Thursday, January 29, 2026
Homeសង្គម និងជីវិតវីរកងទ័ពជួរមុខ ឪរបួស កូនពលី ធនាគារ មិនលុបបំណុលឲ្យ

វីរកងទ័ពជួរមុខ ឪរបួស កូនពលី ធនាគារ មិនលុបបំណុលឲ្យ

ខេត្តឧត្ដរមានជ័យ ៖ គ្រួសារវីរកងទ័ព ប្រចាំការនៅសមរភូមិជួរមុខ ទិសឧត្ដរមានជ័យ ដែលឪពុក ឈរជើងនៅប្រាសាទតាមាន់ធំ ចំណែកកូនប្រុស ឈរជើងនៅប្រាសាទតាក្របី ហើយវីរកងទ័ពជាឪពុក បានរងរបួសនៅ ក្នុងការប្រយុទ្ធជាមួយទាហានថៃឈ្លានពាន ឯកូនប្រុសបានពលី កាលពីចុងខែធ្នូ ឆ្នាំ២០២៥ ពេលនេះវីរកងទ័ពយើង បានទម្លាយថា គ្រួសារលោក កំពុងប្រឈមនឹងការជំពាក់បំណុលធនាគារ រាប់ម៉ឺនដុល្លារ ដោយសង្ឃឹមថា ខាងធនាគារ នឹងលុបបំណុលទាំងនេះ ដូចដែលបានប្រកាសកន្លងទៅ ដើម្បីជាការដឹងគុណដល់វីរកងទ័ព ប៉ុន្តែនៅពេលលោកស្នើទៅខាងធនាគារ គេមិនបានលុបបំណុលឲ្យលោកទេ  ហើយខាងថ្នាក់លើក៏បានដឹងដែរ តែមិនដឹងជួយអ្វីបាន ធ្វើឲ្យពួកគាត់ដោះស្រាយមិនចេញ មិនដឹងធ្វើយ៉ាងណារកប្រាក់មកបង់រំលស់ប្រចាំខែ ទាំងការ ទាំងដើម ឲ្យគ្រប់ចំនួន រយៈពេល ១០ឆ្នាំទៀត ។

គ្រួសារវីរកងទ័ពដែលរបួស និងពលី កំពុងប្រឈមជំពាក់បំណុលធនាគារ រាប់ម៉ឺនដុល្លារនេះ មានលំនៅក្នុងភូមិតាប៉ែន ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ  មានសមាជិក៥នាក់ ឪពុកម្ដាយ និងកូនប្រុស ៣នាក់ (ពលីម្នាក់) ។ ក្នុងនោះឪពុក មានឈ្មោះហៀម ចាន់ធឿង អាយុ៥៣ឆ្នាំ ចូលបម្រើការងារជាយោធា តាំងពីឆ្នាំ១៩៩២ គឺមានរយៈពេលជាង៣០ឆ្នាំ ។ បច្ចុប្បន្នមានឋានន្តរស័ក្ដិអនុសេនីយ៍ឯក (សិក្ដ័៣) តួនាទីមេបញ្ជាការរងកងអនុ សេនាធំ ប្រចាំការនៅប្រាសាទតាមាន់ ក្នុងអង្គភាពវរសេនាតូច ៤២១ ។ នៅក្នុងសង្រ្គាមប្រយុទ្ធគ្នាជាមួយកង ទ័ពថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ លោកបានទទួលរងរបួស ប៉ុន្តែមកដល់ពេលនេះ បានព្យាបាលជាសះស្បើយហើយ ។ ចំណែកនៅក្នុងចំណោមកូនប្រុសទាំងបី ក្រៅពីកូនប្រុសពីរនាក់ នៅកំពុងបន្តការសិក្សានៅឡើយ កូនប្រុសច្បងឈ្មោះធឿង ចាងហ្វាង អាយុ២១ឆ្នាំ បានចូលដាក់ពាក្យចូលបម្រើការងារជាយោធា កាលពីខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាប់ ។ នៅក្នុងអំឡុងពេលប្រ យុទ្ធគ្នាជាលើកទី២ កាលពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពលទាហានវ័យក្មេងរូបនេះ បានប្រចាំការនៅអង្ភភាពតំបន់ប្រតិបត្តិការសឹកឧត្ដរមានជ័យ (ឈរជើងនៅប្រាសាទតាក្របី) ប៉ុន្តែនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្នុងសង្គ្រាមឈ្លានពានលើកទី២ របស់យោធាថៃ វីរកងទ័ពវ័យក្មេងនេះ បានពលីជីវិតនៅក្នុងសមរភូមិ ដោយសារដ្រូនទម្លាក់គ្រាប់បែកកងទ័ពថៃ ។

