Friday, December 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដេញកាប់គេ ជាប់ខ្នោះ១៣

ដេញកាប់គេ ជាប់ខ្នោះ១៣

ខេត្តកំពង់ស្ពឺ ៖ ក្មេងទំនើង ១ក្រុម ដែលជាមុខសញ្ញាដេញកាប់អ្នកដំណើរ មិនរើសមុខ ពេលយប់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បើកប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនសរុបចំនួន ១៣នាក់ ព្រមទាំងដកហូតបានម៉ូតូ ៤គ្រឿង និងដាវ កាំបិត ចំនួន៣ដើម។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការចង្អុលដឹកនាំលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរង ទទួលផែនព្រហ្មទណ្ឌ និងការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរង ទទួលជំនួយការដឹកនាំការិយា ល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ធ្វើការស្រាវជ្រាវ ឈានទៅបង្ក្រាបមុខសញ្ញាក្រុមក្មេងទំនើងដែលប្រើកាំបិតផ្គាក់ ដេញកាប់យុវជន២នាក់ ដែលជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ កាលពីវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង បណ្តាលឱ្យបែកចង្កៀងមុខក្រោយ កាបាំងម៉ូតូ កុងទ័រ និងដាច់កាត់តាប៊ូក្រោយ ក្រោយធ្វើសកម្មភាព ក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់អស់។

នៅក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាក្មេងទំនើង សរុបចំនួន ១៣នាក់ រួមមាន ទី១-ឈ្មោះជុក រតនា ហៅមួយ ភេទប្រុស អាយុ១៧ឆ្នាំ។ ទី២-ឈ្មោះមាន វ៉ាលិ ភេទប្រុស អាយុ១៤ឆ្នាំ។ ទី៣-ឈ្មោះផន សូវិត ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៤-ឈ្មោះពិសិដ្ឋ សម្បត្តិ ហៅតុ ភេទប្រុស អាយុ១៦ឆ្នាំ។ ទី៥-ឈ្មោះទឹម ផាត់ណៃ ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៦-ឈ្មោះវុទ្ធី វឌ្ឍនា ហៅរុយ ភេទប្រុស អាយុ១៦ឆ្នាំ។ ទី៧-ឈ្មោះវី ណូ ភេទប្រុស អាយុ ១៥ឆ្នាំ។ ទី៨-ឈ្មោះសឿង សារ៉ាត់ ភេទប្រុស អាយុ ១៦ឆ្នាំ។ ទី៩-ឈ្មោះសាន សុឈឿន អាយុ ១៧ឆ្នាំ (អ្នកកាន់កាំបិតផ្គាក់)។ ទី១០-ឈ្មោះលី សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ (អ្នកកាន់ដាវ)។ ទី១១-ឈ្មោះមុត ភ័ក្រត្រា ភេទប្រុស អាយុ ១៧ឆ្នាំ។ ទី១២-ឈ្មោះវ៉ាន់ គីមហុង ភេទប្រុស អាយុ១៩ឆ្នាំ និងទី១៣-ឈ្មោះហៀង ចាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ (អ្នកកាន់កាំបិតផ្គាក់)។

ចំពោះវត្ថុតាងដកហូត រួមមាន ម៉ូតូ ចំនួន៤គ្រឿង កាំបិតផ្គាក់ ចំនួន២ដើម និងដាវ ចំនួន១ដើម។

នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងខាងលើ បានឆ្លើយសារភាពថា ពួកខ្លួន ធ្លាប់ធ្វើសកម្មភាពដេញកាប់ម៉ូតូអ្នកដំណើរ តាមផ្លូវជាតិលេខ៤ មុខហាងនំប៉័ង និងនៅតាមផ្លូវ១៣០ ភូមិស្ពានតោ ឃុំរលាំងគ្រើល ប្រាកដ មែន។

ក្រុមជនសង្ស័យទាំង១៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES