ សហការជាមួយកម្លាំងពន្លត់អគ្គិភ័យនគរបាលស្រុកព្រៃឈរ បានចុះអន្តរាគមន៍ភ្លាមៗ ដោយបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ចុះមកជួយបាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន (ភ្លើងរលត់ទៅវិញទាំងស្រុង) ប៉ុន្តែផ្ទះទាំងមូល ត្រូវភ្លើងឆេះអស់ទៅហើយ។

នៅក្នុងហេតុការណ៍អគ្គិភ័យនេះ បានបង្កឱ្យឆេះខូចខាត ផ្ទះ១ខ្នង ទាំងស្រុង រួមនិងសម្ភារៈ និងទ្រព្យសម្បត្តិ រួមមាន ប្រាក់ចំនួន ៧លាន ៧សែនរៀល ខ្សែកមាស ទម្ងន់ ៥ជី ១ខ្សែ ប្រាក់ដុល្លារ ចំនួន៧០០ដុល្លារ ទូទឹកកក ចំនួន១២គ្រឿង ទូដាក់សម្ភារៈ១ ទូដាក់ខោអាវ១ ទូដាក់ចានឆ្នាំង១ ទូរស័ព្ទដៃម៉ាក vivo ចំនួន២គ្រឿង និងសម្ភារៈផ្សេងៗមួយចំនួនទៀត។ ប៉ុន្តែយ៉ាងណា ករណីនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ ហើយក៏មិនឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរខាងនោះដែរ៕