
សហរដ្ឋអាមេរិក ៖ ពលរដ្ឋខ្មែរអាមេរិកាំង បានប្រកាសរៀបចំកម្មវិធីប្រគល់ពានរង្វាន់ «វីរជនស្វែងរកសន្តិភាពសម្រាប់កម្ពុជា» ជូនលោក ហ្គារី ហ្វ្រែនឈី (Gary Franchi) និងលោក ម៉ៃឃើល អាល់ហ្វារ៉ូ (Michael B Alfaro) អ្នករាយការណ៍ព័ត៌មានប្រចាំសេតវិមានរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក ដើម្បីលើកទឹកចិត្តដល់ពួកគាត់ ដែលបានផ្តល់យុត្តិធម៌ សម្រាប់កម្ពុជា ដែលរងការឈ្លានពានពីសំណាក់ទាហានថៃ នាពេលនេះ បន្ទាប់ពីលោកទាំង២ បានផ្សព្វផ្សាយការពិតឲ្យពិភពលោកបានដឹងពីសកម្មភាពបង្កសង្គ្រាមឈ្លានពានាទឹកដីកម្ពុជា ពីសំណាក់ទាហានថៃ។
ពលរដ្ឋខ្មែរអាមេរិកាំង បានអំពាវនាវឲ្យពលរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិក ក៏ដូចជានៅតាមប្រទេសនានាលើពិភពលោក មេត្តាមកចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ «វីរជនសន្តិភាព» ជូនលោក ហ្គារី ហ្វ្រែនឈី (Gary Franchi) និងលោក ម៉ៃឃើល អាល់ហ្វារ៉ូ (Michael B Alfaro) ឱ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់ពួកគាត់ទាំង២រូប។

សេចក្តីអំពាវនាវរបស់ពលរដ្ឋខ្មែរអាមេរិកាំង ដែលលោកមាជ សុវណ្ណារ៉ា ពលរដ្ឋខ្មែរអាមេរិកកាំង និងជាប្រធានគណបក្សខ្មែរជំនាន់ថ្មី បានយកមកបង្ហោះផ្សាយក្នុងគណនីនិងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ មានខ្លឹមសាតទាំងស្រុងថា “ក្នុងនាមពួកយើងជាជនជាតិខ្មែរ ដែលមានឈាមជ័រពីបុព្វបុរសសម័យមហានគរដ៏រុងរឿង ត្រូវមានកាតព្វកិច្ចក្នុងការថែរក្សា ការពារជាតិ ការពារទឹកដី គ្មានទីបញ្ចប់ ដើម្បីថែរក្សាដែនអធិបតេយ្យជាតិរបស់យើង ទុកសម្រាប់កូនចៅជំនាន់ក្រោយ សម្រាប់បន្តពូជសាសន៍ខ្មែរ ដែលជាពូជសាសន៍ថ្លៃថ្នូរ សច្ចៈទៀងត្រង់ នៅលើផែនដី យូរអង្វែងទៅថ្ងៃអនាគតបន្តទៀត។
ដូច្នេះក្នុងនាមយើងជាពលរដ្ឋខ្មែរ សូមពុកម៉ែ បងប្អូន លោកយាយ លោកតា អ៊ំពូ មាមីង ដែលរស់នៅសហរដ្ឋអាមេរិក គ្រប់រដ្ឋទាំងអស់ និងតាមបណ្តាប្រទេសនានានៅលើពិភពលោក មេត្តាមកចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ «វីរជនស្វែងរកសន្តិភាពសម្រាប់កម្ពុជា» ដល់លោក ហ្គារី ហ្វ្រែនឈី (Gary Franchi) និងលោក ម៉ៃឃើល អាល់ហ្វារ៉ូ (Michael B Alfaro) ឱ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់ពួកគាត់ ដែលបានជួយផ្តល់យុត្តិធម៌ សម្រាប់កម្ពុជាពីការឈ្លានពានទឹកដីពីសំណាក់ប្រទេសថៃ នាពេលនេះ។
កម្មវិធីនេះ នឹងប្រព្រឹត្តិទៅនៅក្នុងវត្តអង្គរធំ ដែលមានអាសយដ្ឋាន 770 Bryant Road Spartanburg South Carolina ។
