
ភ្នំពេញ ៖ មេបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានលើកឡើងថា មេដឹកនាំដែលខ្លាំង គឺអាចបង្រួបបង្រួមជាតិសាសន៍ខ្លួន ឱ្យមានស្មារតីរួមតែមួយ។ យុវជនឈ្លាសវៃ នៅថ្ងៃនេះ សុទ្ធតែក្លាយជាមេដឹកនាំខ្លាំង នៅថ្ងៃស្អែក ដូច្នេះហើយ ចូរយុវជនសម្រួចខ្លួនឯងឱ្យមុតស្រួច សម្រាប់បន្តវេន ។ ក្នុងន័យនេះ លោកមាជ សុវណ្ណរ៉ា អះអាងថា គណបក្សជំនាន់ថ្មី បង្កើតឡើងជាប៉ូលថ្មី ប្រកួតប្រជែងជាមួយអ្នកបន្តវេនបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ហើយគណបក្សជំនាន់ថ្មី ជាថ្នាលបណ្តុះអ្នកនយោបាយវ័យក្មេង ឲ្យពួកគាត់មានចំណេះដឹង និងបញ្ញា ប្រកបដោយសីលធម៌និងគុណធម៌ ប្រើហេតុផលក្នុងការនិយាយស្តី និងការបញ្ចេញមតិ ។
លោក មាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ថា “សន្តិភាព អាចកើតឡើងពីការអធ្យាស្រ័យគ្នាទៅវិញទៅមក រវាងអ្នកនយោបាយខ្មែរ ដើម្បីឱ្យម្ចាស់ប្រទេស គាត់មានទំនុកចិត្តលើយើងក្នុងការរកផលប្រយោជន៍សម្រាប់ពួកគាត់ ក៏ដូចជាប្រទេសទាំងមូលទេ? មេដឹកនាំដែលខ្លាំង គឺអាចបង្រួបបង្រួមជាតិសាសន៍ខ្លួនឯង ឱ្យមានស្មារតីរួមតែមួយ។ យុវជនឈ្លាសវៃ នៅថ្ងៃនេះ សុទ្ធតែក្លាយជាមេដឹកនាំខ្លាំង នៅថ្ងៃស្អែក។ ដូច្នេះហើយ ចូរយុវជនសម្រួចខ្លួនឯងឱ្យមុតស្រួច សម្រាប់បន្តវេន។ គណបក្សជំនាន់ថ្មី គឺជាជម្រើសថ្មី គិតថ្មី ធ្វើថ្មី សម្រាប់ឆ្នាំ២០២៧ និងឆ្នាំ២០២៨។ គណបក្សជំនាន់ថ្មី ជាថ្នាលបណ្តុះអ្នកនយោបាយវ័យក្មេង ឲ្យពួកគាត់មានចំណេះដឹងនិងបញ្ញា ប្រកបដោយសីលធម៌និងគុណធម៌ ប្រើហេតុផលក្នុងការនិយាយស្តី និងការបញ្ចេញមតិ ។ គណបក្សជំនាន់ថ្មី បង្កើតឡើងជាប៉ូលថ្មី ដើម្បីប្រកួតប្រជែងជាមួយអ្នកជំនាន់ថ្មី ឬអ្នកបន្តវេននៃបក្សកាន់អំណាច CPP ។ គណបក្សជំនាន់ថ្មី ដឹកនាំដោយលោកមាជ សុវណ្ណារ៉ា ជាប្រធានបក្ស“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ថា គោលដៅសម្រាប់មេដឹកនាំខ្លាំង គឺផ្សះផ្សាឲ្យបាននូវការបង្រួបបង្រួមជាតិខ្មែរ ឲ្យមានស្មារតីរួមតែមួយ ភាពរឹងមាំខ្លាំងក្លា វេញជាធ្លុងមួយសម្រាប់អ្នកជំនាន់ក្រោយ ពី៥០ឆ្នាំ ទៅមុខ ១០០ឆ្នាំ ទៅមុខ ២០០ឆ្នាំ ទៅមុខ រាប់សតវត្សរ៍ ទៅមុខ រាប់ពាន់ឆ្នាំ ទៅមុខទៀត ។ ចំពោះហេតុដែលលោកថា គណបក្សជំនាន់ថ្មី បង្កើតឡើងជាប៉ូលថ្មី ដើម្បីប្រកួតនឹងអ្នកជំនាន់ថ្មី នៃបក្សកាន់អំណាច គឺមិនមែនប្រកួតជាមួយសម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច ដែលបានដកខ្លួនចេញពីបេក្ខភាពនាយករដ្ឋមន្រ្តី នោះទេ គឺប្រកួតជាមួយអ្នកជំនាន់ថ្មីបច្ចុប្បន្ន ដែលមានសម្ដេចហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ។ ជាពិសេសគណបក្សជំនាន់ថ្មី បង្កើតឡើង ដើម្បីឆក់យកបេះដូងប្រជាពលរដ្ឋ សម្រាប់ជោគជ័យនៃខ្មែរ ទាំងអស់គ្នា នៅក្នុងការប្រកួតមួយ សេរី យុត្តិធម៌ ត្រឹមត្រូវ អាចទទួលយកបាន តាមរយៈការបោះឆ្នោត ៥ឆ្នាំម្ដង បើឈ្នះឆ្នោត នឹងបានទៅដឹកនាំប្រទេស តែបើចាញ់ មានអាសនៈនៅក្នុងសភា នឹងធ្វើជាអ្នកតំណាងរាស្រ្ត ដោះស្រាយពាក្យបណ្ដឹង ទុក្ខលំបាកជូនប្រជាពលរដ្ឋ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំចង់និយាយអំពីមេដឹកនាំដែលខ្លាំង គឺមេដឹកនាំដែលបង្រួបបង្រួមជាតិខ្មែរ ឲ្យមានស្ថិរភាព មានសន្តិភាព មានសន្តិសុខ មិនមានការបែកបាក់ផ្ទៃក្នុងជាតិ គឺថាមេដឹកនាំដែលយកស្មារតីជាតិ ជាធំ ឆន្ទៈ មនសិការ ការលះបង់ ភាពស្មោះត្រង់ ហើយតម្កល់ផលប្រយោជន៍ណាជាផលប្រយោជន៍រួម ដើម្បីជាតិ ដើម្បីប្រជារាស្រ្ត ដោយលះនូវនិន្នាការបក្ស ជាមុនសិន ។ បើយើងធ្វើនយោបាយប្រទេសប្រជាធិបតេយ្យ យកគណបក្សនយោបាយ ប្រកួតប្រជែងគ្នាក៏ពិតមែន ប៉ុន្តែសូមយើងកុំធ្វើជាអ្នកដឹកនាំលម្អៀង បាត់នូវតម្លាភាព ។ អ្នកដឹកនាំ ត្រូវចែកឲ្យដាច់នូវពាក្យដឹកនាំនៃបក្ស អ្នកដឹកនាំនៃជាតិ ហើយអ្នកដឹកនាំ នៅក្នុងការបង្រួបបង្រួម ទោះបីនិន្នាការបក្សណាក៏ដោយ កុំឲ្យផ្ដេកផ្ដួល ហើយប្រើនូវការលម្អៀងផ្នែកនយោបាយបក្ស ធំជាងផ្នែកនៃការគាំទ្រ ជំរុញដល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជារាស្រ្ត ជាភាពរឹងមាំនៃសាមគ្គីភាពជាតិ ផ្ដល់នូវសេរីភាព ផ្ដល់យុត្តិធម៌ ផ្ដល់នូវសន្តិភាពដោយគ្មានការរើសអើង ផ្ដល់នូវអ្វីជាស្ថិរភាពមួយ ដែលខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ មិនថាបក្សកាន់អំណាច