Monday, December 29, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសចាប់ ចាស់ទំនើង លេងបំពង់ស៊ីម៉ាំងឡាន

ប៉ូលិសចាប់ ចាស់ទំនើង លេងបំពង់ស៊ីម៉ាំងឡាន

ខេត្តកណ្តាល ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចផ្តល់រហស្សនាម “ចាស់ទំនើង” បន្ទាប់ពីបានបើកបររថយន្ត១ គ្រឿង ដែលបានធ្វើការកែច្នៃបំពាក់បំពង់ស៊ីម៉ាំងលាន់ឮទ្រហឹងពេញភូមិ ធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋ រហូតដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ ទ្រាំលែងបាន រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ចុះចាប់យកមកអប់រំណែនាំ ធ្វើកិច្ចសន្យា និងតម្រូវឱ្យដោះបំពង់ស៊ីម៉ាំងកែច្នៃនោះចេញវិញ។

តាមប្រភពអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបញ្ជាក់នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ថា «មិនមែនក្មេងទំនើងទេ គឺចាស់ទំនើងម្តង! សូមបង្ហាញមុខម្ចាស់ឡានទំនើង ដែលកែបំពង់ស៊ីម៉ាំងជិះលាន់បាញ់ពេញភូមិ។ បន្ទាប់ពីមានសំណូមពរពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ ដែលមានរថយន្តមួយគ្រឿង ម៉ាកព្រូស បានកែច្នៃបំពង់ស៊ីម៉ាំងប្រែន បើកបរ លាន់ពេញដងផ្លូវសាធារណៈមក លោកកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានណែនាំឱ្យសមត្ថកិច្ចក្រុង ចុះទៅណែនាំម្ចាស់ឡាន និងធ្វើកិច្ចសន្យា ដោះបំពង់ស៊ីម៉ាំងចេញ។

ម្ចាស់រថយន្ត ឈ្មោះអ៊ុំ ស្រឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងជួសជុលរថយន្ត និងលក់គ្រឿងបំពង់ស៊ីម៉ាំង ស្នាក់នៅផ្ទះជួល ភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ករណីនេះ សមត្ថកិច្ចបានធ្វើការអប់រំណែនាំម្ចាស់ឡានខាងលើ និងឲ្យដោះបំពង់ស៊ីម៉ាំងកែច្នៃខុសបច្ចេកទេសនោះចេញ ហើយធ្វើកិច្ចសន្យា ឈប់ប្រព្រឹត្តទង្វើទំនើងបែបនេះទៀត៕

RELATED ARTICLES