Friday, October 17, 2025
Homeព័ត៌មានជាតិយុត្តិធម៌នៅណា? មេបក្សខ្មែរតែមួយ ថាពលរដ្ឋរិះគន់ មន្រ្តីគ្រាប់ល្ពៅខឹង

យុត្តិធម៌នៅណា? មេបក្សខ្មែរតែមួយ ថាពលរដ្ឋរិះគន់ មន្រ្តីគ្រាប់ល្ពៅខឹង

ភ្នំពេញ ៖ មេបក្សខ្មែរតែមួយ លោកបណ្ឌិត គុជ លី បានលើកឡើងថា តើយុត្តិធម៌នៅឯណា សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលរិះគន់មន្រ្តីគ្រាប់ល្ពៅ មួយចំនួន ដែលស៊ីប្រាក់ខែ ដោយសារពលរដ្ឋបង់ពន្ធ ក៏ដើម្បីចង់ឲ្យមន្រ្តីនោះល្អ ខំធ្វើការបម្រើជាតិ និងប្រជាជន ឲ្យដូចសម្តីមាសសម្តេច ហ៊ុន សែន ថា «មន្ត្រីជាខ្ញុំបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រ» ប៉ុន្តែបែរជាមន្រ្តីគ្រាប់ល្ពៅ ទាំងនោះ ខឹងទៅវិញ?

លោកបណ្ឌិត គុជ លី បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “មន្រ្តីរាជការ បើកប្រាក់ខែ ដោយសារពលរដ្ឋបង់ពន្ធ។ ដល់ពេលពលរដ្ឋ រិះគន់មន្រ្តីគ្រាប់ល្ពៅ មួយចំនួន ដើម្បីចង់ឱ្យមន្រ្តីល្អ បែរជាចង់ខឹងពលរដ្ឋវិញ? តើយុត្តិធម៌នៅណា?“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត គុជ លី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ថា មន្រ្តីគ្រាប់ល្ពៅ មានអំណាចខ្លាំងណាស់ ហើយជាទូទៅ មន្រ្តីគ្រាប់ល្ពៅនេះ ច្រើនតែជាបុគ្គលដែលទុច្ចរិត គប់គិតគ្នាជាប្រព័ន្ធ ដើម្បីធ្វើបាបប្រជាពលរដ្ឋ ដែលភាគច្រើនគឺរងគ្រោះដោយសារតែភាពអយុត្តិធម៌ រឿងដីធ្លី ប្រព័ន្ធតុលាការ និងសេវាផ្សេងៗ ជាពិសេសនៅច្រកចេញ-ចូលថ្នាក់ក្រោមជាតិតែម្ដង ដែលបានធ្លាក់ទៅដល់ថ្នាក់ឃុំ-សង្កាត់ ស្រុក-ខណ្ឌហើយ។ ដូច្នេះវានៅតែមានបញ្ហាសម្រាប់សេវានេះ ជាសេវាមួយដែលផ្ដល់ភាពមិនស្មើភាពគ្នា មានភាពលម្អៀងចំពោះអ្នកមាននិងអ្នកក្រ ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការរអ៊ូរទាំចំពោះមន្រ្តីគ្រាប់ល្ពៅថ្នាក់ក្រោមជាតិ ។

លោកបណ្ឌិត គុជ លី បានមានប្រសាសន៍ថា “ខ្ញុំយល់ឃើញថា មន្រ្តីរាជការ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គាត់ទទួលប្រាក់ខែ គឺតាមរយៈនៃការបង់ពន្ធ របស់ប្រជាពលរដ្ឋ យ៉ាងពិតប្រាកដ ក៏ប៉ុន្តែខ្ញុំលើកឡើងពាក់ព័ន្ធនឹងមន្រ្តីគ្រាប់ល្ពៅ មួយចំនួន មានន័យថា មន្រ្តីគ្រាប់ល្ពៅនេះ ជាមន្រ្តីនៅថ្នាក់ក្រោមជាតិ ដែលច្រើនតែធ្វើការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ហើយបែរជាមានបញ្ហា បែរជាមើលស្រាល បែរជាមើលងាយការទំនាក់ទំនង ក្រមសីលធម៌វិជ្ជាជីវៈ ជាមួយនឹងប្រជាពលរដ្ឋហ្នឹង គឺប្រើប្រាស់មិនបានត្រឹមត្រូវទេ ។ ឧទាហរណ៍ សេវាច្រកចេញចូលតែមួយ នៅតាមថ្នាក់ក្រោមជាតិ ហើយនិងសេវាឃុំ-សង្កាត់ របស់យើង ការបម្រើឃុំ-សង្កាត់ ។ យើងដឹងហើយថា ឃុំ-សង្កាត់ ជាថ្នាក់មួយ គឺធ្វើការដោយផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋតែម្ដង យើងឃើញថា ថ្នាក់ឃុំ-សង្កាត់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជារបស់យើង ១៦៥២ឃុំ ហើយខ្ញុំនិយាយនេះ គឺមិនទាំងអស់ទេ ប៉ុន្តែឃុំភាគច្រើន នៅថ្នាក់មូលដ្ឋាន គឺជាឃុំមួយដែលបម្រើផលប្រយោជន៍ដល់សេវាសាធារណៈ មានការរើសអើង ។ អ្វីដែលខ្ញុំចង់និយាយថា មានការរើសអើង មានន័យថា គាត់អត់គោរពនូវពេលវេលា និងក្របខ័ណ្ឌវិជ្ជាជីវៈរបស់គាត់ទេ“ ។

