Wednesday, September 3, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមេគយ អះអាងអង្ករដំណើប៨០តោន  នាំចូលពីឡាវ មិនមែនថៃ

មេគយ អះអាងអង្ករដំណើប៨០តោន  នាំចូលពីឡាវ មិនមែនថៃ

ភ្នំពេញ ៖ បន្ទាប់ពីប៉ុន្មានថ្ងៃនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម ផ្ទុះការវែកញែកយ៉ាងច្រើន ករណីឃាត់រថយន្តដឹកអង្ករដំណើប នាំចូលពីប្រទេសឡាវ តាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ ដោយចោទប្រកាន់ថា អង្ករដំណើបទាំងនោះ ជារបស់ថៃ និងចោទថា មន្ត្រីកម្ពុជា ខ្វះ មនសិការជាតិនិយមនោះ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយក ដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា អង្ករដំណើប ជាង៨០តោននោះ គឺជាអង្កររបស់ប្រទេសឡាវ នាំចូលមកកម្ពុជា មិនមែនជារបស់ប្រទេសថៃ ឡើយ។

លោករដ្ឋមន្ត្រីប្រតិភូបញ្ជាក់ថា “អង្ករដំណើប ទាំងអស់នោះ គឺនាំចូលពីឡាវ ហើយមានបង់ពន្ធ ដូចមានលិខិតបញ្ជាក់ជូន”។ ជាមួយគ្នានេះ លោកអគ្គនាយកគយ បានសំណូមដល់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម សូមពិចារណានិងស្វែងរកការពិតឱ្យបានច្បាស់លាស់ មុននឹងបញ្ចេញមតិនានា ដែលប៉ះពាល់ដល់កិត្តយសនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។

បើតាមមន្ត្រីគយ អង្ករដំណើប ដែលនាំចូលពីប្រទេសឡាវនេះ គឺអ្នកនាំចូលដឹកជញ្ជូនតាមទូកហើយបង់ពន្ធ បន្ទាប់ពីបង់ពន្ធរួច ម្ចាស់ទំនិញបានយកអង្ករដំណើបទាំងនោះ មករក្សាទុកនៅក្នុងឃ្លាំង ពេលមានតម្រូវការបញ្ជាទិញពីរាជធានីភ្នំពេញ ឬខេត្តផ្សេងៗ ទើបដឹកចេញតាមរថយន្ត ទៅកាន់ទីតាំងដែលមានតម្រូវការទាំង នោះ។

ពាក់ព័ន្ធស្ថានភាពការខ្វះខាតអង្ករដំណើប នៅកម្ពុជា លោកលន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា មានការខ្វះខាតអង្ករដំណើប មួយចំនួន ដែលចាំបាច់ត្រូវនាំចូលពីប្រទេសឡាវ វៀតណាម និងថៃ ប៉ុន្តែក្នុងចំណោមប្រទេស ទាំង៣នេះ ការនាំចូលពីប្រទេសឡាវ មានច្រើន ដោយសារឡាវ ដាំដុះអង្ករដំណើបច្រើន និងមានគុណភាពល្អជាងអង្ករដំណើបរបស់វៀតណាម ចំណែកថៃ នាំចូលតិចតួច ព្រោះថៃ ក៏មានតម្រូវការអង្ករដំណើបច្រើន ដែលត្រូវនាំចូលពីប្រទេសឡាវ ផងដែរ។

លោកបន្ថែមថា ដោយសារតែស្រូវដំណើប មានទិន្នផលតិច មានរយៈពេលយូរ និងប្រកាន់រដូវ ដូច្នេះបងប្អូនប្រជាពលរដ្ឋមិនសូវនិយមដាំដុះច្រើនឡើយ ដូច្នេះទើបយើងខ្វះខាតអង្ករដំណើប។ បន្ថែមពីនេះ រដូវបុណ្យភ្ជុំបិណ្ឌ ជិតខិតចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខ ហើយការប្រមូលផលអង្ករដំណើប របស់កសិករយើង ក៏មិនទាន់ដល់ ព្រោះជាទូទៅ ស្រូវដំណើប ត្រូវប្រមូលផលចុងខែតុលា ឬដើមខែវិច្ឆិកា ដូច្នេះច្បាស់ណាស់ត្រូវការនាំចូលជាចាំបាច់។

ទោះជាយ៉ាងនេះក្តី ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា បាននិងកំពុងជំរុញឱ្យមានការដាំដុះអង្ករដំណើប ឱ្យបានច្រើនជាងមុន ដោយបានផ្សព្វផ្សាយជំរុញនូវការដាំដុះស្រូវដំណើប ពូជស្បៃមង្គល ដែលបានចុះបញ្ជីចុះម៉ាកអង្ករសមូហភាព កាលពីឆ្នាំ២០២២។

បើតាមលោកអគ្គលេខាធិការ ចំពោះអង្ករដំណើបជាង៨០តោន ដែលសមត្ថកិច្ចឃាត់នោះ គឺមិនទាន់អាចបញ្ជាក់ប្រភពច្បាស់ថា នាំចូលពីឡាវ ឬថៃ នោះទេ ប៉ុន្តែគ្រាន់តែស្ថានភាពជាក់ស្តែង ថៃ ក៏មានតម្រូវការអង្ករដំណើប ត្រូវនាំចូលពីឡាវ ដូចកម្ពុជា ដែរ៕

RELATED ARTICLES