ខេត្តកំពង់ស្ពឺ ៖ បុរស ២នាក់ ត្រូវជាបងប្អូនថ្លៃ កំពុងជិះម៉ូតូដឹកគ្នាតាមផ្លូវ ស្រាប់តែត្រូវជនសង្ស័យ ចំនួន២នាក់ បានជិះម៉ូតូដេញតាមកាក់ រួចព្រួតវាយ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ ដោយចោទជនរងគ្រោះសម្លឹងមើលមុខ លុះធ្វើសកម្មភាពរួច ក្រុមជនដៃដល់ បានព្យាយាមរត់គេចខ្លួនបាន១យប់ ក៏ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង១០នាទីព្រលប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នៅចំ ណុចលើផ្លូវលំ ស្ថិតក្នុងភូមិប្លុកបី ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ។ លុះមកដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន ចំនួន២នាក់។
ជនសង្ស័យ មានគ្នា២នាក់ ទី១-ឈ្មោះងី ចិក ភេទប្រុស អាយុប្រហែល៣០ឆ្នាំ រស់នៅភូមិប្លុកបី ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ និងទី២-ឈ្មោះឆុំ កាណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិតានក ឃុំភក្តី ស្រុកបសេដ្ឋ។ ចំណែកជនរងគ្រោះ មានចំនួន២នាក់ រួមមាន ទី១-ឈ្មោះហ៊ឹម នឿន ភេទប្រុស អាយុ២៧ឆ្នាំ (របួសបែកមុខ ជាំភ្នែកខាងឆ្វេង និងកដាច់ហូរឈាមស្រោចខ្លួន ) និងទី២-ឈ្មោះអិន ថុល ភេទប្រុស អាយុ៣៦ឆ្នាំ (រងរបួសធ្ងន់ត្រង់ក្បាល និងភ្នែក)។ ជនរងគ្រោះទាំង២នាក់ ត្រូវជាបងប្អូនថ្លៃ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានដឹកនាំកម្លាំងនគរ បាល ចុះធ្វើការស្រាវជ្រាវលើករណីបង្កហិង្សាដោយចេតនា កាលពីវេលាម៉ោង ៦និង១០នាទីព្រលប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិប្លុកបី ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបង្ក ឡើងដោយជនសង្ស័យ ២នាក់ លុះធ្វើសកម្មភាពរួច ក្រុមជនសង្ស័យ បាននាំគ្នាគេចខ្លួនបាត់អស់។
ប្រភពដដែល បន្តថា មុនពេលកើតហេតុ ជនសង្ស័យចំនួន២នាក់ រួមមាន ឈ្មោះងី ចិក និងបក្ខពួកម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ដេញតាមពីក្រោយ និងបានកាក់ពីមុខម៉ូតូរបស់ជនរងគ្រោះឈ្មោះហ៊ឹម នឿន និងឈ្មោះអិន ថុល (២នាក់បងប្អូនថ្លៃ) រួចបានចុះមកធ្វើសកម្មភាពវាយលើជនរងគ្រោះឈ្មោះហ៊ឹម នឿន ជាច្រើនដៃ បណ្តាលឱ្យរបួសបែកមុខ ជាំភ្នែកខាងឆ្វេង និងក ហូរឈាមស្រោចខ្លួន។ ចំណែកជនរងគ្រោះឈ្មោះអិន ថុល ត្រូវបានជនសង្ស័យវាយជាច្រើនដៃ និងចាប់ បោក បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវក្បាល និងភ្នែក រួចត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យលោកសង្ឃ នៅឯរាជធានីភ្នំពេញ ដើម្បីព្យាបាល។
លោកអធិការនគរបាលស្រុក បានបញ្ជាក់ថា លុះមកដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុក បានសហការឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់ (ឈ្មោះងី ចិក និងឈ្មោះឆុំ កាណា) ព្រមទាំងដកហូតបានម៉ូតូ ១គ្រឿង ម៉ាក Let’s ពណ៌ស-ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 1Q-6779 រួចបានបញ្ជូនមកកាន់អធិការដ្ឋានស្រុកនគរបាលស្រុកបសេដ្ឋ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយនិងទទួលស្គាល់ថា ក្រុមខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះទាំង២នាក់ប្រាកដមែន។ មូលហេតុដោយសារជនរងគ្រោះជិះម៉ូតូមើលមុខពួកខ្លួន ឌឺ១០០ ក៏កើតចេញជាហិង្សា ស្ទុះទៅវ៉ៃ តែម្តង ពោលគឺមិនមែនជាករណីគំនុំអ្វីនោះទេ។ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