Friday, September 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគូស្នេហ៍លក់ថ្នាំញៀន ជាប់ខ្នោះ

គូស្នេហ៍លក់ថ្នាំញៀន ជាប់ខ្នោះ

ខេត្តបាត់ដំបង ៖ គូស្នេហ៍វ័យក្មេង ១គូ បានបែកគំនិតនាំគ្នាលក់ថ្នាំញៀន និងត្រូវបានសមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀន ស្រាវជ្រាវឃាត់ខ្លួនបានទាំង២នាក់ ដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន ចំនួន១២កញ្ចប់។ប្រតិបត្តិការបង្ក្រាបករណីជួញដូរថ្នាំញៀននេះ ធ្វើឡើង កាលពីវេលាម៉ោង ២និង២៥នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះសុន សៀងវេហា ភេទប្រុស អាយុ១៧ឆ្នាំ និងទី២-ឈ្មោះថុល ធាលិកា ភេទស្រី អាយុ១៦ឆ្នាំ។ ជនសង្ស័យទាំង២នាក់ មានលំនៅ ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ជាមួយគ្នា។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ២និង២៥នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ (១-ឈ្មោះសុន សៀងវេហា ភេទប្រុស ២-ឈ្មោះថុល ធាលិកា ភេទស្រី) ដកហូតវត្ថុតាង រួមមាន ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន១២កូនថង់ ទូរស័ព្ទដៃ ចំនួន១គ្រឿង កូនថង់សម្រាប់រំលែកថ្នាំញៀន មួយចំនួន និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន។

គូស្នេហ៍ទាំង២នាក់ខាងលើ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES