Saturday, November 22, 2025
Homeសង្គម និងជីវិតទៅជប៉ុន សន្សំបាន៣ម៉ឺនដុល្លារ យកមកស្រុក ចោរលួចអស់

ទៅជប៉ុន សន្សំបាន៣ម៉ឺនដុល្លារ យកមកស្រុក ចោរលួចអស់

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បានចេញទៅធ្វើការងារជាពលការិនី នៅប្រទេសជប៉ុន អស់រយៈពេលប្រមាណ ៧ឆ្នាំ ខំសន្សំបានប្រាក់ ចំនួន ៣ម៉ឺនដុល្លារ លុះពេលត្រឡប់មកវិញ ខំធ្វើការងារបន្ថែមទៀត ដើម្បីសន្សំលុយ បំណងយកទៅធ្វើផ្ទះ នៅឯស្រុក ស្រាប់តែចុងក្រោយ មកពីធ្វើការងារវិញ ប្រទះឃើញបន្ទប់ជួលរបស់ខ្លួនត្រូវចោរឆ្កឹះសោ ចូលលួចប្រមូលយកលុយកាក់ដែលខំសន្សំ ប្រមាណ៣ម៉ឺនដុល្លារនោះ ទៅអស់រលីង។

ករណីចោរឆ្កឹះសោបន្ទប់ ចូលលួចលុយនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ៦ ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្ទះជួល ១កន្លែង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។តាមព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាព្រឹកព្រលឹមស្រាងៗ គេឃើញនារីរងគ្រោះខាងលើ ទើបនឹងត្រឡប់មកពីធ្វើការវេនយប់ លុះគ្រាន់តែចូលដល់បន្ទប់ជួល ក៏ស្រែកទ្រហោយំយ៉ាងខ្លាំង ធ្វើឱ្យផ្អើលឆោឡោដល់អ្នកជិតខាង ទៅសួរនាំ ទើបដឹងថា បន្ទប់របស់នាង ត្រូវបានចោរឆ្កឹះសោ រើកកាយលួចយកលុយអស់រលីងទៅហើយ។

តាមសម្តីរបស់នារីរងគ្រោះ ដែលសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់ថា ប្រាក់ដែលចោរឆ្កឹះសោបន្ទប់ លួចយកទៅនោះ រួមមាន លុយដុល្លារ ប្រមាណ១៤០០០ដុល្លារ និងលុយជប៉ុនប្រមាណជិត ២ម៉ឺនយ៉េន ដែលសរុបទាំងអស់ ប្រមាណ ៣ម៉ឺនដុល្លារ។

នារីរងគ្រោះ បានបន្តថា នាងគឺជាពលការិនី ធ្វើការនៅប្រទេសជប៉ុន ខំសន្សំប្រាក់ អស់រយៈពេល៧ឆ្នាំ មកហើយ លុះត្រឡប់មកប្រទេសកម្ពុជា ខំធ្វើការងារយប់ បន្តទៀត ដើម្បីសន្សំលុយបន្ថែម ទុកធ្វើផ្ទះនៅឯស្រុក។ នៅពេលថ្មីៗនេះ នាងបានដកលុយ យកមកទុកនៅក្នុងបន្ទប់ បម្រុងធ្វើដំណើរយកលុយទាំងនោះទៅស្រុក ដើម្បីធ្វើផ្ទះ ស្រាប់តែត្រូវបានចោរលួចអស់តែម្តង។

តាមព័ត៌មាន ឱ្យដឹងថា ក្រុមចោរ អាចជាអ្នកនៅក្បែរខាងបន្ទប់របស់ជនរងគ្រោះ ព្រោះតាមការបំភ្លឺពីអ្នកជិត ខាង នៅមុខបន្ទប់ តាមច្រកចូល មានម៉ូតូ នៅខាងក្រៅ ចោរមិនលួច បែឬជាទៅគាស់បន្ទប់នារីរងគ្រោះ លួចលុយទៅវិញ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះ បានជិះម៉ូតូទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES