ភ្នំពេញ ៖ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីបំភ្លឺទៅលើការជជែកគ្នានៅក្នុងបណ្ដាញសង្គម លើប្រធានបទមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ជាមួយប្រទេសថៃ ជាពិ សេសក្រោយពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ រួមទាំងការចោទនូវសំណួរមួយចំនួន ដែលបង្កើតជាភាពស្រពេចស្រពិល រហូតដល់មានបុគ្គលខ្លះ យកទៅធ្វើអាជីវកម្ម ដើម្បីកេងចំណេញនយោបាយ ដូចជាថា ហេតុអ្វីរាជរដ្ឋាភិបាល ស្ងាត់ស្ងៀមម្ល៉េះ? តើរាជរដ្ឋាភិបាល បានបញ្ជាឲ្យកងទ័ពជួរមុខនៅសមរភូមិ ដកថយទេ ក្រោយពីចរចាបទឈប់បាញ់? តើការចរចានានាកន្លងមក មានភ្ជាប់លក្ខខណ្ឌកាត់ដោះដូរដីឬទេ? ជាដើម។

សម្តេចនាយករដ្ឋមន្ត្រី បានសរសេរបញ្ជាក់ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថា «ដោយសារមួយរយៈនេះ ឃើញមានការជជែកគ្នានៅក្នុងបណ្ដាញសង្គម លើប្រធានបទមួយចំនួន រួមទាំងការចោទនូវសំណួរមួយចំនួន ដែលបង្កើតជាភាពស្រពេចស្រពិល រហូតដល់មានបុគ្គលខ្លះ យកទៅធ្វើអាជីវកម្ម ដើម្បីកេងចំណេញនយោបាយផង។ ខ្ញុំសូមយកឱកាសបញ្ជាក់ដោយសង្ខេប ÷
១. ហេតុអ្វីរាជរដ្ឋាភិបាល ស្ងាត់ស្ងៀមម្ល៉េះ?
– បងប្អូនមួយចំនួន ប្រហែលជាយល់ថា ទាល់តែនាយករដ្ឋមន្ត្រី ឬឥស្សរជនសំខាន់ៗ បញ្ចេញសារតាមទូរទស្សន៍ ឬបណ្តាញសង្គម ជាប្រចាំ បានគិតថា រដ្ឋាភិបាល អត់ស្ងៀមស្ងាត់។
នៅក្នុងដំណាក់កាលដែលសភាពមានការប្រែប្រួលលឿន និងមានភាពមិនច្បាស់លាស់ ការធានានូវសង្គតិភាពនៃព័ត៌មាន គឺសំខាន់ណាស់ ដើម្បីកុំឲ្យមានបញ្ហាច្របូកច្របល់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាល បានរៀបចំយន្តការ និងប្រគល់ភារកិច្ចជូនក្រុមអ្នកនាំពាក្យ ដែលមានអ្នកនាំពាក្យរាជរដ្ឋា ភិបាល ក្រសួងការពារជាតិ និងក្រសួងការបរទេស ធ្វើកិច្ចការងារផ្សព្វផ្សាយព័ត៌មានជាប្រចាំ។ បន្ថែមលើយន្ត ការនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងការបរទេស ក្រសួងពត៌មាន រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គណៈអភិបាលខេត្តពាក់ព័ន្ធ។ល។ ក៏មានផ្សព្វផ្សាយនូវវិធានការសំខាន់ៗរបស់ខ្លួន ឲ្យប្រជាពលរដ្ឋបានជ្រាប ជាប់ជាប្រចាំផងដែរ។
២. តើរាជរដ្ឋាភិបាល បានបញ្ជាឲ្យកងទ័ពជួរមុខនៅសមរភូមិ ដកថយទេ ក្រោយពីចរចាបទឈប់បាញ់?
– ចម្លើយខ្លី គឺគ្មានទេ។
រាជរដ្ឋាភិបាល មិនមានដាក់បទបញ្ជាឲ្យដកថយកម្លាំង ក្រោយពីមានបទឈប់បាញ់នោះទេ ហើយក្នុងកិច្ចចរចាបទឈប់បាញ់ ក៏គ្មានដាក់លក្ខខណ្ឌឲ្យកងទ័ពភាគីណា ដកថយពីទីតាំងឈរជើងរបស់ខ្លួននោះដែរទេ។
៣. តើការចរចានានា ក្នុងពេលកន្លងមក មានភ្ជាប់លក្ខខណ្ឌជាមួយកាត់ដោះដូរដីឬទេ?
