Saturday, September 6, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រមុំបាត់៥ថ្ងៃ រកឃើញនៅវត្តភ្នំ

ក្រមុំបាត់៥ថ្ងៃ រកឃើញនៅវត្តភ្នំ

ភ្នំពេញ ៖ យុវតីរូបស្រស់ជាសិស្សម្នាក់ ដែលចេញបាត់ពីផ្ទះ ដោយគ្មានដំណឹង អស់រយៈពេល៥ថ្ងៃ ធ្វើឱ្យឪពុកម្តាយមានការព្រួយបារម្ភ ប្តឹងឲ្យសមត្ថកិច្ចជួយរកនោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងនាំយកទៅប្រគល់ជូនក្រុមគ្រួសារវិញ ខណៈដែលយុវតីខាងលើ បានចេញទៅស្នាក់នៅផ្ទះជាមួយមិត្តភក្តិនៅម្តុំវត្តភ្នំ។

យុវតីដែលបាត់ខ្លួននោះ មានឈ្មោះអោ លីហ្សា អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ F37 ផ្លូវបេតុង បុរីស្រីសុវណ្ណា ភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ យុវតីរូបនេះ បានបាត់ចេញពីផ្ទះ តាំងពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ និងត្រូវអាណាព្យាបាល បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ខណ្ឌព្រែកព្នៅ ដើម្បីឱ្យជួយស្វែងរកកូនស្រី។ ក្រោយមក សមត្ថកិច្ចប៉ុស្តិ៍គោករកា សហការជាមួយនគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវរកឃើញយុវតីខាងលើ នៅផ្ទះមិត្តភក្តិរបស់នាង ម្តុំវត្តភ្នំ រួចនាំយកទៅប៉ុស្តិ៍ ធ្វើការអប់រំ រួចប្រគល់ឱ្យក្រុមគ្រួសារ នាំយកត្រលប់ទៅផ្ទះវិញ។

តាមសម្តីស្ត្រីជាម្តាយរបស់យុវតីខាងលើ បានឱ្យដឹងថា កូនស្រីរបស់គាត់ ត្រូវបាននគរបាលប៉ុស្តិ៍គោករកា សហការជាមួយនគរបាលខណ្ឌដូនពេញ ស្រាវជ្រាវរកឃើញ នៅវេលាម៉ោង៧យប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅម្តុំវត្តភ្នំ រួចនាំមកស្នាក់ការប៉ុស្តិ៍ ធ្វើការអប់រំ រួចប្រគល់ឱ្យក្រុមគ្រួសារវិញ។

ស្ត្រីជាម្តាយយុវតីខាងលើ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជានគរបាលខណ្ឌព្រែកព្នៅ និងនគរបាលខណ្ឌដូនពេញ ដែលបានស្វះស្វែងជួយរកកូនស្រីរបស់គាត់ ត្រលប់មកផ្ទះវិញ៕

RELATED ARTICLES