Friday, January 9, 2026
Homeនយោបាយថៃ ស្នើសុំលើកពេលកិច្ចប្រជុំពិសេស JBC

ថៃ ស្នើសុំលើកពេលកិច្ចប្រជុំពិសេស JBC

ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្ដីប្រកាសព័ត៌មាន ជម្រាបជូនជនរួមជាតិ និងសាធារណជន ជាតិ-អន្ដរជាតិ ទាំងអស់ឱ្យបានជ្រាបថា កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃភាគីទាំងពីរ កម្ពុជា-ថៃ ដែលគ្រោងនឹងរៀបចំឡើងនៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប តាមសំណើរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានភាគីថៃ ស្នើសុំលើកពេល ដោយលើកហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង។ ជាការឆ្លើយតប ភាគីកម្ពុជាបានស្នើជាថ្មី ទៅភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដើម្បីរៀបចំកិច្ចប្រជុំពិ សេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា នៅសប្តាហ៍ទី២ ឬសប្តា ហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ក្នុងគោលបំណងពិភាក្សា ដោះស្រាយបញ្ហាមួយចំនួន រួមមានដូចជាពិភាក្សាលើការងារវាស់វែងនិងខណ្ឌសីមា ព្រមទាំងដោះស្រាយបញ្ហាដែលយោធាថៃ បាននិងកំពុងធ្វើសកម្មភាពរំលោភបំពានបូរណភាពទឹកដីនិងអធិបតេយ្យកម្ពុជា ដោយរាយលួសបន្លា ដាក់ទូកុងតឺន័រ ដោតទង់ជាតិថៃ សាងសង់លេណដ្ឋាន ឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាននិងទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជា និងហាមឃាត់មិនឱ្យប្រជាពលរដ្ឋកម្ពុជា វិលត្រឡប់ចូលរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ ជាដើម ។

 សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចុះថ្ងៃចន្ទ ២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានកិត្តិយសសូមជម្រាបជូនជនរួមជាតិ និងសាធារណជន ជាតិ-អន្តរជាតិ ទាំងអស់ ឱ្យបានជ្រាបថា កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃភាគីទាំងពីរ ដែលគ្រោងនឹងរៀបចំឡើងនៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប តាមសំណើរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានភាគីថៃ ស្នើសុំលើកពេល ដោយលើកហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង។

 ជាការឆ្លើយតប ភាគីកម្ពុជា បានស្នើជាថ្មីទៅភាគីថៃ តាមរយៈកំណត់ទូត ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា នៅសប្តាហ៍ទី២ ឬសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ក្នុងគោលបំណងពិភាក្សា ដោះស្រាយបញ្ហាមួយចំនួន ដូចខាងក្រោម ៖

 ១- ពិភាក្សាលើការងារវាស់វែងនិងខណ្ឌសីមា ព្រមទាំងដោះស្រាយបញ្ហាដែលយោធាថៃ បាននិងកំពុងធ្វើ សកម្មភាពរំលោភបំពានបូរណភាពទឹកដីនិងអធិបតេយ្យកម្ពុជា ដោយរាយលួសបន្លា ដាក់ទូកុងតឺន័រ ដោតទង់ជាតិថៃ សាងសង់លេណដ្ឋាន ឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាននិងទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជា និងហាមឃាត់មិនឱ្យប្រជាពលរដ្ឋកម្ពុជា វិលត្រឡប់ចូលរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ។

 ២- បន្តចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ន លើដីជាក់ស្តែង នៅចន្លោះបង្គោលព្រំដែនលេខ 42-47 ក្នុងភូមិសាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅចន្លោះបង្គោលព្រំដែនលេខ 52-59 ក្នុងភូមិសាស្ត្រឃុំបឹងរាំង និងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

 ៣- ពិភាក្សាអំពីការចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលព្រំដែនលេខ 33-37 (តំបន់បឹងត្រកូន), តំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនអូរភ្លុកដំរី (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនច១ (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់) និងតំបន់ព្រំដែនផ្សេងទៀត។

  ៤- បញ្ជូនក្រុមវាស់វែងចម្រុះ ដើម្បីចុះអនុវត្តការងារវាស់វែងនិងខណ្ឌសីមា លើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា (កំណាត់ខ្សែព្រំដែនដើរតាមផ្លូវទឹក និងកំណាត់ខ្សែព្រំដែនជាបន្ទាត់ត្រង់) ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

 ឆ្លៀតក្នុងឱកាសនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនសាជាថ្មីដល់ជនរួមជាតិ និងសាធារ ណជន ជាតិ-អន្តរជាតិទាំងអស់ ឱ្យបានជ្រាបថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ក្នុងន័យនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)កម្ពុជា នឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែន ឱ្យបានឆាប់បំផុត ជាមួយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន និងមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមអំពាវនាវដល់ជនរួមជាតិ និងសាធារណជនទាំងអស់ មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាល តែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិ សេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។

 សេចក្តីដូចបានជម្រាបនិងបញ្ជាក់ជូនខាងលើ សូមជនរួមជាតិ និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន“ ៕

RELATED ARTICLES