Friday, November 14, 2025
Homeសង្គម និងជីវិតពលករខ្មែរស្លាប់ ថៃបញ្ជូនសពមកស្រុក

ពលករខ្មែរស្លាប់ ថៃបញ្ជូនសពមកស្រុក

ខេត្តបន្ទាយមានជ័យ ៖ សាកសពយុវជនជាពលករខ្មែរម្នាក់ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ បានគាំងបេះដូងស្លាប់ ត្រូវបានអាជ្ញាធរថៃ បញ្ជូនសពត្រឡប់មកកម្ពុជា វិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

សពពលករខ្មែរ ដែលថៃ បញ្ជូនមកវិញ មានឈ្មោះសោម គឹមហួច ភេទប្រុស អាយុ១៨ឆ្នាំ (កើតឆ្នាំ២០០៧) មានលំនៅក្នុងឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានទទួលមរណភាពដោយសារគាំងបេះដូង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខណ្ឌឌីនឌែន ទីក្រុងបាងកក ប្រទេសថៃ។

លោកវណ្ណ ដារ៉ាន់ ប្រធានគណៈកម្មការច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីថៃ បានជូនដំណឹងពីការបញ្ជូនសាកសពពលករខ្មែរម្នាក់ មកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ភាគីកម្ពុជា បានត្រៀមរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីរង់ចាំទទួលសព ដោយមានគ្រួសារសព (ម្តាយ និងម្តាយមីង) បានមករង់ចាំទទួលផងដែរ។

តាមសម្តីស្ត្រីជាម្តាយរបស់ជនរងគ្រោះ បានឱ្យដឹងថា កូនរបស់គាត់ បានចេញទៅធ្វើការនៅប្រទេសថៃ មុនពេលដែលមានបញ្ហាព្រំដែនកម្ពុជា-ថៃ ហើយក្នុងអំឡុងពេលដែលមានបញ្ហាព្រំដែន កូនរបស់គាត់ពុំបានវិល ត្រឡប់មកវិញទេ។ លុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ គាត់ទទួលបានដំណឹងថា កូនប្រុសរបស់គាត់ បានស្លាប់ដោយសារតែជំងឺគាំងបេះដូង។

ក្រោយការស្លាប់របស់ពលករខ្មែរខាងលើ ក្រុមគ្រួសាររបស់ជនរងគ្រោះ បានទំនាក់ទំនងទៅស្ថានកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃ ដើម្បីស្នើសុំបញ្ជូនសពមកប្រទេសកម្ពុជា វិញ។ ការបញ្ជូនសពមកវិញនេះ ត្រូវបានសម្របសម្រួលដោយភាគីកម្ពុជា ដែលមានគណៈកម្មការច្រក និងសមត្ថកិច្ចយោធាទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ដើម្បីសម្រួលដល់សាច់ញាតិជនរងគ្រោះឱ្យទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES