Wednesday, September 3, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដកតំណែងអធិការរងខណ្ឌចម្ការមន ដេញចេញពីក្របខ័ណ្ឌ

ដកតំណែងអធិការរងខណ្ឌចម្ការមន ដេញចេញពីក្របខ័ណ្ឌ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ចេញប្រកាសស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះវរសេនីយ៍ត្រី ហួត គង់ អធិ ការរងខណ្ឌចម្ការមន តាមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរ បាលជាតិ ដោយមូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា។

យោងតាមប្រកាស ស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាលជាតិ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេច ៖មាត្រា១- ត្រូវបានអនុវត្តទណ្ឌកម្មខាងវិន័យចំពោះវរសេនីយ៍ត្រី ហួត គង់ អត្តលេខ ២៧៧៤៧ អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណុះអគ្គស្នងការនគរបាលជាតិ តាមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញ ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ មូលហេតុល្មើសបទវិន័យ នគរបាលជាតិកម្ពុជា។

មាត្រា២- ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ។

មាត្រា៣- បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៤- អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានធនធាន មនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រុមប្រឹក្សានិង គណៈអភិ បាលរាជធានីភ្នំពេញ ប្រធាននាយកដ្ឋាន បុគ្គលិកមន្ត្រី នគរបាលជាតិ ប្រធាននាយកដ្ឋានគោលនយោបាយ ប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសាមីខ្លួន ត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ…។

គួរបញ្ជាក់ថា លោកវរសេនីយ៍ត្រី ហួត គង់ អតីតអធិការរងនគរបាលខណ្ឌចម្ការមន តែងបង្កបញ្ហា និងការប្រើប្រាស់ពាក្យសម្តី មិនសមរម្យលើប្រជាពលរដ្ឋ នាំឱ្យមានការរិះគន់យ៉ាងចាស់ដៃ និងប៉ះពាល់ដល់ស្ថាប័ននគរបាលដែលខ្លួនកំពុងបម្រើការងារថែមទៀតផង ទាំងដែលមន្ត្រីនគរបាលម្នាក់កំពុងបំពេញការងារប្រកបដោយការទទួលខុសត្រូវ។

ជាក់ស្តែង កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ អតីតអធិការរងរូបនេះ បានប្រើប្រាស់ពាក្យសម្តី និងកាយ វិការមិនសមរម្យទៅលើសាក្សីម្នាក់ ដែលជាអ្នកផ្តល់ព័ត៌មានអំពីករណីឃាតកម្មសម្លាប់ស្ត្រីជនបរទេសម្នាក់ នៅខណ្ឌចម្ការមន ព្រមទាំងអ្នកសារព័ត៌មានដែលជួយ ផ្តល់ព័ត៌មានដល់សមត្ថកិច្ច។

ដោយឡែក កាលពីឆ្នាំ២០២៣ កន្លងទៅ អតីតអធិការរងរូបនេះ ក៏ធ្លាប់បង្កបញ្ហា ដោយខ្លួនស្ថិតក្នុងស្ថានភាពស្រវឹង បានប្រើប្រាស់ហិង្សាលើប្រជាពលរដ្ឋនៅតាមដងផ្លូវ និងនាំឱ្យមានការរិះគន់នៅលើបណ្តាញសង្គម ចំពោះទង្វើដែលមិនស័ក្តិសមជាមន្ត្រីបម្រើប្រជាពលរដ្ឋ ដោយត្រូវបានទទួលការដាក់វិន័យ បន្ថយស័ក្តិផងដែរ៕

RELATED ARTICLES