មិនថាបក្សក្រៅរដ្ឋាភិបាល បក្សអ្នកប្រជាធិបតេយ្យអី គឺថាយើងចែកគ្នាឲ្យដាច់រវាងនិន្នានយោបាយ នៃការប្រកួតប្រជែងគ្នាទៅតាមច្បាប់ទម្លាប់ ទៅតាមការគោរពរដ្ឋធម្មនុញ្ញ ហើយអ្វីដែលជាប្រយោជន៍នៃជាតិ ប្រយោជន៍នៃប្រជារាស្រ្ត គឺស្ថាប័នជាតិ ។ អ៊ីចឹងហើយ អ្នកដឹកនាំដែលមានអំណាច គឺត្រូវធ្វើជាអ្នកដឹកនាំនៃផលប្រយោជន៍ខ្មែរ ទាំងអស់គ្នា បើទោះបីថា ខ្លួនជាបក្សកាន់អំណាច ឈ្នះឆ្នោត ដឹកនាំប្រទេសក៏ដោយ ប៉ុន្តែកុំយកឥទ្ធិពលនៃបក្ស មកគ្របដណ្ដប់លើស្ថាប័នជាតិ ។ មានន័យថា នីតិរដ្ឋ នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ នីតិតុលាការ ហ្នឹងគឺថាឲ្យមាននីតិរដ្ឋក្នុងការដឹកនាំឲ្យត្រឹមត្រូវ បង្ហាញនូវតម្លាភាព គណនេយ្យភាព តុល្យភាពនៃអំណាច ក្នុងការដឹក ហើយនិងនាំប្រទេសជាតិ ហើយជួយជ្រោងជីវភាពប្រជារាស្រ្ត តាមបែបណាៗ តែសុំកុំលម្អៀងនៃបក្សនយោបាយ ក្រៅពីក្នុងនាមជាមេដឹកនាំជាតិ មេដឹកនាំនៃរដ្ឋ គឺថាគេបង្រួបបង្រួមជាតិហើយ” ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “យើងមើលដូចជាអតីតប្រធានាធិបតីកូរ៉េខាងត្បូង ដែលជាអតីតអ្នកទោសនយោបាយ ជាប់គុក ២៧ឆ្នាំ រួចហើយគាត់ក្លាយជាមេដឹកនាំនៃប្រទេសអាហ្រ្វិកខាងត្បូង ទោះបីជាមានការគាំទ្រ ក៏គាត់ដកខ្លួន ក្រោយពីដឹកនាំប្រទេសបាន ១ណត្តិ ៥ឆ្នាំ គឺគាត់ទុកឲ្យអ្នកជំនាន់ក្រោយ ហើយគាត់ប្រើនូវទ្រឹស្ដីមួយដែលមិនឲ្យមានការរើសអើងនិន្នាការគណបក្សនយោបាយ ក្រៅពីសម្លឹងមើលប្រទេសជាតិ មើលប្រជារាស្រ្ត តាមរយៈគណបក្សនយោបាយ ដែលប្រកួតប្រជែងដោយស្មើមុខស្មើមាត់ទាំងអស់គ្នា អាចទទួលយកបាន ឯកភាពជាតិមួយដែលមិនមានការគាបសង្កត់ ការគំរាមកំហែងដោយឥទ្ធិពលសម្ពាធនយោបាយ ឬក៏អំណាចហួសព្រំដែន ។ អាហ្នឹងគឺចង់បង្ហាញថា មេដឹកនាំដែលខ្លាំង ទោះបីខ្លួនចេញពីគណបក្សនយោបាយណាក៏ដោយ ប៉ុន្តែបើក្លាយជាអ្នកដឹកនាំហើយ ក្នុងនាមអ្នកបម្រើប្រជាពលរដ្ឋ មិនត្រូវចាត់ទុកប្រជាពលរដ្ឋ ជាសត្រូវរបស់ខ្លួននៅក្នុងស្ថាប័នជាតិ ក៏ដូចជាគណបក្សខុសគ្នា ទស្សនៈផ្ទុយគ្នាក៏ដោយ ក៏ត្រូវតែតម្កល់អ្វីជាប្រយោជន៍រួម ព្រោះយើងធ្វើនយោបាយ យើងបក្ស គឺដើម្បីជាតិ ដើម្បីប្រជារាស្រ្ត