ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណី ជំងឺផ្តាសាយបក្សី H5N1 ដែលបានកើតលើកុមារីម្នាក់ អាយុ៣ឆ្នាំ រស់នៅភូមិចេក ឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ ស្ពឺ។

យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ថា កុមារីអាយុ៣ឆ្នាំ ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីក្មេងស្រីរងគ្រោះ មានរោគសញ្ញា គ្រុនក្តៅ រាក ក្អក និងឈឺពោះ។ តាមការសាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺ និងផ្ទះអ្នកជិតខាង មានមាន់ទា ឈឺនិងងាប់ជាបន្តបន្ទាប់ ប្រហែលមួយសប្តាហ៍ មុនថ្ងៃកុមារឈឺ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា មានអ្នកជំងឺផ្តាសាយបក្សី មួយករណីទៀត កើតលើកុមារី អាយុ៣ឆ្នាំ ដែលបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។ អ្នកជំងឺ មានលំនៅក្នុងភូមិចេក ឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានរោគសញ្ញា គ្រុនក្តៅ រាក ក្អក និងឈឺពោះ។ បច្ចុប្បន្ន អ្នកជំងឺកំពុងទទួលបានការព្យាបាលដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ តាមការសាកសួរ បង្ហាញថា នៅផ្ទះអ្នកជំងឺ និងផ្ទះអ្នកជិតខាង មានមាន់ទា ឈឺនិងងាប់ ជាបន្តបន្ទាប់ ប្រហែលមួយសប្តាហ៍ មុនថ្ងៃកុមារឈឺ។
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រនិងពិធីសារបច្ចេកទេស ស្វែងរកប្រភពចម្លង ទាំងលើសត្វនិងមនុស្ស និងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហ គមន៍ ព្រមទាំងចែកជូនឱសថ តាមីភ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។
ក្រសួងសុខាភិបាល សូមក្រើនរំលឹកសាជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សី ជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺឬងាប់ ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទៅទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។

របៀបចម្លង ៖ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬងាប់។ ជំងឺផ្តាសាយបក្សី លើមនុស្ស ជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យ មានការធ្វើការព្យាបាលនៅមន្ទីរពេទ្យ ទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្ស ទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លងដូចនឹងជំងឺផ្តាសាយ តាមរដូវកាលផងដែរ។
របៀបបង្ការ ៖ កុំប៉ះពាល់ឬទទួលទានមាន់ទាឈឺឬងាប់ និងពាក់ស្រោមដៃ និងម៉ាស់ ឬយកក្រមាចងបិទច្រមុះ មុនពេលចាប់កាន់មាន់ទា ធ្វើម្ហូបអាហារ រួចហើយស្រុះវាក្នុងទឹកពុះ មុននឹងបោចសម្អាតរោម។
– ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃ ឱ្យបានញឹកញាប់ មុនចាប់កាន់ចំណីអាហារ ជាពិ សេស បន្ទាប់ពីការប៉ះពាល់សត្វ បោចសម្អាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ ត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អមុនបរិភោគ ជាពិសេសសាច់ សត្វបក្សី និងស៊ុត។
– កុំទទួលទានពងមាន់ឬពងទាជ័រព្នៅ និងទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារ ឱ្យបានត្រឹមត្រូវ។
– ប្រសិនបើមានមាន់ទាឈឺឬងាប់ច្រើន នៅផ្ទះឬក្នុងភូមិ ហើយមានអាការក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិត ជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យ ប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងថែរក្សាសុខភាព តាមរបៀបបង្ការខាងលើ។ ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹង អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហ ទំព័រ www.cdcmoh.gov.kh។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ…៕