
ខេត្តបន្ទាយមានជ័យ ៖ គណបក្សនយោបាយក្រៅរដ្ឋាភិបាល រួមមាន គណបក្សជំនាន់ថ្មី និងគណបក្សកម្លាំងជាតិ ជាដើម បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសសកម្មភាពកងកម្លាំងប្រដាប់អាវុធថៃ ដែលចូលឈ្លានពានទឹកដីខ្មែរ រាយលួសបន្លា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាំពីថ្ងៃទី១៦-១៧-១៨ ខែកញ្ញា ឆ្នាំ២០២៥ និងបានប្រើអំពើហិង្សា បាញ់កាំភ្លើងគ្រាប់ជ័រ ចម្ពាមកៅស៊ូ គ្រាប់បែកផ្សែង ឧស្ម័នបង្ហូរទឹកភ្នែក បណ្តាលឱ្យប្រជាពលរដ្ឋ និងព្រះសង្ឃចំនួន ២៨អង្គ/នាក់ ដួលសន្លប់ និងរងរបួសធ្ងន់-ស្រាល ក្នុងនោះមានកងទ័ពកម្ពុជា ម្នាក់ ដែលមិនប្រដាប់អាវុធ ដែលបានឈរពាំងការពារប្រជាពលរដ្ឋ បានរងរបួសបែកភ្នែកខាងស្តាំ ។

សេចក្ដីថ្លែងការណ៍ របស់គណបក្សជំនាន់ថ្មី ដែលមានលោកមាជ សុវណ្ណារ៉ា ជាប្រធាន ចុះថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា “គណបក្សជំនាន់ថ្មី សូមថ្កោលទោសសកម្មភាពនគរបាលនិងកម្លាំងចម្រុះសៀម ទាហានប៉ារ៉ា ទាហានឈុតខ្មៅ និងប្រជាពលរដ្ឋស្រុកគោកធ្យូង ខេត្តស្រះកែវ ចំនួនប្រហែល ៣០០នាក់ មានអាវុធគ្រប់ដៃ និងឧបករណ៍សម្រាប់ទប់ស្កាត់បាតុកម្ម ខ្លះទៀតមានកាន់ចម្ពាមកៅស៊ូ បានចូលរួមធ្វើសកម្មភាពរាយលួសបន្លា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ១១ៈ៣០នាទី រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៥។ កម្លាំងចម្រុះរបស់ភាគីសៀម បានប្រើប្រាស់រថយន្តបំពាក់ឧបករណ៍បំពងសំឡេង និងកាំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក មកលើកងកម្លាំង និងប្រជាពលរដ្ឋកម្ពុជា បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រដាសត្រចៀក និងប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្កអំពើហិង្សាទៅលើប្រជាពលរដ្ឋខ្មែរ ដោយបានប្រើប្រាស់ឧបករណ៍បង្រ្កាបបាតុកម្ម បាញ់កាំភ្លើងខ្យល់ និងបាញ់ចម្ពាមកៅស៊ូ គ្រាប់ឃ្លី ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋ ទាហាន និងព្រះសង្ឃ ចំនួន ២៨អង្គ/នាក់ ដួលសន្លប់ និងរងរបួសធ្ងន់ និងស្រាល។

គណបក្សជំនាន់ថ្មី ចាត់ទុកទង្វើរបស់កងកម្លាំងចម្រុះរបស់ភាគីសៀម គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើស្មារតីនៃបទឈប់បាញ់ និងគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំ GBCនិង RBC ទាំងអស់កន្លងមក។
គណបក្សជំនាន់ថ្មី សូមអំពាវនាវ ៖
-ស្នើឱ្យភាគីសៀម គោរពឱ្យបានខ្ជាប់ខ្ជួននិងម៉ឺងម៉ាត់នូវស្មារតីនៃបទឈប់បាញ់ ក៏ដូចជាការព្រមព្រៀងទាំងឡាយ នៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមាន នៅវេលាម៉ោង ២៨ៈ០០ ម៉ោងនៅក្នុងស្រុក កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។-អ្នកសង្កេតកាណ៍អន្តរជាតិ ចូលរួមពិនិត្យនិងចាត់វិធានការដើម្បីទប់ស្កាត់ឱ្យមានសន្តិភាព និងការគោរពច្បាប់អន្តរជាតិ។
-ប្រជាពលរដ្ឋខ្មែរ រួមសាមគ្គី គាំទ្រដល់កងកម្លាំងជាតិដែលកំពុងការពារទឹកដី“ ។

