ភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា បានធ្វើបទបង្ហាញប្រាប់អង្គទូតបរទេស ៣៣ប្រទេស ស្តីពីការវិវត្តថ្មីៗនៃស្ថាន ភាពព្រំដែនកម្ពុជា-ថៃ ដែលមកដល់ពេលនេះ ទោះបីជាមានបទឈប់បាញ់ តែ កងកម្លាំងប្រដាប់អាវុធថៃ នៅតែបន្តសកម្មភាពឈ្លានពានមកលើទឹកដីនិងអធិតេយ្យរបស់កម្ពុជា ក្នុងខេត្តចំនួន៤ គឺខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ព្រះវិហារ និងឧត្តរមានជ័យ។

នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិ បត្តិការអន្តរជាតិ បានធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនប្រធានបេសកកម្មការ ទូត និងតំណាងអង្គការអន្តរជាតិនានា ក្នុងរាជធានីភ្នំពេញ ចំនួន៣៣ស្ថានតំណាង និងមានចំនួនសរុប ៥៥រូប។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរ ទេសអាស៊ាន នៅទីក្រុងកូឡាឡាំពួរ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសត្រីភាគី កម្ពុជា-ថៃ-ចិន នៅខេត្តយូណាន ប្រទេសចិន ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តសកម្មភាពរំលោភបំពានរបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើទឹកដីនិងអធិតេយ្យរបស់កម្ពុជា ក្នុងខេត្តចំនួនបួន គឺខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ព្រះវិហារ និងឧត្តរមានជ័យ។
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់សាជាថ្មីថា កម្ពុជា មានការប្តេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការគោរពបទឈប់បាញ់ និងដោះស្រាយវិវាទដោយសន្តិវិធី ដោយគោរពតាមច្បាប់អន្តរជាតិ ធម្មនុ ញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន និងប្រកាន់យ៉ាងខ្ជាប់នូវរាល់កិច្ចព្រមព្រៀងដែលមានស្រាប់ រវាងប្រទេសទាំងពីរ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លេខ ថក ០២/២០២៦ កបទ.សអ ចុះថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ អំពីខ្លឹមសារបទបង្ហាញជូនអង្គទូត ស្តីពីការវិវត្តចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ មានខ្លឹមសារទាំងស្រុងថា «នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ធ្វើបទបង្ហាញជូនប្រធាននិងតំណាងនៃស្ថានបេស កកម្មការទូត និងអង្គការអន្តរជាតិនៅភ្នំពេញ អំពីបច្ចុប្បន្នភាពនៃការវិវត្តស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការបន្តចូលរួម សកម្មភាពរបស់អង្គទូត និងបានកត់សម្គាល់ថា បន្ទាប់ពីកំណើនភាពតានតឹងថ្មីៗនេះ ស្ថានការណ៍ហាក់ដូចជាកំពុងវិលមករកផ្លូវត្រូវវិញ ដូចបានឆ្លុះបញ្ចាំងដោយការសម្រេចបាននូវសមិទ្ធផលផ្នែកការទូតសំខាន់ៗ ដែលរួមមានកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសរអាស៊ាន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២២ ខែធ្នូ កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ នាថ្ងៃទី២៣ ខែធ្នូ និងកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន នៅខេត្តយូណាន ប្រទេសចិន នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីលទ្ធផលវិជ្ជមាននៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ ដែលឆ្លើយតបនឹងអាទិភាពសំខាន់ៗ សំដៅកាត់បន្ថយភាពតានតឹង ការកសាងទំនុកចិត្ត ក៏ដូចជាការស្តារសន្តិភាព និងភាពប្រក្រតីឡើងវិញ ក្នុងនោះរួមមាន បទឈប់បាញ់ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ការព្រមព្រៀងដើម្បីធានាឱ្យជន ភៀសសឹកផ្ទៃក្នុងប្រទេស អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដោយគ្មានការរារាំង និងការប្តេជ្ញាចិត្តឡើងវិញ ដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការដោះស្រាយឫសគល់នៃជម្លោះ រួមទាំងការបន្តឡើងវិញនូវការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក។ ឯកឧត្តមឧប នាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះការដោះលែងយោធិនកម្ពុជា ទាំង១៨រូប ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្តឡើងវិញ និងបានសម្តែងនូរអំណរគុណដល់គ្របភាគីទាំងអស់ ដែលបានគាំទ្រ និងរូមចំណែកដល់ការវិវត្តជាវិជ្ជមានទាំងនេះ។

ទោះជាយ៉ាងណាក្តី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថា ជនភៀសសឹកកម្ពុជា រាប់សិបម៉ឺននាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេ នៅតាមមូលដ្ឋានជាច្រើន ក្នុងខេត្តចំនួនបួន របស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកអំពីការបន្តរក្សាវត្តមានយោធា ព្រមទាំងសកម្ម ភាពទាំងឡាយដែលបានប៉ះពាល់ដល់រចនាសម្ព័ន្ធស៊ីវិល និងវិលត្រឡប់ចូលទៅតំបន់ទាំងនេះ។ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាឱ្យសកម្មភាពជាក់ស្តែង ដើរស្របនឹងការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ និងគោលការណ៍អន្តរជាតិពាក់ព័ន្ធ ក៏ដូចជាស្មារតីកិច្ចសហប្រតិបត្តិការអាស៊ាន។
ស្តីពីបញ្ហាព្រំដែន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា និងថៃ មានព្រំដែនរួមដែលទទួលស្គាល់ជាអន្តរជាតិ កំណត់ដោយផែនទី ដែលផលិតឡើងស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ឯកឧត្តម បានលើកពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការងារកំណត់ព្រំដែន ដែលសម្រេចបានដោយគណៈ កម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ជាពិសេស ក្នុងពេលថ្មីៗនេះ នៅទីតាំងចន្លោះបង្គោលព្រំដែន លេខ ៥២-៥៩ និង ៤២-៤៧ និងបានរំលឹកឡើងវិញនូវចំណុចទី៣ នៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ ដែលបញ្ជាក់យ៉ាងច្បាស់ថា រាល់ការព្រមព្រៀងទាំង អស់ ក្រោមសេចក្តីប្រកាសរួមនេះ គឺមិនប៉ះពាល់ដល់ការងារវាស់វែងនិងខណ្ឌសីមាព្រំដែនឡើយ។ ក្នុងន័យនេះ កម្ពុជា បានស្នើឱ្យមានការកោះប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ជាបន្ទាន់ ដើម្បីពន្លឿន ការងារ ស្របតាមស្មារតីនៃសេចក្តី ប្រកាសរួម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការ ធានាការរក្សាបទឈប់បាញ់បច្ចុប្បន្ន ឱ្យនៅខ្ជាប់ខ្ជួន។ អាទិភាពបន្ទាន់របស់កម្ពុជា គឺការអនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ឱ្យបានពេញលេញ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈ រួមទាំងការអនុញ្ញាតឱ្យប្រជាជនស៊ីវិលភៀសសឹក បានវិលត្រឡប់ទៅទីលំនៅវិញ ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈយន្តការដែលមានស្រាប់ ការបន្តការងារវាស់វែងនិងកំណត់ខណ្ឌសីមាព្រំដែន ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក កិច្ចសហប្រតិបត្តិការជាក់ស្តែង ក្រោមក្របខ័ណ្ឌដែលបានព្រម ព្រៀងគ្នា រួមទាំងការដោះមីនមនុស្សធម៌ តាមរយៈក្រុមការងារសម្របសម្រួលរួម ការដោះមីនស្របតាមស្តង់ដារនីតិវិធីប្រតិបត្តិការដែលបានព្រមព្រៀងគ្នា និងការរក្សាច្រកទំនាក់ទំនងរបើកចំហ រវាងអាជ្ញាធរយោធា និងក្រសួងការបរទេស។ ឯកឧត្តមបានសង្កត់ធ្ងន់បន្ថែមទៀត អំពីសារៈសំខាន់នៃការពង្រឹងតួនាទីរបស់ក្រុមអ្នក