ខេត្តស្វាយរៀង ៖ បុរសម្នាក់ ជាកូនសិស្សលោក បានជិះកង់ចេញបាត់ពីវត្ត ពេញ១យប់ មិនឃើញត្រឡប់មកវិញ លុះព្រឹកឡើងមានប្រជាពលរដ្ឋបានប្រទះឃើញសពជនរងគ្រោះអណ្តែតទឹកប្រឡាយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងទឹកប្រឡាយខាងលិចវត្តសំបួរ ស្ថិតនៅភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប។

ជនរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះធា អាយុ៣៤ឆ្នាំ ជាកូនសិស្សលោក ស្នាក់នៅវត្តសំបួរ ភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះខាងលើ គឺជាកូនកំព្រា និងបានមករស់នៅក្នុងវត្តសំបួរ ធ្វើជាកូនសិស្សលោក យូរឆ្នាំមកហើយ។ នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះកង់ ចេញពីវត្ត កាលពីល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយមិនដឹងថាទៅណាឡើយ។ ស្រាប់តែមកដល់មោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋប្រទះឃើញសាកសពជនរងគ្រោះអណ្តែតក្នុងទឹកប្រឡាយ ធ្វើឱ្យមាន ការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។

ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សាកសពពុំមានឃើញស្លាកស្នាមអ្វីទេ។ ដូច្នេះសមត្ថកិច្ចធ្វើការសន្និដ្ឋានថា ជនរងគ្រោះ ជិះកង់ដួលធ្លាក់ចូលក្នុងទឹកប្រឡាយ លង់ទឹកស្លាប់ ដោយជនរងគ្រោះមិនចេះហែលទឹក។

សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យគណៈកម្មការវត្ត យកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសំបួរ៕