ខេត្តកំពង់ធំ ៖ ដោយសារតែមានទឹកព្រះទ័យអាណិតទារកម្នាក់ដែលទើបកើតក្រហមរងាល ត្រូវឪពុកម្ដាយបោះចោលនៅចិញ្ចឹមផ្លូវ បានធ្វើឲ្យព្រះចៅអធិការវត្តមួយអង្គនេះ សម្រេចរើសក្មេងនេះ មកចិញ្ចឹម ទុកដូចជាកូនបង្កើត ដោយយប់ឡើង សិងបំពេ បំបៅទឹកដោះគោ ប្រកបដោយក្ដីមេត្តាករុណា និងការលះកាត់នូវសេច ក្ដីលំបាកគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណា ចិញ្ចិមមើលថែថ្នាក់ថ្នមកូនកម្សត់នេះ ឲ្យធំពេញវ័យ បានរៀនសូត្រខ្ពង់ខ្ពស់ ក្លាយជាមនុស្សមានអនាគតល្អ ឬអាចឲ្យនឹងឲ្យសាងផ្នួសក្នុងព្រះពុទ្ធសាសនា ។

ព្រះសង្ឃដែលរើសក្មេងមកចិញ្ចឹមនេះ មានព្រះនាម ភិក្ខុថិរចិត្តោ ក្រូច សំបាន ព្រះជន្ម៣១វស្សា បួសបាន ៧វស្សា ជាព្រះចៅអធិការវត្តបុញ្ញក្ខេត្តរតនារាម ព្រៃក្ទម្ព ( ព្រៃខ្ទុម) ដែលជាជាវត្តថ្មី ទើបកសាងបាន៥ឆ្នាំ ស្ថិតនៅភូមិនីពេជ្រ (ខ) ឃុំនីពេជ្រ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ចំណែកកូនចិញ្ចឹមនោះ អាយុទើបបាន ៣ខែ ២៨ថ្ងៃ ព្រះអង្គដាក់ឈ្មោះឲ្យថា ផាន សំបានវិបុល ហៅសំណាង ។
ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” នៅថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២៥ ព្រះភិក្ខុថិរចិត្តោ ក្រូច សំបាន បានរំលឹកពីដើមហេតុដែលធ្វើឲ្យព្រះអង្គ សម្រេចរើសយកក្មេងនេះ មកចិញ្ចឹមថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ (អំឡុងពេលចូលវស្សា) នៅម៉ោងប្រហែល ២រសៀល នៅពេលព្រះអង្គនិមន្តមកពីទិញថ្នាំពណ៌ក្រហម និងពណ៌មាស នៅផ្សារក្នុងទីរួមខេត្តកំពង់ធំ ចម្ងាយពីវត្ត ប្រហែល៤៥គីឡូម៉ែត្រ ដើម្បីយកមកឲ្យជាងបាញ់លើបល្ល័ង្កព្រះ នៅវត្ត មុនពេលគូរគំនូរ មកដល់ភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ដាច់ផ្ទះអ្នកស្រុក ប្រហែល ២រយម៉ែត្រ នៅប្រហែលម៉ោង៤ល្ងាច ព្រះអង្គឈឺបត់ជើងតូច ក៏បង្គាប់ឲ្យអ្នកបើកម៉ូតូ ឈប់ ដើម្បីឲ្យព្រះអង្គ បត់ជើងតូច ត្រង់បង្គោលគីឡូ ១៧៥ ផ្លូវជាតិលេខ៦A ។ ពេលនោះ ព្រះអង្គស្រាប់តែបានឃើញទារកម្នាក់ កម្រើកតិចៗនៅ ក្នុងស្មៅ ចំហមាត់ និងខ្ចប់ដោយក្រណាត់ខ្មៅ មិនទាន់កាត់ផ្ចិតនៅឡើយ នៅទាំងសុក នៅទាំងឈាម ទឹករអិលជាប់ខ្លួន តាំងពីក្បាលដល់ចុងជើង ។ ព្រះអង្គពិនិត្យមើលឃើញកូននេះ នៅមានជីវិត ក៏បញ្ជូនកូននេះទៅកាន់គី្លនិកឯកជនមួយ នៅម្ដុំថ្នល់បែក ស្រុកកំពង់ស្វាយ ដើម្បីឲ្យពេទ្យជួយកាត់ផ្ចិត និងសម្អាតខ្លួនប្រាណ ។ ប៉ុន្តែនៅពេលកាត់ផ្ចិតរួចហើយ ពេទ្យនៅគី្លនិកនោះថា ពួកគាត់មិនមានជំនាញផ្នែកទារកទេ បើព្រះអង្គចង់បានកូននេះចិញ្ចឹម ឲ្យមានសុខភាពល្អ ទាល់តែយកមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ក្រែងពេទ្យនៅទីនោះអាចជួយឲ្យបានរស់ ព្រោះកូននេះ ខ្សោយហើយខ្វះធាតុនៅក្នុងខ្លួនផង នៅសល់តែដង្ហើមផ្តឹកៗផង យំលែងកើតទៅហើយ ។ មិនបង្អង់យូរ នៅថ្ងៃដដែលនោះ វេលាម៉ោងប្រហែល ៦ល្ងាច ដោយសារតែគិតចង់បានកូនចិញ្ចឹម យូរមកហើយ ឥឡូវគិតថា បានដូចបំណងនោះ ព្រះអង្គក៏ជួលឡានឈ្មួល តម្លៃ៣០ម៉ឺនរៀល ជិះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ។ ពេលនៅតាមផ្លូវ ព្រះអង្គបាននិយាយជាមួយម្ចាស់ឡានថា បើកូននេះស្លាប់នៅលើឡាន មិនទាន់ទៅដល់មន្ទីរពេទ្យ សូមកុំឲ្យប្រកាន់អី ព្រោះផ្សងព្រេងទាំងអស់គ្នា ម្ចាស់ឡាន ក៏ឯកភាពយល់ព្រម ។ លុះទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប វេលាម៉ោងប្រហែល ៨យប់ ដោយសារនៅក្នុងវស្សា ព្រះអង្គមិនអាចនៅមន្ទីរពេទ្យបាន ព្រះអង្គទុកកូនផ្ញើនឹងពេទ្យ រួចត្រលប់មកវត្តវិញ ហើយបានពឹងពាក់បងរបស់ព្រះអង្គ ទៅមើលជំនួស ជាមួយនឹងការថ្លៃឈ្នួលសមរម្យ ក្នុងរយៈពេល ១៥ថ្ងៃ ។

ព្រះគ្រូចៅអធិការ បានរៀបរាប់បន្តថា ក្នុងពេលកូននេះសម្រាកនៅក្នុងមន្ទីរពេទ្យ ខាងគ្រូពេទ្យ ប្រាប់ថា កូននេះកើតមិនគ្រប់ខែ (៧ខែ) ។ ដូច្នេះដោយសារកើតមិនគ្រប់ខែ និងត្រូវទុកចោលយូរផង ធ្វើពោះវៀន ក្រពះរបស់ទារកនៅខ្ចីខ្លាំងមែនទែន តម្រូវឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ យូរថ្ងៃ ។ ប៉ុន្តែអាចដោយសារអំ ណាចបុណ្យកុសលដែរ ក្នុងអំឡុងពេល១៥ថ្ងៃ នៃការសម្រាកនៅមន្ទីរពេទ្យ ការពិនិត្យសុខភាពឃើញល្អរហូត អត់ឃើញមានបញ្ហាអ្វីទេ គឺកាយសម្បទា សុខភាពល្អទាំងអស់ ។ ដូច្នេះសម្រាកបានតែ ១៥ថ្ងៃ គ្រូពេទ្យក៏សម្រេ ចឲ្យព្រះអង្គ យកកូននេះមកនៅវត្ត ហើយនាំទៅចាក់ថ្នាំបង្ការ នៅមណ្ឌលសុខភាព ម្ដងហើយ នៅចាក់លើកទី២ ម្ដងទៀត ។ មិនតែប៉ុណ្ណោះ ខណៈដែលមិនដឹងថា ឪពុកម្ដាយឬសាច់ញាតិទារកនេះនៅណា គឺក្រៅពីគ្មានអ្នកណាចេញមកអះអាងថាជាម្ដាយរបស់កូននេះ ព្រះអង្គក៏បានរាយការណ៍ទៅខាងអាជ្ញាធរភូមិ ឃុំ និងប៉ូលិសប៉ុស្តិ៍រដ្ឋបាល ឲ្យបានដឹងឮដែរ កុំឲ្យមានការយល់ច្រឡំថា លួចកើតគេមកពីណា ដើម្បីជួយសម្រួលដល់ការធ្វើអត្រានុកូលដ្ឋាន ប៉ុន្តែមកដល់ពេលនេះ មិនទាន់បានធ្វើសំបុត្របញ្ជាក់កំណើតនៅឡើយ ដោយសារមេឃុំ នៅជាប់រវល់ការងារចាំបាច់មួយចំនួន ឲ្យព្រះអង្គ រង់ចាំបន្តិចសិន ពេលរួចការងារ គាត់នឹងធ្វើឲ្យ ។
ព្រះតេជគុណ ក្រូច សំបាន បានបញ្ជាក់ថា កាលរើសបាន កូនសំណាង មានទម្ងន់តែ ១គីឡូ ២ខាំប៉ុណ្ណោះ តែពេលនេះ គេកំពុងមានសុខភាពល្អ សាច់ឈាមភ្លឺថ្លា លូតលាស់រាងកាយថ្លោសទ្រលុកទ្រលន់ ។ នេះដោយ សារ គេបៅទឹកដោះគោ ម៉ាកវ៉ាកាដូ របស់ជប៉ុន ។ ប៉ុន្តែឪពុកចិញ្ចឹម ជាព្រះសង្ឃអង្គនេះ ត្អូញត្អែរថា កូនតូចនេះ ចាប់ផ្ដើមបៅច្រើន ក្នុង១កំប៉ុងធំ ១៣ម៉ឺន ៥ពាន់រៀល បៅបានតែ៥ថ្ងៃ ២កំប៉ុងធំ បៅបាន៩ថ្ងៃ ។ ក្នុង១ខែ ត្រូវចំណាយលើម្សៅទឹកដោះ អស់ជាង ៩០ម៉ឺនរៀល បូករួមនិងខោទឹកនោម ថ្នាំបន្តក់ ប្រេងរឺតពោះ ផ្សេងៗ ទៀត ចំណាយក្នុងខែ អស់ជាង១លានរៀល ស្មើនឹងជាង ៣០០ដុល្លារ ដែលជាប្រាក់សម្រាប់ចំណាយទាំងអស់នេះ ជាបច្ច័យបួនរបស់ព្រះអង្គ ដែលបានមកពីការសូត្រមន្ត និមន្តទេសនានៅតាមរោងបុណ្យផ្សេងៗ នៅក្នុងភូមិ ជាដើម និងចុងក្រោយនេះ មានញាតិញោមជាសប្បុរសជនជិតឆ្ងាយ ជួយបរិច្ចាគម្នាក់បន្តិចដែរ តែព្រះអង្គមិនទាន់ប្រមូលបច្ច័យទាំងនេះទៅទិញម្សៅទឹកដោះគោនៅឡើយ គឺនៅប្រើបច្ច័យបួនរបស់ព្រះអង្គសិន ហើយបើគិតពីបច្ច័យបួនរបស់ព្រះអង្គ ដែលចំណាយសព្វបែបយ៉ាងលើការចិញ្ចឹមទារកម្នាក់នេះ តាំងពីថ្លៃឈ្នួលឡានដឹកទៅពេទ្យ ថ្លៃសម្ភារៈដេកនៅមន្ទីរពេទ្យ និងថ្លៃជួលអ្នកមើលថែនៅមន្ទីរពេទ្យ នៅពេលរើសបានដំបូង និងចិញ្ចឹមអស់រយៈពេលជិត ៤ខែមកនេះ មិនក្រោម ១០លានរៀលនោះទេ ។ យ៉ាងណា ព្រះអង្គក៏អរគុណដល់ញាតិញោមទាំងអស់នោះ ដែលមានសទ្ធាជួយឧបត្ថម្ភមកដល់ព្រះអង្គ និងបង្ហាញការអាណិតដល់កូនចិញ្ចឹមរបស់ព្រះអង្គនេះ ។

ចៅអធិការវត្តព្រៃក្ទម្ព បញ្ជាក់បន្ថែមថា ក្រៅពីបៅច្រើន កូនតូចម្នាក់នេះ ក៏រាងកាច យំច្រើនបន្តិច ហើយតែយំហើយ មិនងាយនឹងដេកទេ ធ្វើទុក្ខតែម្ដង ។ បើពេលនៅពេលយប់វិញ ទាល់តែព្រះអង្គសិងនៅក្បែរ យកដៃទះគូទថើៗបណ្ដើរ បំបៅទឹកដោះគោបណ្ដើរ ច្រៀងលួងបំពេ ចាប់ពីម៉ោងប្រាំពីរ ប្រាំបីយប់ ដល់ម៉ោង១១យប់ ទើបគេងលក់ ឬយប់ខ្លះយំខ្លាំងពេកទៅ តម្រូវឲ្យព្រះអង្គចំណាយពេលស្ទើរពេញមួយយប់ ក្នុងការលើកបីដើរចុះឡើង ទម្រាំតែឈប់យំ រួចគេងលក់នៅលើដៃ ។ ពីដំបូង ព្រះអង្គគិតថា ការចិញ្ចឹមកូនមួយនេះ ពិតជាលំបាកណាស់ ប៉ុន្តែដោយសារមានចិត្តអាណិតស្រលាញ់ខ្លាំង ធ្វើឲ្យការលំបាកទាំងអស់នេះ ទៅជាធម្មតាវិញ រហូត ពេលខ្លះព្រះអង្គ គិតថា បើកូននេះអត់យំកិកកុក ក៏រាងស្ងាត់ដែរ គឺអារម្មណ៍របស់ព្រះអង្គ ខ្វល់ខ្វាយដក់ជាប់តែនឹងកូនមួយនេះ ។ ហេតុនេះហើយ បើទោះបីញាតិញោមនៅក្នុងភូមិ មកដល់វត្ត សុំយកកូននេះទៅចិញ្ចឹមបន្តនៅផ្ទះរបស់ពួកគាត់ក៏ដោយ ក៏ព្រះអង្គមិនអាចឲ្យបាន ហើយព្រះអង្គនៅតែប្រកាន់ជំហរថា ព្រះអង្គ ចង់បានកូនចិញ្ចឹមយូរហើយ ដើម្បីបម្រុងទុកជាមុន ព្រោះព្រះអង្គបានមកបង្កើតវត្តថ្មីនេះ ដោយខ្លួនឯង ទើបតែបាន ៥ឆ្នាំ ខ្លាចពេលព្រះអង្គសឹកទៅ វត្តនេះនៅចោលទទេ អត់ទាន់កើតជាសមិទ្ធផលអី មានតែដី កុដិសាលាមិន ទាន់មាន ។ ដូច្នេះបើបានកូនចិញ្ចឹមមួយ បើសិនជាព្រះអង្គ មិនបានសឹក ព្រះអង្គបួសរហូតដល់សុគត ក៏ព្រះ អង្គមានកូនមួយ បម្រុង