ហើយបើយើងធ្វើដើម្បីតែរើសអើងនិន្នាការបក្ស ធ្វើឲ្យខ្លួនក្នុងនាមជាអ្នកដឹកនាំ ហើយក្លាយជាដឹកនាំហែកជាតិខ្លួនឯង ហែកប្រជារាស្រ្ត ឲ្យទៅជាពណ៌សម្បុរ ស ខ្មៅ លឿង ប្រផេះ អីហ្នឹង គឺវាជារឿងមួយដែលយើងនឹងជួបគ្រោះថ្នាក់ ហានិភ័យ អន្តរាយដល់ប្រទេសជាតិ ។ យើងមើលដូចជាមហាត្មៈ គន្ធី មេដឹកនាំនៃប្រទេសឥណ្ឌា យើងមើលមេដឹកនាំដទៃៗទៀត ដូចជាសហរដ្ឋអាមេរិក អតីតប្រធានាធិបតី ចច វ៉ាស៊ីងតោន យើងមើលអតីតប្រធានាធិបតីទី១៦ លោកអាល់ប្រាហាម លីងខុន ហើយមានមេដឹកនាំជាច្រើនទៀត ដូចជាព្រះបាទជយវ្ម័នទី៧ ស្ដេចដ៏អង់អាចក្លាហាន ស្ដេចប្រកបទៅដោយទសពិធរាជធម៌ និងព្រហ្មវិហារធម៌ ទាំង៤ នូវការដឹកនាំនូវគោលនយោបាយជាតិ យើងឃើញថា កាលសម័យនោះ ព្រះអង្គ បានប្រើនូវអំណាចក្នុងការដឹកនាំ គឺយើងដឹងហើយ ជាសម័យមហានគរ សម័យរុងរឿង អច្ឆរិយនៃប្រទេស នៅលើសកលលោក អីជាដើមហ្នឹង ។ អ៊ីចឹងយើងមើលតែគោលការណ៍នៃអតីតកាលប្រវត្តិសាស្រ្ត មើលមេដឹកនាំកំពូលៗនៅលើពិភពលោក ដែលគេបានមេដាយសន្តិភាព ណូបែលសន្តិភាព គេក្លាយទៅជាមេដឹកនាំបង្រួបបង្រួមគ្នាយ៉ាងម៉េច បែបណា ភាពខ្លាំងរឹងមាំយ៉ាងណា យើងឃើញហើយ ។ អាហ្នឹងហើយជាគំរូមេដឹកនាំខ្មែរ ព្យាយាមទប់នូវការបែកបាក់ជាតិ ហើយផ្សះផ្សាឲ្យបាននូវការបង្រួបបង្រួមខ្មែរ ស្មារតីរួមតែមួយ បែបណាៗ គឺជាការចាប់ផ្ដើមពីអ្នកជំនាន់ចាស់ បន្តមកអ្នកជំនាន់ថ្មី ហើយធ្វើអ្វីជាភាពរឹងមាំខ្លាំងក្លា វេញជាធ្លុងមួយ សម្រាប់អ្នកជំនាន់ក្រោយ ពី៥០ឆ្នាំ ទៅមុខ ១០០ឆ្នាំ ទៅមុខ ២០០ឆ្នាំ ទៅមុខ រាប់សតវត្សរ៍ ទៅមុខ រាប់ពាន់ឆ្នាំ ទៅមុខទៀត ។ អាហ្នឹងហើយជាគោលដៅសម្រាប់មេដឹកនាំខ្លាំង“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “ចំពោះហេតុដែលខ្ញុំថា គណបក្សជំនាន់ថ្មី គឺជាបក្សបង្កើតឡើងនូវប៉ូលថ្មី ដើម្បីប្រកួតនឹងអ្នកជំនាន់ថ្មី នៃបក្សកាន់អំណាច ហើយខ្ញុំតែងតែនិយាយហើយថា ខ្ញុំបើកគណបក្សនយោបាយនេះ គឺបើកក្រោយដែលអ្នកបន្តវេន អ្នកជំនាន់ថ្មី នៃបក្សកាន់អំណាច គេបានរៀបចំក្នុងការដឹកនាំប្រទេស ។ យើងមិននិយាយបន្តពូជ បន្តវេនបែបណាទេ ព្រោះអាហ្នឹងជាការបោះឆ្នោត ហើយខ្ញុំក៏មិនអត្ថាធិប្បាយថា ការបោះឆ្នោត វាសេរី យុត្តិធម៌ ត្រឹមត្រូវ ឬក៏វាខ្វះដៃគូប្រកួតប្រជែងបែបណាទេ កាលពី២០២៣ គឺខ្ញុំសុំមិនវិភាគឲ្យស៊ីជម្រៅទេ ប៉ុន្តែវាកើតចេញពីការបោះឆ្នោត ហើយពេលនោះហើយ ដែលអតីតនាយករដ្ឋមន្រ្តី លោកហ៊ុន សែន ក៏ដកខ្លួនចេញពីបេក្ខជននាយករដ្ឋមន្រ្តី នៅឆ្នាំ២០២៨ខាងមុខ ហើយ២០២៣ ដែលគាត់ជាប់ជានាយករដ្ឋមន្រ្តី តែគាត់ផ្ទេរទៅគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោតហ្នឹង ហើយជ្រើសរើសនាយករដ្ឋមន្រ្តី ក្នុងបក្ស រួចយកមកធ្វើការសម្រេចបោះឆ្នោតផ្លូវការនៅក្នុងរដ្ឋសភា នៃអាណត្តិទី៧ ហ្នឹង យើងឃើញថា ជាអ្នកជំនាន់ថ្មី ក្បាលម៉ាស៊ីនដឹកនាំហ្នឹង គឺទាំងនាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី សុទ្ធតែជាអ្នកបន្តវេន អ្នកជំនាន់ថ្មី ដែលអ្នកខ្លះចោទប្រកាន់ថា ជាការបន្តពូជ ទៅតាមឋានានុក្រមនៃការដឹកនាំ អីជាដើម អាហ្នឹងគឺជារឿងការចោទប្រកាន់។ ប៉ុន្តែខ្ញុំឃើញក្បាលម៉ាស៊ីនរដ្ឋាភិបាលអាណត្តិទី៧ គឺជារដ្ឋាភិបាលនៃអ្នកជំនាន់ថ្មី អ្នកបន្តវេនរបស់បក្សកាន់អំណាច ។ អ៊ីចឹងហើយខ្ញុំបើកគណបក្សនយោបាយ ក្រោយពីការបោះឆ្នោតឆ្នាំ២០២៣ នៃអាណត្តិទី៧ ។ អ៊ីចឹងហើយពួកយើងខ្ញុំនេះ ជានិស្សិតបញ្ញវន្តដែលមានប្រភពឫសគល់ពីអ្នកប្រជាធិបតេយ្យ ពីអ្នកតស៊ូនៃអតីតចលនារណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដឹកនាំដោយលោកតា សឺន សាន ហើយការដែលរៀបចំឲ្យមានជាគណបក្សនយោបាយ នយោបាយចាត់តាំង គោលការណ៍ គោលនយោបាយ យុទ្ធសាស្រ្តរបស់គណបក្សជំនាន់ថ្មី នៅក្នុងយន្តការបែបណា ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងទីលានប្រជាធិបតេយ្យ សម្រាប់សេរីពហុបក្ស ៥ឆ្នាំម្ដង គឺថាយើងបានរៀបចំ យើងមានគ្រឹះ៣ ដែលធ្វើឲ្យគណបក្សជំនាន់ថ្មី ដែលដំណើរការបានជាង ១ឆ្នាំកន្លះ មកនេះ មានទិដ្ឋភាពនៃការគាំទ្រ ហើយឃើញសំណុំនៃគ្រឹះទាំង៣ ហ្នឹង ចង្រ្កានមុំបី នៃគ្រឹះ ឲ្យមានកម្លាំងគាំទ្រគណបក្សជំនាន់ថ្មី ជាប៉ូលថ្មី សម្រាប់ប្រកួតប្រជែងឆ្នាំ២០២៧ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងបោះឆ្នោតថ្នាក់ជាតិ អាណត្តិទី៨ ឆ្នាំ២០២៨ ហ្នឹង គឺយើងឃើញគ្រឹះនៅឯមូលដ្ឋាន គឺអ្នកនយោបាយនៅមូលដ្ឋាន ដែលជាអតីតនៃគណបក្សសង្រ្គោះជាតិ ហើយអ្នកនៅថ្នាក់ជាតិក្ដី ក្រោមជាតិក្ដី គឺសុទ្ធតែជានិស្សិតបញ្ញវន្ត ហើយទីប្រឹក្សាយុទ្ធសាស្រ្ត គឺព្រឹទ្ធាចារ្យនយោបាយ អ្នកប្រាជ្ញ បណ្ឌិត វិញ្ញូជនផ្សេងៗហ្នឹង គឺគាត់ចូលរួមដើម្បីផ្ដល់ជាពហុគំនិត ជាផ្នត់គំនិត គិតថ្មី ធ្វើថ្មី ដើម្បីរុញច្រានឈាមថ្មី គំនិតថ្មី ជំនាន់ថ្មីហ្នឹង ឲ្យមានអ្វីជាផ្នត់គំនិតសម្រាប់ប្រើប្រាស់ជាគោលនយោបាយ បង្ហាញអូសទាញ ឆក់យកបេះដូងពលរដ្ឋម្ចាស់ឆ្នោត ដើម្បីឲ្យគាត់ចាប់អារម្មណ៍ថា បក្សជំនាន់ថ្មី ដឹកនាំដោយលោក មាជ សុវណ្ណារ៉ា ហើយលោក មាជ សុវណ្ណារ៉ា ជានរណា? ហើយគោលនយោបាយគណបក្សជំនាន់ថ្មី ហ្នឹងបានបង្ហាញស្អីខ្លះ ជាការចាប់អារម្មណ៍ថ្មី ខ្លី ខ្លឹម ខ្លាំង សម្រាប់ឲ្យពលរដ្ឋហ្នឹង គាត់មានចំណាប់អារម្មណ៍ ហើយយើងទៅឆក់បេះដូងរបស់ពួកគាត់ បង្ហាញអំពីគោលនយោបាយ យន្តការ គោលការណ៍“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្ថែមថា “មានន័យថា ធ្វើឲ្យគាត់យល់ថា ផលិតផលរបស់គណបក្សជំនាន់ថ្មីនេះ អាចគាត់ទទួលយកភ្លក្សបាន អាចជាម្ហូបបែបឆ្ងាញ់ប្រភេទណា ដើម្បីឲ្យគាត់ជឿជាក់ ហើយគាត់គាំទ្រ និងធ្វើការសម្រេចចុងក្រោយ សិទ្ធិ១សន្លឹក នៃការបោះឆ្នោតរបស់គាត់ ដើម្បីគណបក្សជំនាន់ថ្មី ឆ្ពោះទៅរកការឈ្នះឆ្នោត កាន់ប្រទេស ដឹកនាំប្រទេស កសាងប្រទេស អភិវឌ្ឍទៅតាមអាណត្តិ ៥ឆ្នាំម្ដង តែបើចាញ់ៗដោយអស់ចិត្ត អ្នកឈ្នះៗដោយថ្លៃថ្នូរ ដឹកនាំប្រទេស កសាងអភិវឌ្ឍទៅ។ ប៉ុន្តែអ្នកចាញ់ មានអាសនៈជាអ្នកតំណាងរាស្រ្ត តំណាងឲ្យពលរដ្ឋម្ចាស់ឆ្នោត ហើយធ្វើកិច្ចការនៅក្នុងរដ្ឋសភា ក្នុងនាមជាដៃគូប្រកួតប្រជែង បំពេញឲ្យគ្នា នៃការគោរពនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស តុល្យភាពនៃអំណាច រវាងស្ថាប័ននីតិប្បញ្ញត្តិ នៃរដ្ឋសភា និងស្ថាប័ននីតិប្រតិបត្តិ នៃរដ្ឋាភិបាល ហើយយើងជាអ្នកតំណាងរាស្រ្ត គឺថាយើងធ្វើកិច្ចការឲ្យពលរដ្ឋ មានន័យថា តាក់តែងច្បាប់ អនុវត្តច្បាប់ និងមើលពីទុក្ខលំបាក បណ្ដឹង ការជាន់ឈ្លី ការគោរពសិទ្ធិ និងការសន្យារបស់បក្សកាន់អំណាច ដែលឈ្នះឆ្នោត ទៅដឹកនាំប្រទេស អនុវត្ត