ការចូលរួមរបស់បងប្អូនខ្មែរ គ្រប់ទិសទី មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបង្ហាញពីការប្តូរផ្តាច់ក្នុងការការពារប្រទេសជាតិយើង ។ ជាងនេះទៀត ក៏ដើម្បីជួយលើកទឹកចិត្តឱ្យលោក ហ្គារី និងលោក ម៉ៃឃើល បន្តបេសកម្មជួយផ្សព្វផ្សាយពីការឈ្លានពានរបស់ប្រទេសថៃ លើទឹកដីសុវណ្ណភូមិរបស់ខ្មែរយើង ឱ្យកាន់តែខ្លាំងថែមទៀតដែរ។
គោលបំណងនៃការប្រារព្ធកម្មវិធីប្រគល់ពានរង្វាន់ «វីរជនស្វែងរកសន្តិភាពសម្រាប់កម្ពុជា» នេះគឺ ៖
ទី១- ដើម្បីថ្លែងអំណរគុណដល់លោក Michael & Gary ដែលជួយផ្សព្វផ្សាយពីការឈ្លានពានរបស់ប្រទេសថៃ លើទឹកដីកម្ពុជា កាលពីពេលកន្លងមក ហើយក៏ដើម្បីជំរុញទឹកចិត្តគាត់ឱ្យខិតខំជួយជាតិយើង ពីការឈ្លានពានរបស់ប្រទេសថៃ បន្តទៀតដែរ។
ទី២- ដើម្បីមានឱកាសទទួលទានអាហារសាមគ្គីរួមគ្នា ដោយការដោះអាវបក្ស ពាក់អាវជាតិ ក្នុងបំណងពិភាក្សាគ្នារិះរកវិធីដើម្បីការពារបូរណភាពជាតិខ្មែរ។
ទី៣- ដើម្បីពង្រឹងនិងពង្រីកសហគមន៍ខ្មែរ នៅរដ្ឋ North Carolina & រដ្ឋ South Carolina ក្នុងការសហការគ្នារវាងរដ្ឋទាំងពីរ។
ទី៤- ដើម្បីស្វែងរកថវិកាជួយដល់បងប្អូនភៀសសឹក សម្រាប់ទិញស្បៀងអាហារ សម្ភារៈប្រើប្រាស់ ក្នុងគ្រាដ៏លំបាកនេះ។
ទី៥- ដើម្បីផ្សព្វផ្សាយនិងលាតត្រដាងនូវអំពើឈ្លានពានរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជាយើង ឱ្យពិភពលោកទាំងមូលបានដឹង តាមរយៈនៃការជួយផ្សព្វផ្សាយរបស់លោក Michael & Gary ដូចដែលគាត់ធ្លាប់បានជួយកម្ពុជា កន្លងមក។
កម្មវិធីប្រគល់ពានរង្វាន់ «វីរជនស្វែងរកសន្តិភាពសម្រាប់កម្ពុជា» នេះ ធ្វើឡើងនៅក្នុងវត្តអង្គធំ រដ្ឋ South Carolina ចាប់ពីម៉ោង ៩៖០០នាទីព្រឹក ដល់ម៉ោង ៦៖០០នាទីល្ងាច។
បងប្អូនដែលមានបំណងចូលរួមកម្មវិធីនេះ សូមទាក់ទងទៅកាន់លោក ថាច់ សីហា ប្រធានសហគមន៏ខ្មែរ ប្រចាំរដ្ឋ North Carolina និងលោក គីម វុឌ្ឍិ ប្រធានសមាគមខ្មែរ ប្រចាំរដ្ឋ South Carolina ដែលមានលេខទូរស័ព្ទ 336-338-4318 ហើយមួយលេខទៀត 864-494-1991។
ក្នុងនាមជាពលរដ្ឋខ្មែរ ដែលជាពូជសាសន៍ថ្លៃថ្នូរ ត្រូវតែមានកាតព្វកិច្ចពីកំណើត ក្រោកឈរឡើង រួបរួមកម្លាំងគ្នាជាធ្លុងមួយ បញ្ឈប់អំពើឈ្លានពានរបស់បរទេស មកលើប្រទេសរបស់យើង“ ។
