ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ជាប់របងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ឱ្យមកដាក់ពាក្យទទួលយកទីតាំងដីឡូត៍ថ្មី ជាមួយក្រុមការងារដោះស្រាយផលប៉ះពាល់ថ្នាក់ខេត្ត ដោយទុករយៈពេលចំនួន១៥ថ្ងៃ ជាកំហិត គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានជម្រាបជូនលោក-លោកស្រី ជាប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ជាប់របងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ជ្រាបថា អនុលោមតាមលិខិតលេខ ៦៥៥ សជណ ដប ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានសម្រេចយល់ព្រមជាគោលការណ៍ជូនក្រសួងបរិស្ថាន សហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាស ចរណ៍ស៊ីវិល និងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំដីបម្រុងទុកសម្រាប់ដោះស្រាយផលប៉ះពាល់ ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ មុខអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងថា កន្លងមក ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយគណៈកម្មការអន្តរក្រសួង បានខិតខំជួបប្រជុំសម្របសម្រួលជាមួយប្រជាពលរដ្ឋ ជាច្រើនលើកច្រើនសា ដែលមកទល់ពេលនេះ មានគ្រួសារប្រជាពលរដ្ឋមួយចំនួន បានឯកភាពទទួលយកទីតាំងដីឡូត៍ថ្មីរួចរាល់ហើយ ប៉ុន្តែនៅមានគ្រួសារប្រជាពលរដ្ឋមួយចំនួនទៀត នៅតែទាមទារលក្ខខណ្ឌផ្សេងៗ ដែលធ្វើឱ្យមានការ រាំងស្ទះដល់គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ។

ក្នុងន័យនេះ ដើម្បីជំរុញការអនុវត្តគម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុលំដាប់ថ្នាក់ 4E ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភណភាពរបស់ខេត្តព្រះសីហនុឱ្យបានទាន់ពេលវេលា និងស្របតាមផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង រដ្ឋបាលខេត្តព្រះ សីហនុ អំពាវនាវឱ្យប្រជាពលរដ្ឋ មកដាក់ពាក្យទទួលយកទីតាំងដីឡូត៍ថ្មី ជាមួយក្រុមការងារដោះស្រាយផលប៉ះពាល់ថ្នាក់ខេត្ត ដោយទុករយៈពេលចំនួន១៥ថ្ងៃ ជាកំហិត គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

រដ្ឋបាលខេត្តព្រះសីហនុ បានសង្កត់ធ្ងន់ថា ផុតរយៈពេលកំណត់ខាងលើនេះ រដ្ឋបាលខេត្តព្រះសីហនុ ពុំលើកយកករណីនេះមកពិនិត្យ សម្របសម្រួលដោះស្រាយជាមួយប្រជាពលរដ្ឋទៀតឡើយ ហើយរដ្ឋបាលខេត្តព្រះ សីហនុ នឹងចាត់វិធានការរដ្ឋបាល ចុះរុះរើសំណង់ដែលសង់លើដីសាធារណៈរបស់រដ្ឋ ស្របតាមច្បាប់ដែលមានចែងជាធរមាន៕
