Thursday, October 23, 2025
Homeសង្គម និងជីវិតកើតកូនរួច ប្លុងចោល ឲ្យមេភូមិចិញ្ចឹម

កើតកូនរួច ប្លុងចោល ឲ្យមេភូមិចិញ្ចឹម

ខេត្តកំពត ៖ ទារិកាម្នាក់ ទើបនឹងសម្រាល មានឈាមប្រឡាក់ពេញខ្លួន មិនទាន់បានសម្អាត និងថែមទាំងមិនទាន់បានចងទងផ្ចិតនៅឡើយ ស្រាប់តែត្រូវម្តាយដឹកយកមកប្លុងចោលនៅលើគ្រែ ក្រោមផ្ទះ ឲ្យលោកអនុប្រធានភូមិ ជួយចិញ្ចឹម។

ករណីប្លុងចោលទារិកាទើបកើតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចលើគ្រែ មុខផ្ទះអនុប្រធានភូមិព្រៃធំ ស្ថិតក្នុងភូមិព្រៃធំ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស។

លោកយឹម ស៊ីថា អាយុ៤២ឆ្នាំ ជាអនុប្រធានភូមិព្រៃធំ និងប្រពន្ធ ឈ្មោះគឹម កុលាប អាយុ៤១ឆ្នាំ ជាម្ចាស់ផ្ទះដែលគេលួចយកទារិកាមកប្លុងចោល បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោងជិត៤ ទៀបភ្លឺ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ គាត់បានឮសូរសំឡេងកូនង៉ែតយំ ហើយពេលនោះ កូនគាត់បានចេញមកបើកទ្វារមើល ស្រាប់តែឃើញទារិកាតូចម្នាក់ ដេកយំ ដោយមានគ្របក្រណាត់អាវ ហើយមានប្រឡាក់ឈមផង ដែលទំ នងជាទើបនឹងកើត។ ពេលនោះគាត់ភ័យផងអរផង រត់ចេញមកលើកបីកូនង៉ានោះ ដោយចិត្តអាណិតអាសូរ ដោយមិនដឹងថាអ្នកណាយកមកប្លុងឱ្យគាត់ឡើយ។

ក្រោយមក ម្ចាស់ផ្ទះទាំង២នាក់ប្តីប្រពន្ធ បាននាំទារិកានោះ ទៅឱ្យគ្រូពេទ្យស្រុកបន្ទាយមាសជួយសម្អាត ព្រោះទារិកានេះ ត្រូវបានម្តាយសម្រាលហើយ យកមកប្លុងចោលតែម្តង ព្រោះប្រឡាក់ឈាមស្រស់ៗ ហើយត្រូវបានគ្រូពេទ្យចងផ្សិត តាមបច្ចេកទេសពេទ្យ។

លោកសុខ មាន នាយនគរបាលប៉ុស្តិ៍ទូកមាសខាងលិច បានបញ្ជាក់ប្រាប់ថា ទារិកានេះ ត្រូវបានគេជិះម៉ូតូ យកមកប្លុងចោល ឲ្យលោកអនុប្រធានភូមិព្រៃធំ។ លោកបន្តថា បានជាហ៊ាននិយាយថា ប្លុងឱ្យនេះ ដោយសារតែទារិកានេះ ត្រូវគេយកមកដាក់លើគ្រែ មុខផ្ទះលោកអនុប្រធានភូមិ។ លោកនាយប៉ុស្តិ៍ បន្តថា បើតាមពិនិត្យភិន ភាគទារិកាដែលគេយកមកប្លុងចោលនេះ ម្តាយរបស់គេ មិននៅឆ្ងាយទេ ។

ជុំវិញករណីនេះ អ្នកភូមិដែលចោមរោមមើល បានរិះគន់យ៉ាងខ្លាំងទៅលើស្ត្រីជាម្តាយទារិកា ដែលមិនទទួល ខុសត្រូវក្នុងនាមជាម្តាយ ហេតុអ្វីបង្កើតកូនមកហើយ បែរជាយកកូនរបស់ខ្លួន មកប្លុងចោលបែបនេះ?

ដោយមើលឃើញមុខមាត់ទារិកាខាងលើ គួរឱ្យគ្រឺតក្នាញ់ និងមានការអាណិតអាសូរផងនោះ ទើបមានអ្នកចង់សុំយកទៅចិញ្ចឹមជាច្រើននាក់ដែរ ប៉ុន្តែលោកអនុប្រធានភូមិ និងប្រពន្ធ ឈ្មោះគឹម កុលាប ដែលជាម្ចាស់ផ្ទះ មានកូនតែ ២នាក់ សម្រេចមិនឱ្យទៅគេទេ គឺទទួលទុកចិញ្ចឹមដោយខ្លួនឯង ដោយគាត់និយាយថា លាភមកដល់ផ្ទះហើយ៕

RELATED ARTICLES