ជុំវិញលិខិតអំពាវនាវខាងលើនេះ លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ជាពលរដ្ឋខ្មែរអាមេរិកកាំងមួយរូប ដែលកំពុងស្ថិតនៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ថា ការឲ្យពានរង្វាន់ជូនជនបរទេសដែលបានជួយតម្កល់ផលប្រយោជន៍ រកយុត្តិធម៌ឲ្យខ្មែរយើង ទាក់ទងទៅនឹងកងទ័ពជ្រុលនិយមសៀម បានបង្កឲ្យមានសង្រ្គាម ឈ្លានពានមកលើទឹកដីកម្ពុជាយើង គឺជាការផ្តល់តម្លៃ អរគុណ លើកទឹកចិត្ត សម្រាប់មនុស្សដែលយកចិត្តទុកដាក់រកយុត្តិធម៌ និងគាំទ្រដល់កម្ពុជាយើង ដែលកំពុងរងការឈ្លានពានពីប្រទេសថៃ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “អ្វីដែលពលរដ្ឋខ្មែរអាមេរិកាំង អំពាវនាវប្រគល់ពានរង្វាន់ «វីរជនសន្តិភាព» ទៅឲ្យម៉ៃឃើល ហើយនិងហ្គារី ហ្នឹង ជាអ្នកសារព័ត៌មាន ជាអ្នកឡប់ប៊ី មានន័យថា អ្នកដែលធ្វើការទាក់ទាញឲ្យមានការគិតគូរឬក៏ការមើលឃើញការពិតនៃយុត្តិធម៌ មានន័យថា អ្នកបញ្ចុះបញ្ចូលថា អ្វីជាការពិតនៃការឈ្លានពានរបស់ប្រទេសថៃ មកលើអធិបតេយ្យ បូរណភាពទឹកដីរបស់ប្រទេសខ្មែរហ្នឹង គឺអ្វីដែលខ្មែរអាមេរិកាំង គាត់ចង់ឲ្យពានរង្វាន់ ធ្វើពិធីធ្វើអី គឺដោយសារអ្នកទាំងពីរហ្នឹង បានផ្សាយ បានចុះទៅដល់ស្រុកខ្មែរ ចុះទៅដល់កន្លែងកើតហើយនៃការរំលោភបំពានអធិបតេយ្យ បូរណភាពទឹកដី ដែលបានផ្សព្វផ្សាយនៅក្នុងនាមជាអ្នកសារព័ត៌មាន ប្រចាំនៅសេតវិមាន ហើយក្នុងនាមជាអ្នកសារព័ត៌មានឯករាជ្យដ៏ល្បី នៅសហរដ្ឋអាមេរិក ហ្នឹង គឺបានបង្ហាញពីការពិត ទៅនឹងអ្វីដែលធ្វើឲ្យសហគមន៍អន្តរជាតិ គេបានដឹងថា អ្នកណាខុស អ្នកណាត្រូវ ទៅនឹងហេតុផលនៃការបង្កើតឲ្យមានសង្រ្គាម ប្រយុទ្ធគ្នា ៥ថ្ងៃហ្នឹង“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងវាជាធម្មតា ការឲ្យជារង្វាន់ ជាពានលើកទឹកចិត្តនូវអ្វីដែលគេបានជួយតម្កល់ផលប្រយោជន៍ឲ្យខ្មែរយើង រកយុត្តិធម៌ឲ្យខ្មែរយើង ទាក់ទងទៅនឹងអ្វីដែលប្រទេសសៀម ជាពិសេសកងទ័ពជ្រុលនិយមសៀម បានបង្កឲ្យមានសង្រ្គាម មកលើទឹកដីយើងអីហ្នឹង គឺសុទ្ធតែជារឿងមិនមែនជាការខាតបង់ ឬក៏ជារឿងដែលយើងមិនអាចឲ្យតម្លៃគេបាន គ្រាន់តែអរគុណ លើកទឹកចិត្ត ឲ្យពានសម្រាប់មនុស្សដែលយកចិត្តទុកដាក់ ជាជាតិសាសន៍ផ្សេង ហើយគេមករកយុត្តិធម៌ មកគាំទ្រដល់ភាគីកម្ពុជា ខ្ញុំថា វាជារឿងល្អទេ វាមិនមែនជារឿងអីដែលយើងត្រូវច្រណែន រឿងអីដែលយើងត្រូវធ្វើឲ្យឧបសគ្គរាំងស្ទះទេ ព្រោះបើសិនជាគេមិនគិតគូរពីភាពយុត្តិធម៌ ពីសន្តិភាព ពីជីវិតមនុស្ស ជាពិសេសកុមារ ចាស់ជរាអីហ្នឹង គឺថាគេទៅឈឺក្បាលវិលមុខ សួរថាគេទៅឈឺក្បាលវិលមុខអី? សួរថា បានចំណេញដល់ផលប្រយោជន៍អីដល់ជនជាតិអាមេរិកាំង ពីររូបហ្នឹង? អ៊ីចឹងយើងមើលអំពីគុណធម៌របស់មនុស្ស ទៅនឹងអំណាចសារព័ត៌មាន ទៅនឹងមនុស្សធម៌ សម្រាប់ជួយសង្រ្គោះជីវិតមនុស្សនោះ វាជារឿងសំខាន់“ ។
