ខេត្តប៉ៃលិន ៖ ក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) គិតមកដល់ថ្ងៃទី២៥ និង២៦ ខែធ្នូ ឆ្នាំ២០២៥ បានបន្តជួបគ្នាដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កម្រិតរដ្ឋមន្រ្តីការពារជាតិ នៃប្រទេសទាំងពីរ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ។

សូមជម្រាបថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលខាងគណៈប្រតិភូក្រុមលេខាធិការកម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការថៃ ដឹកនាំដោយនាយឧត្តមសេនីយ៍ ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ (GBC ) ថៃ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេត ការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១ (២៤ធ្នូ) និងថ្ងៃទី២ (២៥ធ្នូ) ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី១ (២៤ ធ្នូ) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិព្រំ-ផ:កាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ។ ដោយឡែក នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី៣ បើគ្មានការប្រែប្រួល ការជួបប្រជុំរវាងថ្នាក់លេខាធិការដ្ឋាន នៃប្រទេសទាំងពីរ នឹងត្រូវធ្វើឡើងតាមពេលវេលា និងទីកន្លែងដដែល ។
ចំពោះខ្លឹមសារនៅក្នុងកិច្ចប្រជុំនេះ គឺភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញ រវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
ជាការកត់សម្គាល់ផងដែរថា មុនកិច្ចកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លោកនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណា ចក្រកម្ពុជា បានផ្ញើលិខិតជូនចំពោះនាយឧត្តមសេនីយ៍ ណាត់ថាពង្ស ណាកផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃសហប្រធានភាគីថៃ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ស្នើសុំរៀបកិច្ចប្រជុំពិសេស GBC លើកទី៣ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងស្នើសុំចំណុចមួយចំនួនទៀត ។
លិខិតរបស់លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់ជូនរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ យោងទៅលើសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន នៃកិច្ចប្រជុំវិសាមញ្ញរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលបានសម្តែងការស្វាគមន៍ចំពោះកិច្ចពិភាក្សាលើការបន្តបទឈប់បាញ់ និងការបញ្ឈប់អរិភាព ភាគីកម្ពុជា ឯក ភាពចំពោះការស្នើឱ្យមានកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។ អនុលោមតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ខាងលើនេះ លោកសូមលើកសេចក្តីស្នើដូចខាងក្រោម ៖

