ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ ចំនួន២នាក់ រួមទាំងឧបករណ៍ផ្សេងៗ និងសម្ភារៈមួយចំនួន ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប និងដកហូតជាបណ្តោះអាសន្ន ករណីសង្ស័យរុករកវត្ថុមានតម្លៃ (ជីកកំណប់)។
ករណីបង្ក្រាបនេះ បានធ្វើឡើង កាលពីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចអូរធំ ស្ថិតក្នុងភូមិសំ ឡាញ ឃុំក្រពើពីរ ស្រុកវាលវែង។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះអ៊ូច វណ្ណា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង (ជាម្ចាស់ទីតាំង) និងទី២-ឈ្មោះជុំ ជាតិ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចអូរដំណាក់កន្សែង ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង (ជាកម្មករ)។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា ការបង្ក្រាបនេះ បានធ្វើឡើង ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាពជាក់ស្តែង ដោយកាប់គាស់ជីកដី សង្ស័យរុករកវត្ថុមានតម្លៃ (ដោយដៃ) មានរាងជារង្វង់មូល និងមានជម្រៅប្រមាណ៣ម៉ែត្រ មានប្រើប្រាស់បូមទឹក និងអាចម៍ដី និងមានសង់រោង ១ខ្នង ប្រក់កៅស៊ូ សម្រាប់ស្នាក់នៅ ហើយជុំវិញបរិវេណនោះ ក៏មានហ៊ុមព័ទ្ធទៅដោយ ស្បៃពណ៌ខ្មៅទៀតផង។
ប្រភពដដែល បញ្ជាក់ថា ចំពោះសម្ភារៈដកហូតបាន រួមមាន ម៉ាស៊ីនម៉ាស៊ូត និងម៉ាស៊ីនសាំងចំនួន៣គ្រឿង ម៉ូតូម៉ាកហុងដា វ៉េវអាល់ហ្វា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DC-5155 ចំនួន១គ្រឿង ស៊ីម៉ងត៍ ចំនួន២៣ បាវ អំពូលសូឡា១ ស្បៃពណ៌ខ្មៅ ១ដុំ កៅស៊ូតង់ ២ដុំ បំពង់ទីបជ័រ ៤ដើម និងឧបករណ៍ផ្សេងៗ ដូចជា ចបកាប់ ចបជីក ប៉ែល កាំបិត។

ជនសង្ស័យទាំង២នាក់ រួមនិងសម្ភារៈវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