ភ្នំពេញ ៖ មាន សូនីតា បានបិទហាងកាហ្វេ «ណ» (Noir Coffee ) សាខាទី១០ របស់ខ្លួននៅលើផ្លូវ១៣៥ សង្កាត់ទួលទំពួង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ បន្ទាប់ពីដំណើរការបានជាង៤ឆ្នាំ (សម្ពោធថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១) ។ អ្នករស់នៅម្ដុំហាងសូនីតា បង្ហើបថា ហាងតារាសម្ដែងរូបនេះ បានបិទជាច្រើនខែហើយ ប៉ុន្ដែមិន ទាន់រើរអីវ៉ាន់ចេញអស់ទេ ហើយសព្វថ្ងៃក្លាយទៅជាចំណតឡាន ម៉ូតូកង់៣ និងម៉ូតូរ៉ឺម៉ក ។ យ៉ាងណាពួកគេមិនប្រាប់ពីមូលហេតុដែលស្រីស្រស់សូនីតា សម្រេចចិត្តបិទអាជីវកម្មរបស់ខ្លួននោះទេ ខណៈដែលប្រភពថា ហាងនាងបិទទ្វារ ដោយសារអត់សូវមានភ្ញៀវ ប៉ុន្ដែស្ថានភាពនេះ មិនមែនតែហាងនាងទេ ហាងប្រេនប្រេនផ្សេងៗទៀត នៅម្ដុំនោះ ក៏ជួបរឿងបែបនេះដែរ ព្រោះតែបច្ចុប្បន្ន មានហាងតូចៗ នៅក្បែៗនោះ លក់ភេសជ្ជៈមានតម្លៃថោកជាង ទើបធ្វើឲ្យហាងធំៗដូចនាង ស្ងាត់ភ្ញៀវ។

អ្នកយកព័ត៌មាន «នគរធំ» នៅមិនទាន់អាចសុំការបំភ្លឺពីមាន សូនីតា បានទេ កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។ ប៉ុន្ដែការបិទហាងកាហ្វេមួយនេះ មានន័យថា សូនីតា នៅសល់ហាង ២ទៀត កំពុងដំណើរការ នោះគឺហាងក្រមា និងហាងកាត់ដេរ។ ហេតុនេះនាងនឹងផ្ដោតទៅពង្រឹងអាជីវកម្មទាំងពីរខាងលើជាមិនខាន ខណៈដែលអំឡុងផ្ទុះកូវីដ សូនីតា ថាអាជីវកម្មរបស់នាងទាំងអស់ នៅដំណើរការធម្មតា ទោះជាពេលនោះ ហាងអ្នកផ្សេងខ្លះបានបិទទ្វារក្ដី ។

គួររំលឹកថា មាន សូនីតា ធ្លាប់ជា BA របស់កាហ្វេ «ណ» ហើយនាងក៏ចូលលុយជាមួយមិត្តភក្ដិ បើកហាងកាហ្វេនោះឡើង នៅក្បែផ្សារទួលទំពួង ដែលចំណាយទុនសរុបចំនួនជាង១០ម៉ឺនដុល្លារ ។ ថៅកែស្រីរូបស្អាតនេះ ចំណាយច្រើន ក្នុងមួយខែៗ ទៅលើថ្លៃជួលហាង និងបុគ្គលិកទាំង៣ហាង ហេតុនេះមិនថាតែនាង ឬអ្នករកស៊ីផ្សេងទេ បើខាត មានតែដកឃ្លាមួយរយៈសិន បើទោះជានាងស្រលាញ់មុខរបរបើកហាងកាហ្វេនេះ ជាយូរឆ្នាំមកហើយក្ដី ។

មាន សូនីតា ថ្លែងសារតាមបណ្តាញសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ថា «ក្នុងជីវិតនេះ គ្មានអ្នកណាអាចគេចផុតពីរឿងដែលមិនចង់ជួបឡើយ គ្រាន់តែមុននិងក្រោយប៉ុណ្ណោះ ។ ពឹងលើខ្លួនឯង ទើបមិនបាត់បង់អ្វីដែលខ្លួនមាន»។

ប្រភពខ្លះថា មាន សូនីតា មិនសូវមានពេលគ្រប់គ្រាន់មើលការខុសត្រូវហាង ព្រោះតែនាងមមាញឹកដើរលេងនៅក្រៅស្រុកច្រើនពេក ហេតុនេះហើយបានជាធ្វើឲ្យអាជីវកម្មរបស់នាង ត្រូវបិទទ្វារ ព្រោះពេលខ្លះគ្រាន់តែចង់ញ៉ាំខក្ងាន បង្កងចំហុយ ក៏ហោះទៅភ្លក្សដល់ប្រទេសចិន អីចឹងបើមិនបិទហាងខ្លួនឯង ទើបចម្លែក។ ប៉ុន្ដែតាមព័ត៌មានថា ទោះជាសូនីតា នៅបរទេសច្រើនជាងក្នុងស្រុក ក៏នាងមានបុគ្គលិកគ្រប់គ្រងជំនួស តែបញ្ហាសេដ្ឋ កិច្ចមិនសូវល្អ ការបិទហាង មិនមែនជារឿងចម្លែកទេពេលនេះ។

គួរបញ្ជាក់ថា មាន សូនីតា អាយុ៣៥ឆ្នាំ បានបន្ដលាក់មុខប្រុសស្នេហ៍ ក្រោយពីនាងបញ្ចេញរូបភាពប្រុសម្នាក់ បិទមុខ បំពាក់ចិញ្ចៀនសុំរៀបការ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅសួនត្រីក្រោមទឹកកែច្នៃ នាខេត្តសៀម រាប ទើបមកដល់ពេលនេះ គេនៅតែមិនដឹងថាតើប្រុសស្នេហ៍ពិតរបស់សូនីតា ជាអ្នកណាឲ្យប្រាកដឡើយ ខណៈដែលដំណឹងស្រីតាមស្រលាញ់នាង ច្រើនជាងប្រុស មិនទាន់ស្ងាត់។ អ្វីដែលគួរឲ្យកត់សម្គាល់ កាលពីពេលថ្មីៗនេះដែរ សូនីតា ហ៊ានស្លៀកតែខោខូវប៊យ មិនពាក់អាវ តែយកក្រណាត់ស្ដើង បាំងសុដន់ ធ្វើឲ្យប្រុសៗប្រហោងពោះ ហើយនាងថែមទាំងលេងបីកូនខ្លា អាយុ៥អាទិត្យទៀតផង បើទោះជាថ្ងូរដូចព្រាប ថាពិបាកទ្រាំ ព្រោះត្រូវខ្លាខាំផង លិទ្ធផងក៏ដោយ។ យ៉ាងណា នៅខែកញ្ញា អតីតFreshie ២០០៩ រូបនេះ បានងាកមកគ្រងឈុតប្រវត្តិសាស្រ្ដ «រាជធីតា» ដែលមើលទៅពិតជាទាក់ទាញ និងបញ្ជាក់ថា នាងជាតារាម្នាក់ដែលចេះបត់បែន តែងខ្លួនស៊ីទៅតាមប្រភេទ គ្រប់ពេលវេលាទាំងអស់៕
