Tuesday, December 16, 2025
Homeនយោបាយអ្នកវិភាគថា កម្ពុជា ត្រូវប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ឲ្យថៃ គោរពច្បាប់អន្តរជាតិ

អ្នកវិភាគថា កម្ពុជា ត្រូវប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ឲ្យថៃ គោរពច្បាប់អន្តរជាតិ

ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា កម្ពុជា ត្រូវតែប្តឹងថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ចំពោះការរំលោភបំពានដែនអធិបតេយ្យ និងការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលកម្ពុជា ដើម្បីបង្ខំឲ្យថៃ ងាកមកគោរពច្បាប់អន្តរជាតិ និងសិទ្ធិមនុស្សជាសកល ។ ទន្ទឹមនឹងនេះ មេដឹកនាំនយោបាយ គួរទម្លាក់ចោលការវាយប្រហារគ្នាឯង តែគួរបង្កើតវប្បធម៌សាមគ្គីជាតិខ្មែរ ដើម្បីប្រឆាំងនឹងបរទេសឈ្លានពាន ក្នុងពេលបច្ចុប្បន្ន និងអនាគត។

 លោក សេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ថា “កម្ពុជា អាចអត់ធ្មត់មិនប្រើកម្លាំងយោធា និងអាវុធបាន តែមិនគួរអត់ធ្មត់រហូតដល់មិនប្តឹងថៃ ទៅតុលាការអន្តរជាតិ នោះទេ។ កម្ពុជា គួររៀបចំឯកសារនិងភ័ស្តុតាង ដើម្បីប្តឹងថៃ ចំពោះការរំលោភបំពានដែនអធិបតេយ្យ និងការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលកម្ពុជា ដោយគ្មានការគោរពច្បាប់អន្តរជាតិ និងតាមគោលការណ៍សិទ្ធិមនុស្ស ជាសកល។ មួយវិញទៀត មេដឹកនាំកម្ពុជា គួរទម្លាក់ចោលការចោទប្រកាន់លើយុវជន និងសកម្មជននយោបាយដែលកំពុងជាប់ឃុំទាំងអស់ ដើម្បីបង្ហាញពីការបង្រួបបង្រួមជាតិ គ្រប់និន្នាការ។ កម្ពុជា គួរអត់ធ្មត់ និងគាំទ្រខ្មែរដូចគ្នា ឱ្យបានខ្លាំងក្លា ជាងការអត់ធ្មត់ចំពោះបរទេសឈ្លានពាន។ កម្ពុជា គួររក្សាសាមគ្គីភាពជាមូលដ្ឋាន សម្របសម្រួលគ្នា ដើម្បីចៀសវាងការយកខ្មែរដែលជាតិសាសន៍ខ្លួន មកធ្វើជាបច្ចាមិត្ត។ ខ្មែរទាំងឡាយណាដែលមិនផ្ដល់តម្លៃដល់ជាតិ និងប្រជាជាតិខ្មែរ មិនគួរអត់ឱនឱ្យនោះទេ។ បុគ្គលណាដែលបង្កបញ្ហាដល់ជាតិ នៅពេលប្រទេសកំពុងប្រឈម មុខនឹងការឈ្លានពាន គួរតែបញ្ចប់សកម្មភាពទាំងនោះ ឬបើមិនដូច្នោះ គួរលាលែងសញ្ជាតិខ្មែរដោយខ្លួនឯងចេញទៅ។ ប្រសិនបើខ្មែរ ចេះសាមគ្គីគ្នា ខ្មែរនឹងរឹងមាំ ហើយបរទេស នឹងមិនអាចមករំលោភបំពានលើកម្ពុជា បានឡើយ“ ។

  លោកសេក សុជាតិ បានសរសេរបន្តថា “ខ្ញុំសង្ឃឹមថា ខ្មែរ នឹងអត់ឱនឱ្យគ្នា ចេះគោរពគ្នា និងជួយគ្នាក្នុងការប្រឆាំងនឹងបរទេសឈ្លានពាន តាមគ្រប់ទម្រង់។ ខ្មែរ នៅក្រៅប្រទេស គួរជួបជុំតវ៉ានៅមុខវិមានរដ្ឋ នៃប្រទេសដែលខ្លួនកំពុងរស់នៅ ដើម្បីបង្ហាញពីការឈ្លានពានរបស់ថៃ លើកម្ពុជា រួមទាំងការសម្លាប់ជនស៊ីវិល ដោយគ្មានការគោរពច្បាប់អន្តរជាតិ ពីសំណាក់ភាគីថៃ លើកម្ពុជា។ ខ្មែរ ក្នុងស្រុក គួរគាំទ្រនិងជួយដល់ជនភៀសសឹក ដើម្បីជួយសម្រួលជីវភាពនិងបន្ធូរបញ្ហាទុក្ខលំបាកក្នុងពេលអាសន្ននេះ។ មេដឹកនាំនយោបាយទាំងអស់គួរដាក់ញត្តិ ទៅកាន់ស្ថានទូតធំៗនៅកម្ពុជា ដើម្បីស្នើសុំឱ្យប្រទេសនីមួយៗ ដាក់សម្ពាធលើថៃ និងអំពាវនាវឱ្យថៃ បញ្ឈប់ការឈ្លានពានលើកម្ពុជា ជាបន្ទាន់។ យុវជនកម្ពុជា គួរត្រៀមខ្លួនសម្រាប់ការចូលរួមជាមួយកងទ័ពជាតិ ប្រឆាំងគ្រោះថ្នាក់ផ្សេងៗ។ ខ្មែរទាំងអស់ ត្រូវតែបន្តតាមដាននិងត្រៀមខ្លួនដើម្បីជួយប្រទេសជាតិ និងជនរួម ជាតិដែលកំពុងប្រឈមបញ្ហាដោយសារសង្គ្រាមឈ្លានពានពីពួកបរទេស។ មេដឹកនាំនយោបាយ គួរទម្លាក់ចោលការធ្វើទុក្ខកិរិយាលើគ្នា និងបង្កើតវប្បធម៌សាមគ្គីជាតិខ្មែរ ដើម្បីប្រឆាំងនឹងបរទេសឈ្លានពាន ក្នុងពេលបច្ចុប្បន្ន និងអនាគត។ អ្នកនយោបាយ គួរអត់ធ្មត់ចំពោះពាក្យសម្ដីនិងសកម្មភាពរបស់ខ្មែរដែលមានបំណងល្អចំពោះជាតិ និងចៀសវាងហិង្សានយោបាយ–សង្គម ដើម្បីធានាបាននូវប្រទេសជាតិ រឹងមាំនៅថ្ងៃអនាគត“ ។

 លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា នៃរាជបណ្ឌិត្យសភា បានលើកឡើងតាមបណ្ដាញសង្គម នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ថា “កម្ពុជានឹងប្ដឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ“ ។

  ចំណែកលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវតែប្តឹងថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

 លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ប្រាប់ “នគរធំំ” នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ថា កម្ពុជា ចាំបាច់ត្រូវតែប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដើម្បីឆ្លើយតបនូវអ្វីដែលកម្ពុជា បានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ពីការប្រកាសសង្រ្គាមជាឯកតោភាគី របស់ភាគីថៃ ដើម្បីធ្វើសង្រ្គាមឈ្លានពានទឹកដីកម្ពុជា ហើយការប្ដឹងនេះ បើទោះជាថៃ បានបញ្ឈប់ឬមិនបញ្ឈប់សង្រ្គាមប្រឆាំងកម្ពុជា យ៉ាងណាក៏ដោយ តែកម្ពុជា ត្រូវតែប្ដឹង ដើម្បីស្វែងយុត្តិធម៌ដល់ជនរងគ្រោះ និងប្រទេសកម្ពុជា ។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា “ជាទស្សនៈផ្ទាល់ខ្លួនខ្ញុំ ខ្ញុំគាំទ្រនូវការរៀបចំឯកសារនិងចង ក្រងនូវការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ របស់ថៃ មកលើកម្ពុជា ពីព្រោះបានបំផ្លិចបំផ្លាញសម្រាប់ជនស៊ីវិល និងបំផ្លិចបំផ្លាញហេដ្ឋារចនាសង្គមរបស់កម្ពុជាយ៉ាងសម្បើម។ ថៃ បានធ្វើការវ៉ៃប្រហារមកមិនចំ គោលដៅយោធាទេ គឺមកវាយប្រហារទូទៅតែម្ដង ។ អ៊ីចឹងហើយ ធ្វើឲ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងជនស្លូតត្រង់ ជាច្រើននាក់ ។ ដូច្នេះហើយ នេះវាប៉ះពាល់ទៅដល់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មផ្សេងៗទៀត ។ ដូច្នេះកម្ពុជា យើងចាំបាច់ត្រូវតែប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជាចាំបាច់ ដើម្បីតបស្នងនូវអ្វីដែលកម្ពុជា បានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ពីការប្រកាសសង្រ្គាមជាឯកតោភាគី ដើម្បីធ្វើសង្រ្គាមឈ្លានពានទឹកដីកម្ពុជា យើងឃើញថា យើងមិនចាំបាច់ពិបាកនឹងទៅពិនិត្យទេ គឺថៃ បានដើរចូលមកទឹកដីកម្ពុជា រាប់គីឡូ កន្លែងខ្លះទម្លាក់គ្រាប់ឆ្ងាយពីព្រំដែន ដល់រាប់រយគីឡូ ។ ដូច្នេះហើយ នេះគឺជាសង្រ្គាមឈ្លាន ពាន និងបានសម្លាប់ជនស៊ីវិល ហើយការប្ដឹងនេះ បើទោះជាថៃ បានបញ្ឈប់ ឬមិនបញ្ឈប់សង្រ្គាមប្រឆាំងកម្ពុជា យ៉ាងណាក៏ដោយ តែកម្ពុជា ត្រូវតែប្ដឹង ដើម្បីស្វែងយុត្តិធម៌ដល់ជនរងគ្រោះ និងស្វែងរកកកយុត្តិធម៌ឲ្យប្រទេសកម្ពុជា ផងដែរ“ ។