 ក្នុងនាមជាមេគ្រួសារ និងជាវីរកងទ័ពដែលចូលប្រឡូកក្នុងសង្រ្គាម បុរសជាឪពុកឈ្មោះ ហៀម ចាន់ធឿង បានសម្តែងការសោកស្តាយជាអនេក ចំពោះការបាត់បង់កូនប្រុស ។ វីរកងទ័ពជាឪពុក បានត្អូញត្អែរថា គ្រួសាររបស់លោក ក្រៅពីបាត់បង់កូនប្រុសដែលពលីក្នុងសមរភូមិ ក៏ជួបប្រទះការខ្វះខាតក្នុងជីវភាព ហើយក៏កំពុងប្រឈមនឹងការបំណុលធនាគារ រាប់ម៉ឺនដុល្លារថែមទៀត ។ ក្នុងពេលដែលជំពាក់បំណុលធនាគារនេះ គាត់បានឮព័ត៌មានផ្សព្វផ្សាយថា ខាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងលុបចោលបំណុលប្រមាណ ១លានដុល្លារ ចំពោះយោធិនជួរមុខ យោធិនរងរបួស និងគ្រួសារយោធិនពលី ដើម្បីជាការដឹងគុណ ដែលធ្វើឲ្យគាត់រីករាយខ្លាំងណាស់ ព្រោះសង្ឃឹមថា បំណុលរបស់លោក នឹងត្រូវបានលុបចោល ដូចគ្រួសារវរកងទ័ពដទៃទៀត ។ ប៉ុន្តែអារម្មណ៍រីករាយនេះ ប្រែក្លាយទៅជាអស់សង្ឃឹមទៅវិញ នៅពេលទៅសួរនៅខាងធនាគារដែលខ្លួនជំពាក់ ត្រូវបានគេប្រាប់ថា មិនអាចលុបបំណុលបានទេ គឺត្រូវតែបង់ ឲ្យចប់ តាមកាលកំណត់ ។ ដូច្នេះហើយ ទើបលោកសម្រេចចិត្តប្រកាសតាមបណ្ដាញសង្គម បានឲ្យដឹងជាសាធារណៈថា គ្រួសាររបស់លោក ពិតជាកំពុងប្រឈមបំណុលធនាគារ រាប់ម៉ឺនដុល្លារ ហើយគ្មានលទ្ធភាពបង់សង ព្រោះអស់កូនប្រុសជួយបង់ ហើយខាងធនាគារ មិនព្រមលុបចោលបំណុល ។