ពោលគឺគោលបំណងរបស់ព្រះអង្គ នៅពេលកូននេះធំឡើង នឹងអាចឲ្យបួស ប៉ុន្តែអាចថា បួសទៅតាមកាលៈទេសៈ ឬទៅតាមកាល បើអាច ព្រះអង្គនឹងបញ្ជូនទៅរៀនឲ្យបានខ្ពង់ខ្ពស់ ឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ កុំឲ្យគ្នាកំព្រាពីតូចហើយ ធំទៅបែរជានៅកំព្រា លំបាកវេទនាទៀត គឺព្រះអង្គអត់ចង់ឃើញបែបនេះទេ ។ បើនៅវត្ត ខ្វះសាលា ក្នុងការរៀនឲ្យបានខ្ពង់ខ្ពស់ ព្រះអង្គនឹងបញ្ជូនកូនទៅរៀន នៅកន្លែងណាដែលខ្ពង់ខ្ពស់ អាចឲ្យមានចំណេះវិជ្ជា និងមុខជំនាញអ្វីមួយឲ្យពិតប្រាកដសម្រាប់ខ្លួនឯង ។

ជាចុងក្រោយ ព្រះគ្រូចៅអធិការ មានថេរដីកាសង្កត់ធ្ងន់ថា “បានជាអាត្មាសម្រេចចិញ្ចឹមកូននេះ ដោយផ្ទាល់ ដូចអាត្មាថាហើយ ក្រែងបុណ្យវាសនាយ៉ាងម៉េច ឬក្រែងមិនបានសឹកពីបួស អ៊ីចឹងទៅក៏បានកូនមួយដែរ គ្រាន់នឹងថា កុំឲ្យអត់កូនសោះ ។ នេះជាគោលបំណងដែលធំ ទើបបានធ្វើការសម្រេចចិត្តក្នុងការចិញ្ចឹមនេះឯង ហើ យការដែលអាត្មាធ្វើវីដេអូផុសតាមបណ្ដាញសង្គម ឲ្យសប្បុរសជនបានឃើញ គឺដើម្បីឲ្យពួកគាត់បានជួយតាមក្នុងទឹកចិត្ត ទឹកសទ្ធារបស់គាត់ ដើម្បីអាត្មាបានបច្ច័យ យកមកចិញ្ចឹមក្មេងនេះបន្តទៅទៀត ព្រោះព្រះសង្ឃយើង ដូចឃើញហើយ មិនដឹងទៅធ្វើការឯណាបានប្រាក់ខែ ចិញ្ចឹមកូន? វាជារឿងលំបាក ហើយមួយទៀត ដើម្បីបានផ្ដល់ឲ្យគេបានសិក្សាខ្ពងខ្ពស់ ទៅថ្ងៃអនាគត នៅពេលអាអូនធំ ។ សរុបទៅ ទោះបីជាលំបាកយ៉ាង ណា ក៏អាត្មាមិនបោះបង់កូននេះដែរ ហើយក៏អាត្មាមិនឲ្យទៅគេដែរ ។ សូម្បីតែគេយកទៅចិញ្ចឹម ជួយមើលថែនៅឯផ្ទះ ឲ្យបៅដោះគេផ្ទាល់ ក៏អាត្មាអត់ឲ្យដែរ គឺអត់ឲ្យចូលឈាមអ្នកណាទេ ។ ដូច្នេះទោះបីអាត្មាលំបាកលំ បិនយ៉ាងម៉េច ត្រូវខ្ចីបុល ជួលព័ទ្ធគេយ៉ាងម៉េច ក៏អាត្មាសម្រេចថា ត្រូវតែចិញ្ចឹមកូននេះ ឲ្យបានធំធាត់ ឲ្យបានមានមុខមានមាត់ខ្ពង់ខ្ពស់ក្នុងសង្គម ហើយទោះបីអាត្មា នៅក្នុងភេទជាបព្វជិត ក៏អាត្មាចិញ្ចឹម ទោះបីអាត្មាអស់និស្ស័យផ្នួស សឹកទៅជាគ្រហស្ថវិញ ក៏អាត្មានៅតែចិញ្ចឹមកូននេះដែរ ដោយមិនបោះបង់ទេ“ ៕ កុលបុត្រ