  ដោយឡែក លោកបណ្ឌិត ជ័យ តិច អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ និងជាអ្នកស្រាវជ្រាវដើម្បីការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទីដដែលនោះថា ការវាយប្រហាររបស់ថៃ រំលោភមកលើដែនអធិបតេយ្យកម្ពុជា ជាថ្មីនេះ គឺកម្ពុជា បានរៀបចំរួចរាល់ហើយនូវភ័ស្តុតាង ក៏ដូចជាត្រៀមនឹងដាក់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ព្រមទាំងប្រើប្រាស់នូវគ្រប់យន្តការទាំងអស់ ដើម្បីប្ដឹងភាគីថៃ ។

  លោកបណ្ឌិត ជ័យ តិច បានមានប្រសាសន៍ថា “ការវាយប្រហាររបស់ថៃ រំលោភមកដែនអធិបតេយ្យកម្ពុជា ជាថ្មីនេះ គឺកម្ពុជា បានរៀបចំរួចរាល់ហើយនូវភ័ស្តុតាង ក៏ដូចជាត្រៀមនឹងដាក់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ហើយទន្ទឹមនឹងនេះ ក៏យើងប្រើប្រាស់នូវគ្រប់យន្តការទាំងអស់ ដើម្បីតវ៉ា ក៏ដូចជាប្ដឹងទៅភាគីថៃ មានដាក់ពាក្យប្ដឹង ទៅយូណេស្កូ ពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញនូវបេតិកភណ្ឌ នូវប្រាសាទរបស់ខ្មែរ ការដាក់ពាក្យទៅ ICC ក៏ដូចជាដាក់ពាក្យបណ្ដឹងទៅខាង AOT ខាងអាស៊ាន ក៏ដូចជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ… “។

  គួរបញ្ជាក់ថា ស្របពេលក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានថា គិតត្រឹមម៉ោង ៦:០០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ចំនួនជនស៊ីវិលកម្ពុជា ដែលត្រូវបានសម្លាប់ មានចំនួន ១២នាក់ និងចំនួនអ្នករបួស មានចំនួន ៧៤នាក់ និងចំនួនអ្នកជម្លៀស សរុបបានកើនឡើងដល់ 120,814 គ្រួសារ ស្មើនឹង 403,601នាក់ ក្នុងនោះមានស្ត្រីប្រហែល 208,000 នាក់ និងកុមារប្រហែល 96,000 នាក់នោះ កម្ពុជា កំពុងប្រមូលភ័ស្តុតាង ដើម្បីប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលកម្ពុជា ជាសមាជិក ។  

ប្រភពពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហើបថា នៅចំពោះមុខនៃសកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដែលបានប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ ព្រមទាំងយន្តហោះទម្លាក់គ្រាប់បែក មកលើទីតាំងស៊ីវិលនៅកម្ពុជា ដូចខាងលើនេះ កម្ពុជា បាននិងកំពុងប្រមូលភ័ស្តុតាង ដើម្បីប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលកម្ពុជា ជាសមាជិក ។