ជាមួយគ្នានេះដែរ ប្រធានសមាគមខ្មែរ នៅ North Carolina (CANC) លោកថាច់ សីហា ( Seyha Thach) បានបង្ហាញការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះភាពក្លាហានរបស់លោក Michael ក្នុងការបង្ហាញភាពពិត អំពីស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ។ លោកបាននិយាយថា លោក Michael ជាវីរបុរសដូចគ្នានឹងលោក Gary Franchi ដែលកំពុងស្វែងរកយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា។
គួរបញ្ជាក់ថា លោក ម៉ៃឃើល អាល់ហ្វារ៉ូ (Michael B Alfaro) ជាអ្នកប្រឹក្សារបស់ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានធ្វើដំណើរមកកម្ពុជា បន្ទាប់ពីលោកប្រធានាធិបតី Donald J. Trump បានផ្តួចផ្តើមឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា និងថៃ ។ នៅលើទឹកដីកម្ពុជា លោកម៉ៃឃើល បានជួបជាមួយថ្នាក់ដឹកនាំកម្ពុជា និងបានរាយការណ៍ផ្ទាល់ពីតំបន់ព្រំដែនកម្ពុជា-ថៃ ដែលទាហានថៃ បានឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា ដោយរាយលួសបន្លា កង់ឡាន ព័ទ្ធយកដីផ្ទះប្រជាពលរដ្ឋកម្ពុជា បណ្តេញក្រុមគ្រួសារខ្មែរ ចេញពីផ្ទះនិងដីធ្លីរបស់ពួកគាត់ ដែលបានរស់នៅតាំងពីយូរលង់មកហើយ នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីទាហានថៃ បានបង្កឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ វាយប្រហារ ឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា យ៉ាងឃោរឃៅ រួមមានការបាញ់ផ្លោងដោយកាំភ្លើងធំ ប្រើយន្តហោះ និងដ្រូន ទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម បាញ់ផ្សែងពុល បំផ្លាញសាលារៀន មន្ទីរពេទ្យ និងវត្តអារាម ហើយក្រោយពីមានបទឈប់បាញ់ ចូលជាធរមាន ទាហានថៃ បានប្រើល្បិចកខ្វក់ ចាប់ខ្លួនយោធាកម្ពុជា ២០នាក់ (ដោះលែង២នាក់ ក្នុងសភាពមិនប្រក្រតី) និង ១៨នាក់ទៀត បន្តឃុំខ្លួន មិនទាន់ដោះលែង មកដល់ពេលនេះ។

វីដេអូផ្សាយផ្ទាល់ របស់អ្នករាយការណ៍ព័ត៌មានប្រចាំសេតវិមាន ម៉ៃឃើល អាល់ហ្វារ៉ូ បង្ហាញពីរបងលួសបន្លា រំលោភយកផ្ទះសម្បែងពលរដ្ឋខ្មែរ ធ្វើឲ្យពួកគាត់បាត់បង់ផ្ទះ ដីធ្លី មកស្នាក់នៅក្រោមតង់កៅស៊ូ តាមចិញ្ចើមផ្លូវ បានទាក់ទាញអ្នកមើល ជាង ៩លាននាក់ ក្នុងរយៈពេលត្រឹមតែ ១ម៉ោង ដែលបង្ហាញនូវការឈ្លានពាន និងអំពើអមនុស្សធម៌របស់ទាហានសៀម មកលើប្រជាពលរដ្ឋកម្ពុជា ឲ្យពិភពលោកបានឃើញ បានដឹងពីអំពើអាក្រក់របស់ជនជាតិថៃ ឬសៀម រហូតធ្វើឲ្យអាជ្ញាធរថៃ បានចាប់ផ្តើមយុទ្ធនាការប្រឆាំងនឹងលោកម៉ៃឃើល និងលោកហ្គារី ហើយសហគមន៍អន្តរជាតិ បានងាកមកគាំទ្រកម្ពុជា ហើយទាមទារឲ្យថៃ បញ្ឈប់ការឈ្លានពានកម្ពុជា និងដោះលែងកងទ័ពកម្ពុជា ទាំង១៨រូប ជាបន្ទាន់ ដោយឥតលក្ខខណ្ឌ៕ កុលបុត្រ