ចំណែកសេចក្ដីថ្លែងការណ៍ របស់គណបក្សកម្លាំងជាតិ ដែលមានលោក ជា មុន្នី ជាប្រធាន ចុះថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា “គណបក្សកម្លាំងជាតិ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរបស់ភាគីថៃ ដែលបង្ហាញកម្លាំងចម្រុះ មានអាវុធគ្រប់ដៃ ព្រមទាំងឧបករណ៍បង្ក្រាបបាតុកម្ម ចូលមកធ្វើសកម្មកររាយលួសបន្លា រំលោភចូលក្នុងដែនអធិបតេយ្យព្រះរាជាណាចក្រកម្ពុជា និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងគ្រាប់ជ័រ គ្រាប់ចម្ពាមកៅស៊ូ លើព្រះសង្ឃ និងពលរដ្ឋខ្មែរ ឱ្យរបួសជាច្រើនអង្គ/នាក់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

គណបក្សកម្លាំងជាតិ ចាត់ទុកសកម្មភាពខាងលើ របស់ភាគីថៃ ជាទង្វើឈ្លានពានយ៉ាងកំរោល មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងភាគីថៃ នៅតែទៅរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ហើយទាហានទាំង១៨នាក់របស់កម្ពុជា មិនត្រូវបានដោះលែងនៅឡើយ ។
គណបក្សកម្លាំងជាតិ សូមឲ្យភាគីថៃ ត្រូវដោះលែងទាហានកម្ពុជា ទាំង១៨នាក់ ឲ្យមានសេរីភាព ដោយគ្មានលក្ខខណ្ឌ និងកងកម្លាំងប្រដាប់អាវុធថៃ ត្រូវបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពដែលបាននិងកំពុងធ្វើមកលើកម្ពុជា ។
សូមរាជរដ្ឋាភិបាលកម្ពុជា ត្រូវដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ តាមយន្តការច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីដំណោះស្រាយនយោបាយរួមមួយ នៃជម្លោះកម្ពុជា ដែលជាយន្តការដ៏រឹងមាំ នាំមកនូវសន្តិភាពជូនមាតុភូមិ និងសេចក្ដីសុខសម្រាប់ប្រជាពលរដ្ឋស្លូតត្រង់យូរអង្វែង”។

ចំណែកសេចក្ដីថ្លែងការណ៍ របស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សសម្ព័ន្ធឆ្ពោះទៅអនាគត ចុះថ្ងៃព្រហស្បតិ៍ ១១ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ មានខ្លឹមសារថា “ គណបក្ស ភ្លើងទៀន និងគណបក្ស ឆន្ទៈខ្មែរ សូមថ្កោលទោសចំពោះការចូលលុកលុយសាជាថ្មីរបស់កងទ័ពថៃ មកលើទឹកដីកម្ពុជា ដែលជាការបំពានយ៉ាងជាក់ច្បាស់លើកិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ សកម្មភាពនេះ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋខ្មែរស្លូតត្រង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យសន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែនរបស់យើង រងការគំរាមកំហែងផងដែរ។

គណបក្ស ភ្លើងទៀន និងគណបក្ស ឆន្ទៈខ្មែរ សូមគោរពកោតសរសើរចំពោះភាពក្លាហានរបស់ប្រជាពលរដ្ឋ និងវីរកងទ័ពខ្មែរ ដែលបន្តការពារទឹកដីបុព្វបុរសរបស់ខ្លួនយ៉ាងរឹងមាំ ក្នុងស្ថានភាពដ៏លំបាក និងប្រឈមនេះ។ ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមអំពាវនាវឱ្យភាគីទាំងររស់គោរពតាមកិច្ចព្រមព្រៀងឈប់បាញ់ ហើយបន្តការប្រើប្រាស់យន្តការដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិជាធរមាន។
គណបក្ស ភ្លើងទៀន និងគណបក្ស ឆន្ទៈខ្មែរ មានជំនឿយ៉ាងមុតមាំថា អធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នឹងមិនត្រូវបាត់បង់ ហើយសុវត្ថិភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុត “ ។ កុលបុត្រ