ខេត្តកំពង់ចាម ៖ ផ្ទះស្នាក់នៅរបស់បុគ្គលិក និងនារីខារ៉ាអូខេ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោស ន្ធៅទាំងយប់ បណ្តាលឱ្យខូចខាតអស់ទាំងស្រុង និងត្រូវបានកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ បញ្ជូនរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ អស់ចំនួន២១ឡាន ទើបអាច គ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្ទះស្នាក់នៅរបស់បុគ្គលិកភោជនីយដ្ឋាន និងខារ៉ាអូខេ វីអេក ស្ថិតនៅតាមផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង ការនគរបាលជាតិ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នៅវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ វេនប្រចាំ បញ្ជានៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានទទួលព័ត៌មានថា មានករណីអគ្គិភ័យបានឆាបឆេះអគារស្នាក់នៅ របស់បុគ្គលិកភោជនីយដ្ឋាន វីអេក នៅតាមផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹក នាំកម្លាំងដោយផ្ទាល់ និងបញ្ជាឱ្យកម្លាំងជំនាញយករថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ចេញជួយអន្តរាគមន៍សង្គ្រោះជាបន្ទាន់។ ភ្លាមនោះ កងកម្លាំងនគរបាល សហការ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានចុះអន្តរាគមន៍សង្គ្រោះ និងគ្រប់គ្រងស្ថានការណ៍បាន១០០ភាគរយ នៅវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃដដែល ដោយប្រើ ប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង និងប្រើទឹកបាញ់ពន្លត់អស់ចំនួន២១ឡាន ដោយមិនបង្កឱ្យឆេះរាល ដាលទៀតឡើយ។

សមត្ថកិច្ច បានបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ធ្វើឱ្យខូចខាតអគារស្នាក់នៅរបស់បុគ្គលិកភោជនីយដ្ឋាន វីអេក ១ខ្នង តែពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ។ ហើយពេលនេះសមត្ថកិច្ចជំនាញកំពុងសិក្សាវាយតម្លៃ អំពីទំហំនៃការខូចខាតលម្អិត៕