ភ្នំពេញ ៖ ឃ្លាំងមួយកន្លែង កំពុងតែធ្វើការជួសជុល ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន ១ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចឃ្លាំងកំពុងជួសជុលមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវ ភ្នំពេញ-ហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ ឃ្លាំងខាងលើ បានបិទទ្វារ ហើយឃ្លាំងនេះកំពុងតែជួសជុល ដោយមិនទាន់ដំណើរការនោះទេ។ លុះមកដល់វេលាម៉ោងកើតហេតុ ស្រាប់តែពួកគាត់ដែលជាអ្នករស់ក្បែរឃ្លាំងមួយនោះ បានឃើញមានហុយផ្សែងចេញពីក្នុងឃ្លាំង ដោយមិនដឹងមូលហេតុ ទើបនាំគ្នាឆោឡោ រាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ច ដើម្បីសុំជំនួយរថយន្តពន្លត់អគ្គិភ័យ និងអ្នកខ្លះទៀតបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ អស់ជាច្រើនបំពង់ ទើបធ្វើឱ្យស្ងប់ផ្សែងទៅវិញ តែដោយមិនអស់ចិត្ត សមត្ថកិច្ចសម្រេចបាញ់ទឹកអស់ ១រថយន្ត ដើម្បីឱ្យអគ្គិភ័យរលត់ជាស្ថាពរទៅវិញ នៅវេលាម៉ោង ១និង៥០នាទីរំលងអធ្រាត្រ ថ្ងៃដដែល។

ជុំវិញករណីអគ្គិភ័យខាងលើនេះ មិនបង្កឱ្យមានការរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងនោះទេ គឺគ្រាន់តែខូចខាតពិតានឃ្លាំងតែប៉ុណ្ណោះ។ ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