ខេត្តកំពង់ធំ៖ ដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រោមការសម្របសម្រួលនិតិវិធីដោយលោក រស់ សារាំ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានឃាត់រថយន្តខ្នាតយក្ស ចំនួន៣គ្រឿង កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ នៅលើផ្លូវជាតិលេខ៦២ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដោយត្រូវសង្ស័យថា ជារថយន្តដឹកអង្ករដំណើប នាំចូលពីប្រទេសឡាវតាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ថា អង្ករដំណើប ចំនួន ១៦០០បេ ស្មើនឹង៨០តោន ដែលធ្វើចរាចរណ៍ដឹកជញ្ជូនដោយរថយន្តទាំង ៣គ្រឿង គឺជាទំនិញដែលមានប្រភពនាំចូលពីប្រទេសឡាវ តាមរយៈផ្លូវទឹក ដោយប្រើទូក ជាមធ្យោបាយដឹកជញ្ជូនឆ្លងដែនចេញពីចំណុចភូមិមឹងសែន ប្រទេសឡាវ យកមកដាក់នៅចំណុចភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ដើម្បីសាងដាក់រថយន្តធំ ហើយបន្តយកទៅចែកចាយច្រើនកន្លែងក្នុងប្រទេស។
ចំណែកឯកសារបញ្ជាក់ការបង់ពន្ធនាំចូលពីសាខាគយខេត្តព្រះវិហារ គឺបង់ពន្ធទៅលើមធ្យោបាយដឹកជញ្ជូនតាមទូក ដោយមានចំនួនតែ២ទូក ស្មើនឹង១៣០០គីឡូក្រាមតែប៉ុណ្ណោះ។ សមត្ថកិច្ចបញ្ជាក់ថា នៅចំណុចភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក វេលាម៉ោង ៦និង៤០នាទីព្រលប់ បានត្រួតពិនិត្យរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស-ខៀវ មានស្លាកលេខ កំពង់ចាម 3A-6629 ស្លាកលេខរ៉ឺម៉ក 4A-0741 ដឹកអង្ករដំណើប ចំនួន៥៦០បេ ស្មើនឹង២៨តោន។
នៅចំណុចភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ត្រង់ផ្លូវបំបែកខេត្តព្រះវិហារ-សៀមរាប នៅម៉ោង ១០និង២០នាទីយប់ កម្លាំងសមត្ថកិច្ច បានឃាត់រថយន្ត ចំនួន២គ្រឿងបន្ថែមទៀត ដោយរថយន្ត ១គ្រឿង ម៉ាកវេអង ពណ៌ស-ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3B-2317 ស្លាកលេខរ៉ឺម៉ក កំពង់ចាម 4A-2058 ដឹកអង្ករស្រូវដំណើប៥២០បេ ស្មើនឹង ២៦តោន។ និង១គ្រឿងទៀត រថយន្តវេអង ពាក់ស្លាកលេខ កំពង់ចាម 3B-1929 និងមានរ៉ឺម៉កដឹកអង្ករដំណើប ចំនួន ៥២បេ ស្មើនឹង ២៦តោន។

ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងបានកសាងនីតិវិធីបញ្ជូនទៅតុលាការ ចាត់ការបន្ត។
ជុំវិញការចុះបង្ក្រាបខាងលើ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានដាក់បទបញ្ជាឱ្យកងកម្លាំងទាំងអស់ ត្រូវពង្រឹងទៅលើសមត្ថភាពជំនាញរបស់ខ្លួន ដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ៕