ខេត្តសៀមរាប ៖ ត្រីរាជ ១ក្បាល ដែលមានទម្ងន់ជិត ១០០គីឡូក្រាម ត្រូវអ្នកនេសាទចាប់បាន ដោយឧបកណ៍នេសាទ “លបឡុក” នៅដែននេសាទជ្រោយមេត្រី សង្កាត់ចុងឃ្នាស ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានលែងទៅក្នុងបឹងទន្លេសាប វិញ។

អ្នកនេសាទដែលចាប់បានត្រីរាជ ១ក្បាល ទម្ងន់ជិត១០០គីឡូក្រាម មានឈ្មោះ ឆែ យូហាក់ អាយុ៣៨ឆ្នាំ។ ចំណែកត្រីរាជ ១ក្បាលនោះ មានទម្ងន់ ៩៥គីឡូក្រាម និងមានប្រវែង ២១៦សង់ទីម៉ែត្រ។

តាមប្រភពមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ក្រោយពីបានស្វែងយល់អំពីសារៈសំខាន់នៃធនធានមច្ឆជាតិកម្រនិងងាយរងគ្រោះ ជិតផុតពូជ នៃព្រះរាជា ណាចក្រកម្ពុជា និងសម្រាប់ពិភពលោក ទើបនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឆែ យូហាក់ ដែលជាម្ចាស់លបណរ៉ាវ នៅម្តុំជ្រោយមេត្រី សង្កាត់ចុងឃ្នាស ក្នុងតំបន់គ្រប់គ្រងជលផលខេត្តសៀមរាប បានជូនដំ ណឹងអំពីការចាប់បានត្រីរាជ ចំនួន ១ក្បាល ទៅខណ្ឌរដ្ឋបាលជលផលសៀមរាប។
ប្រភពដដែល បន្តថា ខណ្ឌរដ្ឋបាលជលផលសៀមរាប និងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប រួមជាមួយវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងគ្រួសារអ្នកនេសាទ បានបំពាក់ស្លាកនិងលែងត្រីរាជ ចំនួន១ក្បាល ដែលមានទម្ងន់ ៩៥គីឡូក្រាម ប្រវែង ២១៦សង់ទីម៉ែត្រ ទៅក្នុងបឹងទន្លេសាប ជាទីជម្រកធម្មជាតិ ក្បែរតំបន់អភិរក្សជលផលអតីតឡូត៍នេសាទលេខ៤ ភូមិសាស្ត្រខេត្តសៀមរាប ។

តាំងនាមខណ្ឌរដ្ឋបាលជលផលសៀមរាប សូមថ្លែងអំណរគុណដល់លោក ឆែ យូហាក់ និងបងប្អូនប្រជានេ សាទនៅក្នុងតំបន់គ្រប់គ្រងជលផលខេត្តសៀមរាប ដើម្បីចូលរួមថែរក្សាការពារ និងលែងពូជត្រីកម្រ និងជិតផុតពូជ ឱ្យបានគង់វង្ស៕