សង្កេតការណ៍អាស៊ាន ដើម្បី ផ្ទៀងផ្ទាត់និងធានាការអនុវត្តពេញលេញនៃបទឈប់បាញ់ ព្រមទាំងវិធានការចាំបាច់ផ្សេងទៀត ដែលបានព្រមព្រៀងគ្នា ដើម្បីតម្លាភាព ការកសាងទំនុកចិត្ត និងការជឿទុកចិត្តគ្នា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជា និងថៃ គឺជាប្រទេសជិតខាង ហើយនឹង នៅតែជាប្រទេសជិតខាង រហូតតទៅមុខ ដែលមានការទទួលខុសត្រូវរួមគ្នា ដើម្បីធានាសន្តិភាព ស្ថិរភាព និងវិបុលភាពចីរកាល សម្រាប់ប្រជាជននៃប្រទេសទាំងពីរ សម្រាប់តំបន់ និងសម្រាប់គ្រួសារអាស៊ាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា កម្ពុជា ជ្រើសរើសយកសន្តិភាព និងការដោះស្រាយជម្លោះដោយសន្តិវិធី និងតាមផ្លូវការទូត ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន។
តំណាងក្រសួងការពារជាតិ និងលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានធ្វើសេចក្តីរាយការណ៍ និងបទបង្ហាញរំអំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនផងដែរ»។

សូមបញ្ជាក់ថា មុនពេលធ្វើបទបង្ហាញខាងលើនេះ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍តវ៉ាចំពោះការរំលោភបំពានរបស់ថៃ មកលើទឹកដីនិងអធិតេយ្យរបស់កម្ពុជា ដោយបញ្ជាក់ថា យោធាថៃ បានវាយសម្រុកចូលទន្ទ្រានកាន់ កាប់និងឈរជើងគ្រប់គ្រងដីកម្ពុជា ១៤គោលដៅ នៅខេត្តចំនួន៤ រួមមាន ៖ ១. ខេត្តបន្ទាយមានជ័យ ៖ ភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិបឹងត្រកួន ។ ២. ខេត្តពោធិ៍សាត់ ៖ តំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា (ច្រកជ័យជម្នះ) ។ ៣. ខេត្តព្រះវិហារ ៖ តំបន់អានសេះ តំបន់តាថាវ តំបន់ភ្នំទ្រព្យ និង ៤. ខេត្តឧត្តរមានជ័យ ៖ តំបន់អូរស្មាច់ ប្រា សាទខ្នារ ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គញ់ និងតំបន់ចូកក្រួស ក្រោយពេលមានបទឈប់បាញ់។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លេខ ថក ០១/២០២៦ កបទ.សអ ចុះថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ តវ៉ាចំពោះការ រំលោភបំពានរបស់ថៃ នោះ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖
១. ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសហគមន៍អន្តរជាតិ និងសាធារណជនទូទៅ អំពីការបន្តសកម្មភាពគឃ្លើនរបស់កងកម្លាំង ប្រដាប់អាវុធថៃ ប្រឆាំងនឹងអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ដោយនៅតំបន់ខ្លះ ស្ថិតចូលហួសពីខ្សែបន្ទាត់ព្រំដែនតាមជំហរថៃ ទៀតផង ក្រោយពីការចូលជាធរមាននៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលត្រូវបានចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

២. ក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបើកប្រតិបត្តិការវាយលុកផ្នែកយោធា ដែលបានគិតទុកមុននិងជាប្រព័ន្ធ លើទីតាំងជាច្រើន តាមបណ្តោយព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិ ដោយវាយសម្រុកចូលទន្ទ្រានកាន់កាប់និងឈរជើង គ្រប់គ្រងជាក់ស្តែង លើតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់ក្នុងទឹកដីកម្ពុជា នៅខេត្តចំនួនបួន រួមមានដូចជា ៖ ខេត្តបន្ទាយមានជ័យ ៖ ភូមិព្រៃចាន់ ភូមិជោគជ័យ តំបន់បឹងត្រកូន ខេត្តពោធិ៍សាត់ ៖ តំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា (ច្រកជ័យជម្នះ) ខេត្តព្រះវិហារ ៖ តំបន់អានសេះ តំបន់តាថាវ តំបន់ភ្នំទ្រព្យ
