ខេត្តបន្ទាយមានជ័យ ៖ បន្ទប់ផ្ទះសំណាក់ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឱ្យខូចខាតសម្ភារៈក្នុងបន្ទប់ទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះជួយបាញ់ទឹកពន្លត់អស់ ១ឡាន និងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ចំនួន១៩បំពង់ ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្ទះសំណាក់ «មនោរម្យ» មានទីតាំងស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីនគរបាលប៉ុស្តិ៍រដ្ឋ បាលសង្កាត់ផ្សារកណ្តាល ទទួលព័ត៌មានថា មានគ្រោះអគ្គិភ័យកើតឡើង នៅចំណុចផ្ទះសំណាក់ «មនោរម្យ» ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមៗ កម្លាំងអធិការ ដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត និងរដ្ឋបាលសង្កាត់ផ្សារកណ្តាល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ និងលោកលៀម សូដា អភិបាលរ ងខេត្តបន្ទាយមានជ័យ បានចុះមកជួយអន្តរាគមន៍ពន្លត់ភ្លាមៗ។
លោកអធិការ បន្តថា នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ អស់ចំនួន១៩បំពង់ និងបាញ់ទឹក អស់១ឡាន ទើបគ្រប់គ្រងស្ថានការណ៍បាន ដោយមិនបង្កហេតុដល់បន្ទប់ផ្សេងៗនោះឡើយ។

លោកអធិការ បញ្ជាក់ថា ចំពោះមូលហេតុដែលបង្កឱ្យមានអគ្គិភ័យនេះឡើង គឺដោយសារការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) បង្កឱ្យរងការខូចខាតសម្ភារៈក្នុងបន្ទប់ទាំងស្រុង រួមមាន ឆេះខូចខាតម៉ាស៊ីនត្រជាក់ ចំនួន១គ្រឿង ទូរទស្សន៍ ចំនួន១គ្រឿង និងពូក ចំនួន២។ យ៉ាងណា នៅក្នុងហេតុការណ៍នេះ មិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ៕