Friday, September 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ចិន៣នាក់ យកទៅលក់ ជាប់ខ្នោះ៤

ចាប់ចិន៣នាក់ យកទៅលក់ ជាប់ខ្នោះ៤

ខេត្តព្រះសីហនុ ៖ ជនសង្ស័យជាជនជាតិចិន ១ក្រុម បានធ្វើសកម្មភាពចាប់ជនជាតិចិន ដូចគ្នា ចំនួន៣នាក់ នៅចំណុចមុខកាស៊ីណូ ១កន្លែង ក្នុងក្រុងព្រះសីហនុ រួចរុញចូលក្នុងរថយន្ត បើកគេចខ្លួនបាត់ លុះរំលងបាន១ថ្ងៃក្រោយមក ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនក្រុមជនសង្ស័យ សរុបចំនួន៤នាក់ នៅទឹកដីខេត្តកំពង់ចាម ព្រមទាំងសង្គ្រោះបានជនរងគ្រោះទាំង៣នាក់ ផងដែរ។

ករណីចាប់មនុស្សយកទៅលក់នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចមុខកាស៊ីណូ ដាយមិន ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ រហូតមកដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ចំនួន៤នាក់ និងរំដោះជនរងគ្រោះ បានចំនួន៣នាក់ នៅចំណុចផ្លូវជាតិលេខ 71A ស្ថិតក្នុង ភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋបានរាយការណ៍ថា នៅចំណុចមុខកាស៊ីណូ ដាយមិន ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានជនសង្ស័យ មិនស្គាល់អត្តសញ្ញាណជាជនជាតិចិន ១ក្រុម បានធ្វើសកម្មភាពចាប់ជនជាតិចិន ដូចគ្នា រុញចូលក្នុងរថយន្ត រួចគេចខ្លួនបាត់។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ និងដោយមានការសម្របសម្រួលនីតិវិធីពីលោកឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេ នីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រហូតមកដល់វេលាម៉ោង ៦ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់ ភេទប្រុស ជនជាតិចិន សង្ស័យពាក់ព័ន្ធករណីខាងលើ នៅចំណុចផ្លូវជាតិលេខ 71A ស្ថិតក្នុងភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម យកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ។

បន្ទាប់ពីសាកសួរ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បានឱ្យដឹងថា ក្នុងចំណោមមនុស្សចំនួន៧នាក់ មានជនសង្ស័យចំនួន៤នាក់ ពិតជាមានតម្រុយពាក់ព័ន្ធបទល្មើសខាងលើ ប្រាកដមែន។ ដោយទ្បែក មនុស្សចំនួន៣នាក់ទៀត គឺជាជនរងគ្រោះក្នុងករណីលក់ដូរមនុស្ស ដោយមានគោលដៅពិតប្រាកដមែន។ ចំពោះសម្ភារៈចាប់យកបានជាក់ស្តែង រួមមាន ទូរស័ព្ទ ចំនួន៤គ្រឿង រថយន្ត ចំនួន២គ្រឿង និងលិខិតឆ្លងដែន ចំនួន៤ក្បាល។

សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ចំពោះករណីខាងលើនេះ ពិតជាករណីលក់ដូរមនុស្សដោយមានគោលដៅ និងចាប់ឃុំឃាំង បង្ខាំងមនុស្សធ្វើទារុណកម្មដោយខុសច្បាប់ ប្រាកដមែន។

ជនសង្ស័យទាំង៤នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES