ខេត្តកណ្តាល ៖ យុវជនចិត្តភ្លើងម្នាក់ បានសុំលុយពីឪពុក ចំនួន១ម៉ឺន៥ពាន់រៀល តែឪពុកមិនឱ្យ និងបានស្តីបន្ទោសកូនប្រុស ពីរឿងយកលុយទៅលេងល្បែង ស្រាប់តែកូនប្រុសមួម៉ៅក្តៅចិត្ត បានវាយបំផ្លាញទ្រព្យរបស់នៅក្នុងផ្ទះ បណ្តាលឱ្យខូចខាតអស់មួយចំនួន រួចរត់ទៅទិញសាំង ១លីត្រ យកមកចាក់ស្រោចដុតផ្ទះឪពុកខ្លួន តែសំណាងល្អ ត្រូវបានអ្នកជិតខាងជួយពន្លត់ទាន់។ លុះឪពុកទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះកូនប្រុស យកទៅចាត់ការតាមច្បាប់។

ករណីកូនប្រុសចាក់សាំងដុតផ្ទះឪនេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយូ ដារ៉េត ហៅដេត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង។ ចំណែកជនរងគ្រោះជាឪពុកបង្កើត មានឈ្មោះវ៉េង យូ អាយុ៦៣ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ជនសង្ស័យឈ្មោះយូ ដារ៉េត ហៅដេត បានសុំលុយពីជនរងគ្រោះ ជាឪពុក ចំនួន ១៥០០០រៀល តែជនរងគ្រោះ មិនបានឱ្យប្រាក់ទៅជនសង្ស័យជាកូនប្រុសនោះ ទេ និងបានស្តីបន្ទោសរឿងកូនប្រុស យកប្រាក់ទៅលេងល្បែងស៊ីសងទៀតផង ជាហេតុធ្វើឱ្យកូនប្រុសកំណាច ខឹងសម្បា ក៏បានវាយបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិក្នុងផ្ទះ បណ្តាលឱ្យខូចខាតអស់មួយចំនួន។
ប្រភពដដែល បន្តថា បន្ទាប់មក ដោយមិនទាន់រំសាយកំហឹងអស់ ស្រាប់តែជនសង្ស័យជាកូនប្រុស បានទៅទិញសាំង ចំនួន១លីត្រ និងដែកកេះ ចំនួន១ យកមកចាក់ស្រោចផ្ទះ រួចបានធ្វើសកម្មភាពដុតផ្ទះ ហើយភ្លាមនោះ ជនរងគ្រោះជាឪពុក បានស្រែកឆោឡោហៅប្រជាពលរដ្ឋនៅជិតខាងឱ្យជួយពន្លត់ភ្លើងឆេះទាន់ពេល។
ដោយទ្រាំនិងទង្វើរបស់កូនប្រុសកំណាចរូបនេះតទៅទៀតលែងបាន ទើបជនរងគ្រោះជាឪពុក បានទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្វាយប្រទាល ឱ្យជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យជាកូនប្រុស យកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