គោរព ការសន្យា ប្ដេជ្ញាជាមួយនឹងពលរដ្ឋម្ចាស់ឆ្នោត បែបណាៗ អាហ្នឹងហើយដែលជាតួនាទីរបស់គណបក្សដែលមិនទាន់បានទៅកាន់អំណាច ហើយមានកៅអីតំណាងរាស្រ្ត នៅក្នុងរដ្ឋសភា ។ អាហ្នឹងហើយ ដែលខ្ញុំថា បង្កើតជាប៉ូលថ្មីហ្នឹង គឺថាយើងប្រកួតប្រជែងជាមួយអ្នកជំនាន់ថ្មី នៃបក្សកាន់អំណាច ហើយយើងមិនមែនដើម្បីប្រកួតប្រជែងជាមួយនឹងអតីតនាយករដ្ឋមន្រ្តី ដែលគាត់ជាអ្នកជំនាន់ចាស់ទេ បើទោះបីគាត់នៅកាន់អំណាច ជាប្រធានគណបក្សកាន់អំណាច CPP ក៏ដោយ ប៉ុន្តែគាត់មិនមែនជាបេក្ខជន បេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ប្រកួតប្រជែងការបោះឆ្នោតទេ ។ អ៊ីចឹងហើយបានពួកយើងអ្នកជំនាន់ថ្មីហ្នឹង គឺបង្កើតគណបក្សនេះឡើង ជាប៉ូលថ្មី សករាជថ្មី យុគសម័យមួយ នៃបច្ចេកវិទ្យា AI ឌីជីថល ប្រព័ន្ធ Social Medea គឺថា យើងប្រកួតប្រជែង ធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋយល់ដឹង មានការចាប់អារម្មណ៍ ហើយឆក់យកបេះដូងប្រជាពលរដ្ឋហ្នឹង សម្រាប់ជោគជ័យនៃខ្មែរ ទាំងអស់គ្នា នៅក្នុងការប្រកួតមួយសេរី យុត្តិធម៌ ត្រឹមត្រូវ អាចទទួលយកបាន តាមរយៈការបោះឆ្នោត ៥ឆ្នាំម្ដង“ ។
គួរបញ្ជាក់ថា គណបក្សជំនាន់ថ្មី ដែលមានលោក មាជ សុវណ្ណារ៉ា ជាប្រធាន មានគោលនយោបាយគន្លឹះ ១០ចំណុច គឺ ៖ ទី១- លើកស្ទួយការគោរព ការពារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ, ទី២- គាំទ្រការឯកភាពជាតិនិងបង្រួបបង្រួមជាតិ, ទី៣- ពង្រឹងប្រព័ន្ធយុត្តិធម៌, ទី៤- ប្រឆាំងការលាបពណ៌ននយោបាយ ការបំបែកបំបាក់ជាតិ ដែលបម្រើប្រយោជន៍បរទេស, ទី៥- គាំទ្រសកម្មភាពអហិង្សាក្នុងដំណោះស្រាយការពារអធិបតេយ្យ និងបូរណភាពទឹកដី, ទី៦- គាំទ្រវប្បធមម៌សន្ទនា ការជជែកដេញដោលសាធារណៈ ដើម្បីប្រយោជន៍ជាតិ, ទី៧- បញ្ចៀសការដឹកនាំជាតិធ្លាក់ក្នុងអន្លង់ភូមិសាស្ត្រនយោបាយដែលបម្រើប្រយោជន៍បរទេស, ទី-៨ គាំទ្រគោលការណ៍សិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញ និងកាតិកាសសញ្ញាអន្តរជាតិ, ទី៩- ប្រឆាំងការរើសអើង និងទី១០- រៀបចំប្រទេស ឱ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងនីតិរដ្ឋ ៕ កុលបុត្រ