ភ្នំពេញ ៖ ភ្លៀងធ្លាក់យ៉ាងខ្លាំង កាលពីល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានបណ្តាលឱ្យដើមឈើ មួយដើមធំ ស្ថិតនៅសួនច្បារនាគបាញ់ទឹក ក្បែរវិមានឯករាជ្យ បានបាក់រលំទៅលើដងផ្លូវ តែសំណាងល្អមិនបង្កឱ្យអ្នក ដំណើរតាមផ្លូវណាម្នាក់រងគ្រោះឡើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចសួនច្បារនាគបាញ់ទឹក ខាងកើតវិមានឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ មានភ្លៀងធ្លាក់រាយប៉ាយទូទាំងរាជធានីភ្នំពេញ និងលាយឡំទៅដោយខ្យល់កន្ត្រាក់ទៀតផង ស្រាប់តែបន្តិចក្រោយមក មានដើមឈើ ១ដើមធំ ស្ថិតនៅសួនច្បារនាគបាញ់ទឹក បានបាក់រលំមកលើផ្លូវ ទាំងកំរោលតែម្តង តែសំណាងល្អ មិន មានអ្នករងរបួសនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យដល់ទីតាំងកើតហេតុ ដាក់កម្លាំងចុះមកកាត់ដើមឈើរលំនេះចេញ ដើម្បីសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ៕