 លោកអនុសេនីយ៍ឯក ហៀម ចាន់ធឿង បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ថា “ខ្ញុំបាទជាមេបញ្ជាការមួយរូប ឈរជើងនៅទិសប្រាសាទតាមាន់ សូមជម្រាបដល់ជនរួមជាតិទាំងអស់ ឲ្យបានជ្រាបថា នៅឆ្នាំ២០០៨ សភាពការណ៍នៅព្រះវិហារ ថៃ បានបញ្ជូនកងកម្លាំងមកហួសប្រាសាទតាមាន់ ពេលនោះ ខ្ញុំក៏បានចូលរួមរុញច្រានឲ្យកងកម្លាំងរបស់ថៃ ដកត្រឡប់ទៅវិញ។ ឆ្នាំ២០១១ ខ្ញុំក៏បានប្រយុទ្ធជាមួយថៃ ៣យប់ ៣ថ្ងៃ នៅទីនោះ។ ក្រោយមក លោកមេបញ្ជាការ ក៏បានដកខ្ញុំទៅជួយនៅទិសតាក្របី។ ថ្ងៃទី២៤ ខែ៧ ឆ្នាំ២០២៥ ថៃ បានបិទប្រាសាទ ពេលនោះក៏ត្រូវផ្ទុះអាវុធ រហូត ដល់ខ្ញុំត្រូវរងរបួស។ ទី៨ ខែ១២ ឆ្នាំ២០២៥ កងទ័ពថៃ វាយប្រហារសាជាថ្មី តាមបណ្ដោយព្រំដែន រយៈពេល២០យប់ ២០ថ្ងៃ។ រហូតដល់កូនខ្ញុំបានពលីជីវិតនៅប្រាសាទតាក្របី ។ ខ្ញុំពិតជាមានការសោកស្ដាយខ្លាំងណាស់។ កូនប៉ា! ប៉ានឹកកូនណាស់ ថ្ងៃណាក៏ទឹកភ្នែកប៉ាហូរ ហូរព្រោះកូន កូនបានលះបង់គ្រប់បែបយ៉ាង ដើម្បីទឹកដី ដើម្បីជាតិ។ ឥឡូវនេះធនាគារជាតិ បានផ្សាយថា យោធិននៅសមរភូមិមុខ ដែលរងរបួស ពិការ គ្រួសារពលី លុបបំណុល១០លាន ឬ៨០លាន បងប្អូនកុំជឿ ខ្លួនខ្ញុំផ្ទាល់ បានទៅជូនដំណឹងដល់ធនាគារមួយ នៅខេត្តឧត្តរមានជ័យ មិនបានលុបបំណុលហើយ សូម្បីតែចូលបុណ្យ ១០០ខ្មែរ មិនចូលផង“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកអនុសេនីយ៍ឯក ហៀម ចាន់ធឿង បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ថា ថ្វីត្បិតតែមានជីវភាពមិនសូវធូរធារ តែលោកពេញចិត្តនឹងការងារជាយោធា ហើយលោកមានបទពិសោធន៍នៅក្នុងការជាយោធានេះ អស់រយៈពេលជាងឆ្នាំ៣០ឆ្នាំមកហើយ គឺតាំងពីឆ្នាំ១៩៩២ មក ។ មិនត្រឹមតែរូបលោកជាឪពុក ពេញចិត្តទេ សូម្បីតែកូនប្រុសច្បងរបស់លោក ឈ្មោះធឿង ចាងហ្វាង ក៏មានមោទនភាពនឹងជីវិតជាទាហាននេះដែរ ទើបគេបានដាក់ពាក្យចូលធ្វើទាហាន មុនប៉ុន្មានខែ ដែលប្រទេសត្រូវរងការឈ្លានពានពីសំណាក់កងទ័ពថៃ ហើយគេក៏មិនតក់ស្លុត រួញរា គឺក្លាហានមោះមុតក្នុងការចូលសមរភូមិប្រយុទ្ធនឹងកងទ័ពសត្រូវឈ្លានពាន ដូចរូបលោកជាឪពុកដែរ រហូតក្រៅពីរូបលោកជាឪពុក រងរបួស កូនប្រុសរបសើលោក ក៏ត្រូវពលីជីវិត ហើយស្ទើរតែមិនអាចយកសពចេញពីមកបានទៀត ព្រោះពេលនោះ កំពុងប្រយុទ្ធខ្លាំង និងទទួលរងការទម្លាក់គ្រាប់បែក ការបាញ់ផ្លោងខ្លាំងពីកងទ័ពថៃឈ្លានពាន ។

