ខេត្តសៀមរាប ៖ លោកស៊ិន ចាន់ថុល អភិបាលស្រុកពួក ខេត្តសៀមរាប បានបញ្ជាក់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ថា ក្នុងរយៈពេលដែលប្រទេសកម្ពុជា ទទួលរងនូវសម្ពាធអាកាសធាតុទាប បានបណ្តាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាប់ៗគ្នា ប៉ុន្មានថ្ងៃមកនេះ បណ្តាលឱ្យឃុំចំនួនបី នៅបែកខាងលើរបស់ស្រុកពួក ទទួលរងការលិចលង់ដោយទឹកភ្លៀង មានឃុំត្រីញ័រ ឃុំរើល និងឃុំកែវពណ៌។

លោកអភិបាលស្រុកពួក បានបញ្ជាក់ថា ឃុំទាំង៣ ដែលរងការលិចលង់ជំនន់ទឹកភ្លៀងនេះ ធ្វើឱ្យប៉ះពាល់ភូមិ ចំនួន១៩ភូមិ ប៉ះពាល់ផ្ទះ ប្រជាពលរដ្ឋ ចំនួន២៥៥គ្រួសារ មណ្ឌលសុខភាព២កន្លែង សាលារៀន២ខ្នង ស្នាក់ការបក្ស១កន្លែង ប៉ុស្តិ៍នគរបាលរដ្ឋបាល ១កន្លែង វត្ត ១កន្លែង ទឹកលិចហូរកាត់ផ្លូវកៅស៊ូ ២ខ្សែ ប្រវែង១១០ម៉ែត្រ និងផ្លូវលំ ចំនួន៣០ខ្សែ មានប្រវែង ១៥ ៨៣០ម៉ែត្រ និងលិចដំណាំស្រូវ ១៧៦ហិកតារ។

ក្នុងការចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនោះដែរ លោកស៊ិន ចាន់ថុល ក៏បានធ្វើការណែនាំដល់អាជ្ញាធរឃុំ និងនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវធ្វើការពិនិត្យនូវផ្លូវចរន្តទឹកហូរដែលប្រជាពលរដ្ឋ បានធ្វើការបិទ ឬក៏ដាក់លូ មិន បានត្រឹមត្រូវ ដែលរង្វង់មុខលូតូច ដែលធ្វើឱ្យចរន្តទឹកហូរ មិនទាន់។ ម៉្យាងទៀតនៅតាមប្រព័ន្ធប្រឡាយមួយចំនួន ដែលបងប្អូនយើងបានបិទកាត់តាមប្រឡាយ ក៏ជាបញ្ហាដែលធ្វើឱ្យចរន្តទឹកហូរមិនទាន់ ចុះទៅផ្នែកខាងក្រោម។

ក្នុងនោះដែរលោកអភិបាលស្រុកក៏បានណែនាំដល់ប្រធានមណ្ឌលសុខភាព និងនាយប៉ុស្តិ៍នគរបាល ត្រូវធ្វើការទុកដាក់នូវសម្ភារៈបរិក្ខារពេទ្យ ឱ្យបានល្អ និងរាល់ឯកសារ ឱ្យបានត្រឹមត្រូវ ក្នុងពេលកំពុងលិចទឹកនេះ ព្រមទាំងសូមឱ្យគ្រូពេទ្យ សហការជាមួយឃុំ ភូមិ ធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ អំពីអនាម័យ សុខភាព ក្នុងពេលដែលជួបគ្រោះមហន្តរាយនេះ៕