លោកបណ្ឌិត គុជ លី បានមានប្រសាសន៍បន្តថា “ឧទាហរណ៍ថា បងប្អូនទៅធ្វើសំបុត្រកំណើត ឬក៏ធ្វើក្រដាសស្នាមនៅសាលាឃុំ-សង្កាត់ មួយៗ ឲ្យគោរពតាមគេបិទបារ៉ែម នៅទីនោះ វាអត់ជាបញ្ហាទេ ក៏ប៉ុន្តែគាត់អត់សូវគោរព។ ឧទាហរណ៍ជាក់ស្ដែង ការធ្វើលិខិតបញ្ជាក់សំបុត្រកំណើត ព្រោះលិខិតបញ្ជាក់សំបុត្រកំណើតនេះ អ្នកកើតនៅទីណា គឺទៅបញ្ជាក់នៅទីហ្នឹងតែម្ដង អ៊ីចឹងហើយ ធ្វើឲ្យមានផលលំបាក បងប្អូននៅភ្នំពេញ ទៅបញ្ជាក់នៅខេត្ត ឧទាហរណ៍ រតនគិរី មណ្ឌលគិរី គាត់ឡើងចុះឡើង ហ្នឹងហើយធ្វើឲ្យមានការលំបាក ហើយសេវានេះ គឺជាសេវាមួយ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការរិះគន់ រិះគន់ទៅមន្រ្តីសេវាសាធារណៈផង ហើយគួបផ្សំនឹងមន្រ្តីគ្រាប់ល្ពៅ យើងសំដៅទៅលើមន្រ្តីខិលខូច ។ មានន័យថា ឧទាហរណ៍ថា នៅតាមឃុំ-សង្កាត់ មួយចំនួន គាត់បានឱកាសស៊ីប្រាក់ខែ ជាប់ឆ្នោត បោះ៥ឆ្នាំម្ដង ជាប់ជាមេឃុំ ចៅសង្កាត់ តែគាត់អត់បានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទេ បែរជាគាត់គប់គិត ។ អានេះ ខ្ញុំនិយាយក្នុងបុគ្គលឃុំ-សង្កាត់ មួយចំនួន គាត់គប់គិតជាមួយនឹងឧកញ៉ា បុគ្គលឧកញ៉ា បុគ្គលឈ្មួញមានអំណាច ដែលធ្វើបាបប្រជាពលរដ្ឋទៅវិញ ។ បើសិនជាក្នុងភូមិ-ឃុំហ្នឹង ប្រជាពលរដ្ឋមានការរិះគន់ បែរជាខឹងទៅវិញ“ ។