១. កិច្ចប្រជុំ GBC នេះ គួរតែត្រូវបានរៀបចំឡើងក្នុងទម្រង់ដូចគ្នាទៅនឹង “កិច្ចប្រជុំវិសាមញ្ញ GBC” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ស្របតាមខ្លឹមសារចែងក្នុងកថាខណ្ឌទី១៣ នៃកំណត់ហេតុអង្គប្រជុំ ដែលបានព្រមព្រៀង។
២. ដោយយោងលើមូលហេតុសន្តិសុខ បណ្តាលមកពីការប្រយុទ្ធគ្នាដែលកំពុងបន្តកើតមានតាមបណ្តោយព្រំដែន កិច្ចប្រជុំនេះ គួរតែធ្វើឡើងក្នុងទីតាំងដែលមានសុវត្ថិភាព និងអព្យាក្រឹត។ ក្នុងន័យនេះ ប្រទេសម៉ាឡេស៊ី បានយល់ព្រមធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ នៅទីក្រុងកូឡាឡាំពួរ។
៣. ចំពោះរបៀបវារៈកិច្ចប្រជុំ គួរតែផ្តោតការពិភាក្សាលើចំណុចសំខាន់ៗ ចំនួន៤ ដូចខាងក្រោម ៖
ក. ការបញ្ឈប់អរិភាពជាបន្ទាន់ និងការគោរពអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងដទៃទៀត ដែលបានសម្រេចក្នុងក្របខ័ណ្ឌនេះ។
ខ. ការធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព និងប្រកបដោយសេចក្តីថ្លៃថ្នូរ ដោយគ្មានការរារាំង នៃប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ព្រំដែនរងផលប៉ះពាល់ ទៅកាន់លំនៅឋាន និងការប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតី ដូចកាលពីមុនពេលផ្ទុះអរិភាព។
គ. ការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈការបន្តអនុវត្តជាបន្ទាន់ និងពេញលេញនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងការធ្វើឱ្យដំណើរការឡើងវិញជាបន្ទាន់ នូវយន្តការដែលមានស្រាប់ ក្រោមក្របខ័ណ្ឌនេះ រួមមានការខណ្ឌសីមាព្រំដែន និងការបោសសម្អាតមីនមនុស្សធម៌។
ឃ. ការពង្រឹងតួនាទីរបស់ក្រុមសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានានូវការអនុវត្ត និងការត្រួតពិនិត្យបទឈប់បាញ់ ព្រមទាំងកិច្ចព្រមព្រៀងដទៃទៀតដែលបានសម្រេចក្រោមសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ។
គួររំលឹកថា នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ជាលទ្ធផល ភាគីទាំងពីរ បានឯកភាពគ្នាលើ ១៣ចំណុច ដូចខាងក្រោម ៖
ក. ភាគីទាំងពីរ ព្រមព្រៀងលើការឈប់បាញ់ រាប់បញ្ចូលអាវុធគ្រប់ប្រភេទ រួមទាំងការវាយប្រហារលើជនស៊ីវិល ទ្រព្យសម្បត្តិជនស៊ីវិល និងគោលដៅយោធារបស់ភាគីម្ខាងៗនៅគ្រប់ករណី និងគ្រប់តំបន់ទាំងអស់។ ភាគីទាំងពីរ ត្រូវចៀសវាងដាច់ខាតនូវរាល់ការបាញ់គ្នាដោយគ្មានមូលហេតុច្បាស់លាស់ ទៅលើចំពោះទីតាំង ឬកងទ័ពរបស់ម្ខាងទៀត។ កិច្ចព្រមព្រៀងនេះ មិនត្រូវរំលោភបំពានឡើយក្នុងគ្រប់ស្ថានភាព។
ខ. ភាគីទាំងពីរព្រមព្រៀងថា បានរក្សាកម្លាំងយោធារបស់ខ្លួន នៅទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់ ចូលជាធរមាន នៅម៉ោង ២៤:០០ (ម៉ោងក្នុងតំបន់) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥។ ភាគីទាំងពីរ មិនត្រូវចល័តទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការចល័តទ័ពទៅលើទីតាំងរបស់ម្ខាងទៀតឡើយ។
គ. ភាគីទាំងពីរ ព្រមព្រៀងមិនបន្ថែមកម្លាំងទ័ព នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ឡើយ។ ការបន្ថែមកម្លាំង អាចនាំឱ្យមានភាពតានតឹង និងមានឥទ្ធិពលអវិជ្ជមានដល់ការខិតខំដោះស្រាយបញ្ហារយៈពេលវែង។
ឃ. ភាគីទាំងពីរ ព្រមព្រៀងមិនអនុវត្តសកម្មភាពរំខានណាមួយដែលអាចបង្កើនភាពតានតឹងឡើងវិញឡើយ។ សកម្មភាពទាំងនោះ រួមមាន ការធ្វើសកម្មភាពយោធា ចូលទៅក្នុងដែនអាកាស ឬដែនអធិបតេយ្យ ឬទីតាំងឈរជើងរបស់កងកម្លាំងរបស់ម្ខាងទៀត ដែលបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់ ចូលជាធរមាន នៅម៉ោង ២៤:០០ (ម៉ោងក្នុងតំបន់) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥។ ភាគីទាំងពីរ បានព្រមព្រៀងមិនសាងសង់ ឬបង្កើនមូលដ្ឋានទ័ព ឬសាងសង់របាំងការពារណាមួយ បន្ថែមហួសពីដែនដីរបស់ខ្លួនឡើយ។
ង. ភាគីទាំងពីរ ព្រមព្រៀងមិនប្រើកម្លាំងគ្រប់ប្រភេទប្រឆាំងនឹងប្រជាជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិលឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ សកម្មភាពបែបនេះ មិនត្រឹមតែគំរាមកំហែងសុវត្ថិភាពសហគមន៍នៅតំបន់ព្រំដែនទេ ថែមទាំងបំពានលើច្បាប់អន្ដរជាតិ និងបង្ហាញពីរូបភាពអវិជ្ជមានដែលបង្កឡើងដោយភាគីដែលមិនគោរពច្បាប់។

ច. ភាគីទាំងពីរ ព្រមព្រៀងគ្នាអនុវត្តតាមច្បាប់មនុស្សធម៌អន្ដរជាតិ ក្នុងការរ៉ាប់រង ព្យាបាលទាហានដែលត្រូវចាប់បាន រួមបញ្ជូលទាំងរ៉ាប់រងលើជីវភាពរស់នៅ អាហារ និងការថែទាំសុខភាព ពេលមានរបួស។ បើភាគីណាមួយមានបំណងចង់នាំយកទាហាន ឬពលរដ្ឋរបស់ខ្លួនដែលមានរបួស ប៉ុន្តែមិនស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីម្ខាងទៀត ទៅទទួលការព្យាបាល ភាគីទៅទទួល អាចកំណត់ការឆ្លើយតបរបស់ខ្លួន ដោយផ្អែកលើសមត្ថភាព បរិក្ខារពេទ្យ បុគ្គលិកពេទ្យ ឬក្រមសីលធម៌វេជ្ជសាស្ត្រ តាមកររណីនីមួយៗ។ ទាហានដែលត្រូវចាប់បានខ្លួន ត្រូវតែដោះលែង និងបញ្ជូនភ្លាមៗ ឱ្យត្រឡប់មកប្រទេសខ្លួនវិញ បន្ទាប់ពីការបញ្ចប់បទឈប់បាញ់គ្នាយ៉ាងសកម្ម ដោយយោងតាមមាត្រា១១៨ នៃអនុសញ្ញាទី៣ ទីក្រុងសឺណែវ ឆ្នាំ១៩៤៩ និងបទបញ្ជា ១២៨ (ក) នៃច្បាប់មនុស្សធម៌អន្តរជាតិ។ ភាគីទាំងពីរ បានព្រមព្រៀងផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក និងជួយសម្របសម្រួលបញ្ជូនសពត្រឡប់មកទីតាំងដែលបានព្រមព្រៀងគ្នា ប្រកបដោយសេចក្តីថ្លៃថ្នូរ និងទាន់ពេលវេលាដោយគោរពតាមគោលការណ៍មនុស្សធម៌ និងដែនសមត្ថកិច្ចរបស់ភាគីម្ខាងទៀត ដោយមិនឆ្លងដែនគ្នាឡើយ ហើយត្រូវធានាឱ្យមានការចាត់វិធានការឱ្យមានសមស្រប ដើម្បីកំណត់និងគ្រប់គ្រងសពប្រកបដោយអនាម័យ និងការគោរពឱ្យបានស័ក្តិសម ដើម្បីបង្ការមិនឱ្យមាននូវការបង្ហាញពីការថបាត់បង់ផ្នែកណាមួយរបស់សពឡើយ។
ឆ. ក្នុងករណីមានជម្លោះយោធា មិនថាដោយចេតនា ឬអចេតនាឡើយ ភាគីទាំងពីរត្រូវពិភាក្សាគ្នាជាបន្ទាន់ក្នុងកម្រិតតំបន់តាមយន្តការទ្វេភាគី ដើម្បីទប់ស្កាត់ភាពតានតឹងនៅតាមបណ្តោយព្រំដែនទាំងមូល។ ជម្លោះអូសបន្លាយពេល អាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់ប្រជាជនស៊ីវិល និងទាហាន របស់ភាគីទាំងពីរ នឹងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។
ជ. ភាគីទាំងពីរ បានព្រមព្រៀងមិនផ្សព្វផ្សាយឬចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយណាមួយឡើយ ដើម្បីបន្ធូរបន្ថយភាពតានតឹង កាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍របស់សាធារណជន និងបង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនាប្រកបដោយសុខសន្តិភាព។
ឈ. ភាគីទាំងពីរត្រូវបន្តប្តេជ្ញាចិត្តក្នុងការអនុវត្តកិច្ចព្រមព្រៀងកាលពី ២៨ កក្កដា ២០២៥ ដោយមានក្រុមសង្កេតការណ៍អាស៊ាន ដឹកនាំដោយម៉ាឡេស៊ី ។
ញ. ភាគីទាំងពីរ បានព្រមព្រៀងចាត់តាំងគណៈកម្មាធិការព្រំដែនតំបន់ RBC របស់ខ្លួនដើម្បីអនុវត្តការតាមដានអនុវត្តលើការឈប់បាញ់ ដែលក្រុមសង្កេតការណ៍អាស៊ាន ដឹកនាំដោយម៉ាឡេស៊ី ជាអ្នកសម្របសម្រួល។ RBC នឹងជួបប្រជុំគ្នាជាប្រចាំ នឹងរាយការណ៍ទៅកាន់GBC តាមឋានានុក្រមនៃការបញ្ជារបស់ថ្នាក់ជាតិខ្លួន។
ដ. ភាគីទាំងពីរ បានព្រមព្រៀងបង្កើតក្រុមសង្កេតការណ៍បណ្តោះអាសន្ន (IOT) ដាច់ដោយឡែក និងឯករាជ្យ ក្នុងប្រទេសនីមួយៗ។ ក្រុមនេះ នឹងមានសមាសភាពជាអនុព័ន្ធយោធានៃប្រទេសជាសមាជិកអាស៊ាន ដែលប្រចាំការនៅប្រទេសកម្ពុជា ឬថៃ និងដឹកនាំដោយម៉ាឡេស៊ី ដោយសង្កេតការណ៍ជាប្រចាំ លើការអនុវត្តបទឈប់បាញ់។
ថ. ភាគីទាំងពីរ បានព្រមព្រៀងក្នុងការថែរក្សាការទំនាក់ទំនងជាប្រចាំ នៅគ្រប់កម្រិតទាំងអស់ ជាពិសេស រក្សាការទំនាក់ទំនងជាប្រចាំ រវាងតំបន់គ្រប់គ្រងយោធា និងយោធភូមិភាគ នៅតាមបណ្តោយព្រំដែនរបស់ភាគីទាំងពីរ និងព្យាយាមដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី និងចៀសវាងការប៉ះទង្គិចគ្នា។ រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់ (RBC) នៅក្នុងរយៈពេលពីរសប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំ GBC ទីកន្លែងរៀបចំកិច្ចប្រជុំ នឹងផ្លាស់ប្តូរជាប្រចាំតាមវេន។ រក្សាទំនាក់ទំនងដោយផ្ទាល់ និងជាប្រជារវាងរដ្ឋមន្ត្រីការពារជាតិ និងមេបញ្ជាការកងទ័ព។

ឌ. ភាគីទាំងពីរ បានព្រមព្រៀងកំណត់កាលបរិច្ឆេទកិច្ចប្រជុំ GBC នៅក្នុងរយៈពេលមួយខែ បន្ទាប់ពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ (ទីតាំងនឹងពិភាក្សាក្នុងពេលក្រោយ)។ បើសិនជាមិនអាចធ្វើទៅបាន កិច្ចប្រជុំ GBC ពិសេសថ្មី នឹងត្រូវធ្វើឡើងភ្លាមៗ តាមទម្រង់ដូចកិច្ចប្រជុំGBCលើកនេះ ដើម្បីពិភាក្សាអំពីការអនុវត្តបទការ ឈប់បាញ់ ៕