ខេត្តឧត្តរមានជ័យ ៖ តំបន់អូរស្មាច់ ប្រាសាទខ្នារ ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គញ់ និងតំបន់ចូកក្រួស។
៣. រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការរំលោភបំពានរបស់ថៃ រួមទាំងការបន្តឈរជើងនិងកាន់កាប់ដោយខុសច្បាប់ ប្រតិបត្តិការយោធារបស់កងកម្លាំង ប្រដាប់អាវុធថៃ នៅខេត្តទាំងបួន ខាងលើរបស់កម្ពុជា។ ដោយមិនអើពើចំពោះស្មារតីនៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសនៃគណៈកម្មា ធិការព្រំដែនទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការហាមមិនឱ្យមានសកម្មភាពញុះញង់ ការប្រើកម្លាំងគ្រប់ប្រភេទប្រឆាំងប្រជាជនស៊ីវិល និងគោលដៅស៊ីវិលក្នុង គ្រប់កាលៈទេសៈ កងទ័ពថៃ កំពុងតែបង្កើនការវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវប្បធម៌របស់កម្ពុជា ជាពិសេសនៅក្នុងភូមិព្រៃចាន់ ជោគជ័យ និងតំបន់បឹង ត្រកូន ខេត្តបន្ទាយមានជ័យ និងនៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់ របស់កម្ពុជា។
៤. ការកាន់កាប់ទឹកដីកម្ពុជា ដោយកងទ័ពថៃ ក្រោយបទឈប់បាញ់ ហើយបន្ទាប់មក វាយ កម្ទេចផ្ទះសម្បែងរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឯទៀតរបស់កម្ពុជា ដោយបន្តបិទសិទ្ធិរបស់ជនស៊ីវិលភៀសសឹកកម្ពុជា ជាច្រើន មិនឱ្យវិលត្រឡប់ទៅលំនៅឋានរបស់គេវិញបាន គឺជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះគោល ការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ រួមទាំង ៖ មាត្រា ២(៣) និង ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលតម្រូវឱ្យដោះស្រាយជម្លោះតាមសន្តិវិធី និងហាម ឃាត់ការប្រើប្រាស់កម្លាំងប្រឆាំងបូរណភាពទឹកដីនៃរដ្ឋមួយផ្សេងទៀត។ មាត្រា៥៣ នៃអនុសញ្ញាទី៤ ក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ដែលហាមឃាត់ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិបុគ្គលឯកជន ឬរបស់រដ្ឋ ដែលនេះជាទង្វើដែលពុំមានហេតុផលយោធាណាមកតម្រូវបានឡើយ ក្នុងពេលបទឈប់បាញ់ កំពុងនៅជាធរមាន។ មាត្រា៥២ នៃពិធីសារបន្ថែមទី១ ឆ្នាំ១៩៧៧ នៃអនុសញ្ញាក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។
៥. វាជាការសំខាន់ដែលត្រូវគូសបញ្ជាក់ថា កម្ពុជា និងថៃ មានព្រំដែនគោកអន្តរជាតិ ដែលត្រូវបានកំណត់តាមផែនទីដែលត្រូវបានផលិតឡើងដោយអនុលោមតាមអនុសញ្ញាឆ្នាំ១៩០៤ និង សន្ធិសញ្ញាឆ្នាំ១៩០៧ ។ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនកម្ពុជា និងថៃ ត្រូវបានបង្កើតឡើងដើម្បី កំណត់ខ្សែបន្ទាត់ព្រំដែនរវាងបង្គោលព្រំដែនដែលបានបោះរួចហើយ។ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ខាងកម្ពុជា ក៏បានធ្វើការតវ៉ាជាលាយលក្ខណ៍អក្សរ ជាផ្លូវការ ទៅកាន់សមភាគីថៃ ប្រឆាំងនឹងការរំលោភបំពានរបស់កងទ័ពថៃ លើទឹកដីកម្ពុជា និងលើអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន ខណៈដែលភាគីទាំងពីរ សម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ លើការងារខណ្ឌសីមាព្រំដែន ជាពិសេស ក្នុងពេលថ្មីៗនេះ លើការអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
៦. រាជរដ្ឋាភិបាលកម្ពុជា សូមសង្កត់ធ្ងន់ថា ការបន្តឈរជើងនិងកាន់កាប់ជាក់ស្តែងដោយកងកម្លាំងយោធាថៃ លើទឹកដីកម្ពុជា ដែលនៅតំបន់ខ្លះ គឺហួសពីខ្សែបន្ទាត់ព្រំដែនតាមជំហរថៃ ទៅទៀត គឺជាការបន្តកាន់កាប់ដោយខុសច្បាប់ និងគ្មានមូលដ្ឋានទាល់តែសោះ ក្រោមច្បាប់អន្តរជាតិ។ ការកាន់កាប់និងបន្តកាន់កាប់ តាម រយៈការគំរាមកំហែង និងការប្រើប្រាស់កម្លាំងនេះ គឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបាន នៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់យកទឹកដីដោយប្រើប្រាស់កម្លាំង។ ការកាន់កាប់ទឹកដី ដែលទទួលបានពីការគំរាមកំហែង និងប្រើប្រាស់កម្លាំង គឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាន និងដាច់ខាតនៃច្បាប់អន្តរជាតិ ដែលហាមឃាត់នូវការដណ្ដើមយកទឹកដី ដោយប្រើប្រាស់កម្លាំង។ ការគ្រប់គ្រងទឹកដី សកម្មភាពរដ្ឋបាល ឬការអនុវត្តសិទ្ធិអំណាចដែលកើតចេញពីទង្វើបែបនេះ គឺគ្មានតម្លៃតាមផ្លូវច្បាប់ និងមិនអាចបង្កើតសិទ្ធិស្របច្បាប់ណាមួយបានឡើយ។
៧. សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ គឺផ្ទុយស្រឡះទៅនឹងការប្តេជ្ញាចិត្តរបស់ថៃ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ក្រោមការព្រមព្រៀងបទឈបបាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កំណត់ហេតុកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី៧ ខែសីហា ថ្ងៃទី១០ ខែកញ្ញា និងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព និងដំណោះស្រាយវិវាទដោយសន្តិវិធី ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបញ្ជាក់ជារួមអំពីកាតព្វកិច្ចរបស់ភាគីទាំងពីរ ក្នុងការមិនអនុវត្តវិធានការជាឯកតោភាគី និងដោះស្រាយបញ្ហាលេចធ្លោទាំងឡាយ យ៉ាងខ្ជាប់ខ្ជួន ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
៨. ការវាយកម្ទេចសំណង់ស៊ីវិល ដោយកងកម្លាំងប្រដាប់អាវុធថៃ គឺផ្ទុយស្រឡះពីវឌ្ឍនភាព ដែលសម្រេចបានដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន ជាពិសេសនៅកំណាត់ខ្សែព្រំដែន ត្រង់បង្គោលព្រំដែនលេខ ៥២-៥៩ និងលេខ ៤២-៤៧ ដែលការណ៍នេះ បង្កការព្រួយបារម្ភជាខ្លាំងថា ប្រទេសថៃ បានកំពុងព្យាយាមធ្វើឱ្យខូចដល់កិច្ចប្រឹងប្រែងកំណត់ខណ្ឌសីមាព្រំដែន ដែលកំពុងដំណើរការ តាមរយៈការបង្កើតនូវស្ថានភាពមានការឈរជើងជាក់ស្តែងរួចជាស្រេចហើយ។
៩. អាស្រ័យហេតុនេះ កម្ពុជា សូមទាមទារឱ្យប្រទេសថៃ ៖
ក. បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពយោធាប្រកបដោយអរិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងទឹកដីរបស់កម្ពុជា។
ខ. ដកបុគ្គលិកនិងសម្ភារៈយោធាទាំងអស់ ចេញពីទឹកដីកម្ពុជា ទៅកាន់ទីតាំងព្រំប្រទល់ដែលទទួលស្គាល់ដោយច្បាប់។
គ. គោរពអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក នៃប្រទេសទាំងពីរ ក្នុងការកំណត់ខណ្ឌសីមាព្រំដែន ដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិ។
ឃ. គោរពដោយរស្មោះត្រង់ចំពោះ លក្ខខណ្ឌនិងស្មារតីនៃការព្រមព្រៀងឈប់បាញ់ថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីប្រកាសរួមស្តីពីសន្តិភាព និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
១០. រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ដោយឥតងាករេ ចំពោះការស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាមួយប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយប្តេជ្ញាចិត្តជាដាច់ខាត ចំពោះការប្រកាន់ជំហរជាគោលការណ៍ថា ខ្សែព្រំដែន មិនត្រូវបានផ្លាស់ប្តូរតាមរយៈការប្រើប្រាស់កម្លាំងនោះឡើយ។

១១. កម្ពុជា សង្ឃឹមថា សហគមន៍អន្តរជាតិ នឹងជួយជំរុញប្រទេសថៃ ឱ្យដោះស្រាយជម្លោះព្រំដែន ស្របតាមច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញានិងកិច្ចព្រមព្រៀង ដែលមានស្រាប់…៕ ខៀវទុំ