លោកបណ្ឌិត គុជ លី បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងហើយ យើងឧទាហរណ៍ជាក់ស្ដែង រឿងជម្លោះដីធ្លី ។ រឿងជម្លោះដីធ្លី សួរថាភាគច្រើនប្រជាជនរងគ្រោះដោយសារដីធ្លីហ្នឹង វាជារឿងដែលប្រជាពលរដ្ឋខ្លួនឯង ទៅធ្វើរំលោភបំពានសេវាផ្លូវច្បាប់ ដើម្បីឲ្យរងគ្រោះដោយខ្លួនឯង ឬក៏អាជ្ញាធរដែនដី? អ៊ីចឹងចម្លើយ មានតែអាជ្ញាធរដែនដីមួយទេ ដែលធ្វើឲ្យប្រជាពលរងគ្រោះ ។ ឧទាហរណ៍ថា ការបែងចែកប្លង់ដីធ្លី ភូមិបាលហ្នឹង វាចេញពីភូមិ ឃុំ សង្កាត់ ហ្នឹងឯង ដែលធ្វើឲ្យពាក់ព័ន្ធនឹងបុគ្គលឧកញ៉ា ដីធ្លីធំៗមួយចំនួន ដែលគាត់មានលុយ មានអំណាច គាត់ត្រូវតែកេងប្រវ័ញ្ច ហើយនិងគាត់មកស៊ិសស៊ុះគ្នាជាមួយនឹងបុគ្គលជាចៅសង្កាត់ ឬក៏មេឃុំហ្នឹងឯង ដែលធ្វើឲ្យអយុត្តិធម៌នៅក្នុងសង្គម ។ អ៊ីចឹងនៅពេលដែលពលរដ្ឋចាប់ផ្ដើមសម្ដែងមតិតវ៉ា បែរជាខឹង ។ យើងឧទាហរណ៍ថា បុគ្គលជាឧកញ៉ា លក់ដី លក់ផ្ទះ  ពេលពលរដ្ឋទិញ បែរជាមិនបានដី មិនបានផ្ទះ ពេលប្រជាពលរដ្ឋទៅធ្វើបាតុកម្ម ចង់បានដី ហើយចង់បានផ្ទះដែលខ្លួនបានទិញ បែរជាប្រជាពលរដ្ឋរងគ្រោះទៅវិញ វាអយុត្តិធម៌នៅក្នុងសង្គម ។ អ៊ីចឹងហើយ បានសំណួរសួរថា យុត្តិធម៌នៅឯណា? ចំពោះប្រជាពលរដ្ឋដែលគាត់រងគ្រោះដោយសារបុគ្គលជាឧកញ៉ា បុគ្គលជាអ្នកបម្រើសេវាសាធារណៈ គឺសំដៅទៅលើរដ្ឋតែម្ដង គឺថ្នាក់ដឹកនាំជាតិ គឺឃុំ-សង្កាត់ កន្លែងណាដែលបានគប់គិត មិនបានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ហើយខ្ញុំចងចាំ នៅពេលសម្ដេច ស ខេង នៅធ្វើជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកក៏ធ្លាប់បានមានប្រសាសន៍ដែរថា កុំគិតថា ការរិះគន់របស់ប្រជាពលរដ្ឋ វាជារឿងដែលអត់ប្រយោជន៍ ហើយមិនសំខាន់ ហើយការរិះគន់របស់ប្រជាពលរដ្ឋ វាមិនមែនជាការរិះគន់មួយ ដែលធ្វើឲ្យយើងខឹងនឹងគេទេ គឺជាការរិះគន់ក្នុងន័យស្ថាបនា ។ អ៊ីចឹងក្នុងការរិះគន់បែបស្ថាបនានេះ វាជារឿងល្អបំផុតនៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។ ជាពិសេសថ្នាក់ក្រោមជាតិ គឺយើងមានការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ៥ឆ្នាំម្ដង ហើយថ្នាក់ជាតិ របស់យើង គឺមានការបោះឆ្នោតតំណាងរាស្រ្ត ក៏៥ឆ្នាំម្ដងដែរ បោះឆ្នោតសកលដូចគ្នា យើងមិននិយាយបោះឆ្នោតអសកលនោះទេ“ ។

លោកបណ្ឌិត គុជ លី បានមានប្រសាសន៍បន្ថែមថា “អ៊ីចឹងហើយ យើងឃើញថា អស់លោកដែលទទួលបានប្រាក់ខែ នៅពេលដែលរាស្រ្តបោះឆ្នោត មិនបានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ហើយបែរជាទៅធ្វើបាបប្រជាពលរដ្ឋទៅវិញ ហ្នឹងជាសង្គមមួយអយុត្តិធម៌ ជាសង្គមមួយដែលធ្វើឲ្យកាន់តែគម្លាតទៅៗ មានន័យថា រវាងអ្នកមាន ហើយនិងអ្នកក្រ ហើយរវាងអ្នកដែលមានបុណ្យស័ក្ដិ ហើយនិងគ្មានបុណ្យស័ក្ដិ គឺសំដៅទៅលើប្រជាពលរដ្ឋ ហើយបែរជារងការរើសអើងទៅវិញ ។ អ៊ីចឹងហើយ សរុបមកវិញ ខ្ញុំយល់ឃើញថា មន្រ្តីគ្រាប់ល្ពៅ ដែលខឹងជាមួយនឹងប្រជាពលរដ្ឋ ដែលទទួលការរិះគន់នេះ បែរជាខឹងប្រជាពលរដ្ឋ រហូតដល់ប្រជាពលរដ្ឋមួយចំនួន ខ្លះរងគ្រោះដោយសារមន្រ្តីគ្រាប់ល្ពៅ នេះទៅទៀត ពីព្រោះមន្រ្តីគ្រាប់ល្ពៅនេះ គាត់មានអំណាចខ្លាំងណាស់ ជាទូទៅគឺមន្រ្តីគ្រាប់ល្ពៅនេះ ច្រើនតែជាបុគ្គលដែលទុច្ចរិត មានអំណាច ជាបុគ្គលមានអំណាច ហើយមានលុយ ហើយគប់គិតគ្នាជាប្រព័ន្ធ ដើម្បីធ្វើបាបប្រជាពលរដ្ឋ នៅក្នុងការរងគ្រោះនៅក្នុងប្រទេសកម្ពុជា យើងឃើញថា ភាគច្រើន គឺរងគ្រោះដោយសារតែភាពអយុត្តិធម៌រឿងដីធ្លី ហើយនិងប្រព័ន្ធតុលាការ ហើយនិងសេវាផ្សេងៗ ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការរអ៊ូរទាំ ជាពិសេស គឺច្រកចេញចូលតែមួយតែម្ដង ដែលនៅថ្នាក់ក្រោមជាតិ និយាយពីរឿងស្រុក-ខណ្ឌវិញ ហើយបើនិយាយរឿងឃុំ-សង្កាត់ យើងឃើញថា សេវាច្រកចេញចូលតែមួយ ឥឡូវក៏ធ្លាក់ដល់ថ្នាក់ឃុំ-សង្កាត់ដែរ ។ អ៊ីចឹងវានៅតែមានបញ្ហាសម្រាប់សេវានេះ ជាសេវាមួយដែលផ្ដល់ភាពមិនស្មើភាពគ្នា ផ្តល់ភាពលម្អៀងចំពោះអ្នកមាន ហើយនិងអ្នកក្រ ។ អ៊ីចឹងចំណុចហ្នឹងហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការរអ៊ូរទាំចំពោះមន្រ្តីគ្រាប់ល្ពៅ ថ្នាក់ក្រោមជាតិ“ ។

គួរបញ្ជាក់ថា ទាក់ទងនឹង «មន្ត្រីគ្រាប់ល្ពៅ» នេះ កន្លងទៅ សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) កាលសម្តេច នៅកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេច តែលើកឡើងជារឿយៗ ពីរឿងតំណាលដែលនិយាយពី «មន្រ្តីគ្រាប់ល្ពៅ» ៤ប្រភេទ ដែលរួមមាន ៖ មន្រ្តីប្រភេទទី១ បានទូលស្តេចថា គ្រាប់ល្ពៅដែលស្តេច ប្រទាន គឺផ្លែល្អណាស់ ហើយបានដឹកមកថ្វាយព្រះមហាក្សត្រដែរ ប៉ុន្តែកងការពារព្រះរាជវាំង មិនឱ្យចូល។ មន្រ្តីប្រភេទទី២ បានទូលស្តេច ថាគ្រាប់ល្ពៅ ដែលស្តេចប្រទាន គឺផ្លែល្អណាស់ តែអត់បានដឹកមកទេ។ មន្រ្តីប្រភេទទី៣ បានទូលស្តេច ថាគ្រាប់ល្ពៅ ដែលស្តេចប្រទាន ត្រូវកណ្តុរស៊ីអស់ អត់បានដាំទេ និងចុងក្រោយ មន្រ្តីប្រភេទទី៤ បានទូលស្តេច ដោយត្រង់ថា គ្រាប់ល្ពៅ ដែលស្តេចប្រទាន គឺជាគ្រាប់ល្ពៅស្ងោរ មិនអាចដាំដុះបានទេ ។

ជាមួយនេះ នៅពេលកាន់តំណែងជានាយករដ្ឋមន្រ្តី សម្ដេចហ៊ុន សែន តែងដាស់តឿនក្រើនរំលឹកមន្ត្រីទាំងអស់ កុំធ្វើជា «មន្ត្រីគ្រាប់ល្ពៅ» ឲ្យសោះ ព្រោះភាពមិនស្មោះណាមួយ ធ្វើឲ្យអ្នកដឹកនាំ ធ្វើការវិនិច្ឆ័យខុស ហើយអ្នកដឹកនាំ ត្រូវវិនិច្ឆ័យឲ្យច្បាស់លាស់ ដោយកុំឲ្យព័ត៌មានបំភ្លៃ បោកប្រាស់ខ្លួនបាន។ ផ្ទុយទៅវិញ បើគេបោកប្រាស់បាន យើងត្រូវកែតម្រូវភ្លាម ។ សម្តេច បញ្ជាក់ថា អ្វីដែលសម្តេច លើកឡើងនេះ ដើម្បីដាស់តឿនដល់មន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញការងារ និងបង្កើនសមត្ថភាពជាប្រចាំ ជាពិសេស ត្រូវចងចាំជានិច្ចថា «មន្ត្រី ជាខ្ញុំបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រ» ៕ កុលបុត្រ

RELATED ARTICLES