លោកហៀម ចាន់ធឿង បានបន្តថា ក្នុងការងារជាមន្រ្តីយោធា លោកទទួលបានប្រាក់បៀវត្សរ៍ ចំនួន ១ ៨០០ ០០០ (១លានប្រាំសែន) រៀល។ ចំណែកកូនប្រុសរបស់លោក ពេលមិនទាន់ពលី ទទួលបានប្រាក់ខែ ១ ៤០០ ០០០ (១លាន៤សែន) រៀល ។ ទាំងប្រាក់ខែ របស់ខ្លួនឯង និងប្រាក់ខែ របស់កូនប្រុស លោកបានយកមកបញ្ចូលគ្នា បង់ធនាគារ ជារៀងរាល់ខែ គឺក្នុងបំណុលរាប់ម៉ឺនដុល្លារ លោកត្រូវបង់រំលស់ប្រចាំខែ ទាំងដើម ទាំងការ ចំនួនជាង៣លានរៀល ក្នុងកំណត់រយៈពេល ១០ឆ្នាំ ។ ប្រាក់បំណុលទាំងនេះ លោកមិនបានយកទៅចំណាយឥតប្រយោជន៍ទេ គឺលោកយកមកធ្វើដើមទុនរកស៊ី ធ្វើស្រែចម្ការ ដើម្បីបង្កើនជីវភាពនៅក្នុងគ្រួសារ ព្រោះរំពឹងតែលើមុខរបរយោធា មិនអាចទប់ជាប់ទេ ប៉ុន្តែជាលទ្ធផល ការរកស៊ីធ្វើស្រែចម្ការ មិនកាក់កបសោះ ហើយប្រាក់ដែលខ្ចីពីធនាគារទាំងអស់នោះ ក៏ចំណាយអស់ ខណៈដែលបំណុល មកដល់ពេលនេះ ដោះមិនទាន់ដោះរួច ។ ពេលនោះ ពីដំបូងៗ លោកនៅមានសង្ឃឹមដែរថា បំណុល នឹងអាចដោះរួច ទោះមិន រយៈពេលវែងក៏ដោយ ព្រោះនៅមានប្រាក់ខែទាហានរបស់កូនប្រុស ជួយទប់ដែរ ។ ប៉ុន្តែពេលកូនប្រុស បានពលីនៅក្នុងសមភូមិទៅ លោកក៏ចាប់ផ្ដើមបាក់ទឹកចិត្ត ចង់ចុះចាញ់នឹងបំណុលនេះ ហើយអ្វីដែលរឹតតែអស់សង្ឃឹមថែមទៀត នៅពេលដែលបានស្ដាប់ពីខាងធនាគារថា មិនអាចជួយលុបបំណុលទាំងនេះបាន ហើយខាងថ្នាក់លើ នៃអង្គភាពរបស់លោក ក្រៅពីដឹង ក៏មិនអាចជួយបាន ។ ដូច្នេះពេលនេះ លោកមិនដឹងថា ដោះស្រាយតាមវិធីណាទេ សង្ឃឹមថា លោកលាតត្រដាងរឿងនេះហើយ នឹងមានការចូលរួមផ្ដល់ដំណោះស្រាយពីខាងភាគីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងពីខាងភាគីរាជរដ្ឋាភិបាល ដើម្បីជាការយោគយល់ដល់រូបលោក និងកូនប្រុសរបស់លោក ដែលពលីក្នុងសមរភូមិ ក្នុងនាមជាយុទ្ធជនជួរមុខ ការពារទឹកដី ផងទៅចុះ ។