  ក្រៅពីអ្នកវិភាគ ស្របពេលដែលយោធាថៃ បានបាញ់បំផ្លាញប្រាសាទតាក្របី និងប្រាសាទព្រះវិហារ ជុំវិញជម្លោះជាមួយកម្ពុជា អ្នកច្បាប់ ក៏ជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ប្តឹងថៃ ទៅតុលាការតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដើម្បីទាមទារសំណងចំពោះការខូចខាតប្រាសាទខ្មែរ ដែលរងការបំផ្លិចបំផ្លាញដោយកងទ័ពថៃ ជុំវិញជម្លោះព្រំដែន នាពេលនេះ។

  អតីតមេធាវីសាលាក្ដីខ្មែរក្រហម លោក កង ឫទ្ធិគិរី បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ថា សកម្មភាពវាយប្រហារលើប្រាសាទបុរាណខ្មែរនានា ពីសំណាក់កងទ័ពថៃ គឺជាឧក្រិដ្ឋកម្ម សង្គ្រាម យ៉ាងពិតប្រាកដ ដែលប្រឆាំងនឹងអនុសញ្ញាទីក្រុងហ្សឺណែវ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩ យ៉ាងធ្ងន់ ធ្ងរ។

 អតីតមេធាវីរូបនេះ អះអាងថា សកម្មភាពបាញ់បំផ្លិចបំផ្លាញប្រាសាទតាមាន់ ប្រាសាទតាក្របី ដែលបណ្តាលឱ្យខូចខាតស្ទើរតែទាំងស្រុង និងខូចខាតផ្នែកខ្លះនៃប្រាសាទព្រះវិហាររបស់កម្ពុជា ដោយកងទ័ពថៃ គឺកម្ពុជា អាចប្ដឹងថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ឬតុលាការក្នុងស្រុក ក៏បាន ដើម្បីឱ្យទទួលខុសត្រូវលើអំពើឧក្រិដ្ឋរបស់ពួកគេ។

 លោក កង ឫទ្ធិគិរី ជំរុញឱ្យកម្ពុជា រៀបចំតុលាការឧក្រិដ្ឋសង្គ្រាមមួយ និងដាក់ឱ្យដំណើរការ ដោយចាប់ផ្ដើមស៊ើបអង្កេតបុគ្គលពាក់ព័ន្ធក្នុងការដាក់បទបញ្ជាឱ្យអនុវត្តបាញ់ផ្លោងកម្ទេចប្រាសាទបុរាណនានារបស់ខ្មែរ ព្រោះការបាញ់ផ្លោងកម្ទេចប្រាសាទខ្មែរ ទាំងនោះ ប្រាកដជាពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រីថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ប្រធានភូមិភាគថៃ និងប្រធានកងពលនានារបស់ថៃ ជាក់ជាមិនខាន។

លោកបញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីទប់ស្កាត់កុំឱ្យអំពើព្រៃផ្សៃនេះ កើតមានម្តងទៀត លើប្រទេសកម្ពុជា និងដើម្បីបំបាក់មុខមេដឹកនាំថៃ ឱ្យរងភាពអាម៉ាស់លើឆាកអន្តរជាតិស្របតាមច្បាប់ជាតិ និងអន្តរជាតិផងដែរ។

  ជាមួយគ្នានោះដែរ ក្នុងខណៈពេលដែលគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៤១ និងកិច្ចប្រជុំពេញអង្គលើកទី៣២ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ដែលដឹកនាំដោយសហប្រធានប្រទេសបារាំង និងប្រទេសជប៉ុន ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ផងដែរនោះ លោក Lazare Aloundou Assomo នាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO) បានលើកឡើងក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤១ និងកិច្ចប្រជុំពេញអង្គលើកទី៣២ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ថា អង្គការយូ ណេស្កូ កំពុងពិនិត្យតាមដានយ៉ាងល្អិតល្អន់ និងត្រៀមខ្លួនផ្ដល់ជំនួយបច្ចេកទេសនិងវិធានការនានា ដើម្បីការពារដល់សម្បត្តិបេតិកភណ្ឌទាំងឡាយរបស់កម្ពុជា ពីការវាយប្រហាររបស់ទាហានថៃ ៕ កុលបុត្រ

RELATED ARTICLES