– ចម្លើយខ្លី គឺគ្មានទេ។
ការចរចាបទឈប់បាញ់ ថ្ងៃ ២៨ កក្កដា នៅប្រទេសម៉ាឡេស៊ី គឺនិយាយពីបទឈប់បាញ់គ្នាតែប៉ុណ្ណោះ។ ការចរចាទ្វេភាគី កន្លងមក ដោយរាប់ទាំង Extraordinary GBC រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងកិច្ចប្រជុំថ្នាក់តំបន់ រវាងយោធភូមិភាគ (RBC) ក៏មិនមាននិយាយពីការកំណត់ព្រំដែននោះដែរ។ រាល់លទ្ធផលនៃកិច្ចប្រជុំ (រាប់ទាំងប្រជុំពិសេស ថ្ងៃទី២៨ កក្កដា, ប្រជុំវិសាមញ្ញ GBC និង RBC) សុទ្ធតែបង្ហាញជាសាធារណៈទាំងអស់។ គ្មានការលាក់បាំងទេ។ ហើយក៏គ្មានការចរចាសម្ងាត់ណាផ្សេង ក្រៅពីកិច្ចប្រជុំទាំងនោះដែរ។
ចំពោះកិច្ចការចរចាព្រំដែន កម្ពុជា នៅតែប្រកាន់យកជំហរនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។
៤. តើរដ្ឋាភិបាល ក្រសួងការពារជាតិ អត់មានជួយអ្វីដល់កងទ័ពជួរមុខទេ បានជាឃើញតែសប្បុរសជនជួយ?
– ចម្លើយខ្លី គឺរាជរដ្ឋាភិបាល មិនដែលបោះបង់ការទទួលខុសត្រូវរបស់ខ្លួន ចំពោះបងប្អូនវីរកងទ័ព វីរនគរបាលជាតិ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប៉ះពាល់ដោយសារការប្រយុទ្ធគ្នា ឬមានការបំពានផ្សេងៗនោះទេ។ សូមបងប្អូនមេត្តាយោគយល់ ចំពោះការដែលក្រសួង ស្ថាប័នរបស់រដ្ឋ មិនបានថតបង្ហោះ ឬដាក់ចេញនូវរបាយ ការណ៍ជាសាធារណៈ អំពីរាល់ការងារធានានិងផ្គត់ផ្គង់ដល់កងទ័ពជួរមុខនោះទេ ដែលអាចឱ្យបងប្អូនមួយចំនួនយល់ច្រឡំថា រាជរដ្ឋាភិបាល មិនបានយកចិត្តទុកដាក់ដល់កងទ័ពជួរមុខ»។
សម្តេចហ៊ុន ម៉ាណែត បញ្ជាក់បន្តថា «បន្ថែមលើនោះ ការគិតគូរជាប្រចាំ របស់រាជរដ្ឋាភិបាល ក៏មិនត្រឹមតែសម្រាប់កងទ័ពជួរមុខ និងប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារបញ្ហាព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាល ត្រូវគិតគូរជាប្រចាំ សម្រាប់កងទ័ពនិងប្រជាជនទូទាំងប្រទេស និងគ្រប់វិស័យតែម្តង។
ជាមួយគ្នានេះ ខ្ញុំសូមធ្វើការថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអស់ ដែលមានទឹកចិត្តស្នេ ហាជាតិ និងគាំទ្រដល់កងកម្លាំងជួរមុខរបស់យើង តាមរយៈការជួយឧបត្ថម្ភគាំទ្រ ជាស្បៀងអាហារ សម្ភារៈ មធ្យោបាយ ដល់កងទ័ពជួរមុខរបស់យើង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលដោះស្រាយជូន។ រាជរដ្ឋាភិបាល តែងតែស្វាគមន៍នូវស្មារតីសាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរនេះ តាំងតែពីមុនផ្ទុះអាវុធ កាលពីថ្ងៃទី២៤ កក្កដា មកម្ល៉េះ។ ពេលនេះ ជាពេលលំបាក ដែលយើងត្រូវរួបរួមសាមគ្គីគ្នា ជួយគ្នា ដើម្បីរួមគ្នាដោះស្រាយបញ្ហា»។
សម្តេចនាយករដ្ឋមន្ត្រី បន្តទៀតថា «ខ្ញុំសង្ឃឹមថា ការបញ្ជាក់ដោយខ្លី ប៉ុន្មានចំណុចខាងលើ នឹងអាចដោះ ស្រាយចម្ងល់មួយចំនួនដែលខ្ញុំបានឃើញតាមបណ្ដាញសង្គម នៅពេលកន្លងមកនេះ។
ហេតុដូច្នេះខ្ញុំសូមបងប្អូនប្រជាពលរដ្ឋ ជនរួមជាតិទាំងអស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលបាននិងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាឲ្យបានឆាប់រហ័ស ដើម្បីឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជន បើទោះជាកិច្ចការជាច្រើន មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដែលមើលទៅហាក់ដូចជាមានភាពស្ងាត់ស្ងៀមពេកក៏ដោយ»៕ ខៀវទុំ