 លោក ហៀម ចាន់ធឿន បានថ្លែងអំពាវនាវថា “បាទ! រឿងនេះកើតឡើងនៅក្នុងជីវិតរបស់គ្រួសារខ្ញុំសព្វថ្ងៃ ហើយការដែលខ្ញុំជំពាក់នេះ ដោយសារតែយកមកធ្វើនេះ ធ្វើនោះ ធ្វើស្រែ ធ្វើចម្ការ តែធ្វើចេះតែខាតទៅវិញ គឺវាមិនបានលទ្ធផលល្អ គឺវាមិនបានឃើញអីបានលទ្ធផលសមស្របនឹងការជំពាក់ ។ ចុងក្រោយ ខ្ញុំត្រូវបង់ ១ខែ ៣លានជាង ហើយកាលពីមុន ប្រាក់យោធាខ្ញុំផង កូនខ្ញុំផង បូកគ្នាទៅ បានបង់ទៅ ព្រោះបា្រក់បៀវត្សខ្ញុំ ១ លាន៨០ម៉ឺន ឯប្រាក់បៀវត្សរ៍កូនខ្ញុំ ១លាន៤០ម៉ឺនរៀល តែឥឡូវកូនខ្ញុំបានពលីទៅ តើបានអីបង់? គឺខ្ញុំមិនមានអីបង់ទៀតទេ ដល់ប៉ុណ្ណឹងនោះ មិនដឹងទៅរកអីបាន ដូចសព្វថ្ងៃនេះ? បំណុលនេះ ត្រូវបង់១០ឆ្នាំទៀតឯណោះ ទើបដាច់ ហើយនៅពេលខ្ញុំទៅសួរខាងធនាគារ គេថាមិនអាចជួយបាន ដោយគេលើកហេតុផលថា យើងនៅក្រៅច្បាប់របស់ធនាគារជាតិ ខ្ញុំមិនសូវយល់ពីចំណុចនេះទេ ។ យ៉ាងណា តាំងពីខ្ញុំខ្ចីលុយគាត់ ខ្ញុំបង្ហាញអត្តសញ្ញាណជាកងទ័ព គឺខ្ញុំត្រូវដាក់ប័ណ្ណទាហាន ថាខ្ញុំធ្វើទាហាន ប៉ុន្តែគេគិតតាមច្បាប់របស់គេអ៊ីចឹង ។ ចំពោះអង្គភាពដឹងហើយ ប៉ុន្តែទោះដឹង ក៏គេមិនមានវិធីនឹងជួយដោះយើង គឺយើងមានតែត្រូវដោះខ្លួនឯង ។ ដូច្នេះខ្ញុំសូមសំណូមពរថា បើមានមធ្យោបាយជួយដោះស្រាយដល់ខ្ញុំខ្លះ សូមឲ្យជួយដោះផងចុះ ព្រោះពេលនេះខ្ញុំគ្មានលទ្ធភាពបង់ទៀតទេ“ ។

គួររំលឹកថា ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្ដីណែនាំពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ដោយណែនាំឱ្យគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះដល់យោធិនដែលបានពលី, ធ្លាក់ខ្លួនពិការ និងប្រតិបត្តិការប្រយុទ្ធក្នុងសមរភូមិ តាមរយៈការលុបបំណុល និងលើកលែងការផាកពិន័យ, ការទូទាត់សងការប្រាក់ និងពន្យារសង ប្រាក់ដើម រហូតដល់ចុងខែឧសភា ឆ្នាំ២០២៦។

 ធនាគារជាតិ បញ្ជាក់ថា ការណែនាំថ្មីនេះ ឆ្លើយតបនឹងការអំពាវនាវរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះឬាជាណាចក្រកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រាលបន្ទុកដល់យោធិន ដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ។

 សម្រាប់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ នឹងទទួលបានការអនុគ្រោះដូចខាងក្រោម ៖

 -លើកលែងរាល់កម្រៃ និងការផាកពិន័យពាក់ព័ន្ធនឹងឥណទាន គិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ ក្នុងសមរភូមិប្រយុទ្ធ ។

-លើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការ ដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ ។

បន្ថែមលើចំណុចខាងលើនេះ ក៏សម្រេចលុបចោលឥណទានរហូតដល់ចំនួន ១០ (ដប់) លានរៀល របស់អតិ ថិជនជាយោធិនពិការនៅសមរភូមិបច្ចុប្បន្ន និងសម្រេចលុបចោលឥណទានរហូតដល់ចំនួន ៨០ (ប៉ែតសិប) លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី ៕ កុលបុត្រ

RELATED ARTICLES