ខេត្តកំពង់ចាម ៖ គូដណ្ដឹងវីរយុទ្ធជនវ័យក្មេង ដែលល្បីល្បាញតាមបណ្តាញសង្គម ក្រោយពីបានភ្ជាប់ពាក្យក្នុងភ្លើងសង្គ្រាមនោះ បានប្រកាសរៀបការ នៅចុងខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ ដោយនាងថែមទាំងបានផ្ញើសារទៅអនាគតស្វាមី ដែលកំពុងឈរជើងនៅសមរភូមិ ត្រៀមតទល់នឹងសត្រូវបរទេសឈ្លានពានថា នាងរង់ចាំប្រុសកំពូលស្នេហ៍វិលត្រលប់មកវិញ ដោយសុវត្ថិភាព ដើម្បីក្រាបសំពះផ្ទឹម ញញឹមទទួលផ្កាស្លាជាមួយគ្នាដូចបំណង តាមពេលាកំណត់ ។

គូស្នេហ៍វីរយុទ្ធជនវ័យក្មេង ដែលត្រៀមរៀបការ នៅរយៈពេល២ខែខាងមុខទៀតនេះ ខាងស្រី (កូនក្រមុំ) មានឈ្មោះ មួង ផល្លីន អាយុ២០ឆ្នាំ រស់នៅភូមិចម្ការអណ្ដូង ឃុំចម្ការអណ្ដូង ស្រុកចម្ការលើ ខេត្តកំពង់ចាម មាន មុខរបរជាជាងសាឡន ។ ចំណែកខាងប្រុស (កូនកំលោះ) មានឈ្មោះ មួន សុធារ៉ា អាយុ២៤ឆ្នាំ មានលំនៅបច្ចុប្បន្ន នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាយោធាប្រចាំការទិសមុំបី ខេត្តព្រះវិហារ ផ្នែកពេទ្យ (ពេទ្យទាហាន) ។ គូស្នេហ៍នេះ បានភ្ជាប់ពាក្យនឹងគ្នា កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ និងបានដេញពេលវេលានៅពេលនោះ កំ ណត់យកថ្ងៃរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ។ ក្រោយភ្ជាប់ពាក្យបានរយៈពេល ១ខែ ស្រាប់ តែកម្ពុជា ត្រូវផ្ទុះសង្រ្គាមចោរសៀមឈ្លានពាន ហើយខាងកូនកំលោះ ត្រូវបំពេញភារកិច្ចនៅសមរភូមិប្រយុទ្ធ ក្នុងនាមជាវីរកងទ័ពជួរមុខ ដែលធ្វើឲ្យកូនក្រមុំ ពួ្រយបារម្ភពីសុវត្ថិភាពគូដណ្ដឹងយ៉ាងខ្លាំង ហើយគិតថា ថ្ងៃមង្គលការរបស់ពួកគេ នឹងប្រែប្រួល ឬអាចនឹងលើកពេលរៀបការ ដូចវីរកងទ័ពមួយចំនួនទៀតដែរ ដែលភ្ជាប់ ពាក្យចំពេលប្រទេសកំពុងមានសង្រ្គាមសត្រូវបរទេសឈ្លានពាន ។ ប៉ុន្តែក្រោយបទឈប់បាញ់ នៃសង្រ្គាមថៃឈ្លានពាន លើកទី២ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ហើយមកដល់ពេលនេះ សភាព ការណ៍ព្រំដែន នៅស្ងប់ស្ងាត់ ខាងស្រី គិតថា អាចអំណោយផលដល់គម្រោងមង្គលការរបស់នាង ទើបនាង ប្រកាសតាមបណ្ដាញសង្គមថា ពិធីរៀបការរបស់នាង ជាមួយគូដណ្ដឹង ជាវីរកងទ័ព នឹងត្រូវធ្វើឡើងតាមពេលាកំណត់ ។

នារីជាអនាគតកូនក្រមុំ ឈ្មោះ មួង ផល្លីន បានបង្ហោះរូបភាពនាង ជាមួយគូដណ្ដឹង នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ភ្ជាប់ជាមួយសំណេរថា “សំណាងល្អគ្រប់ពេលវេលាណាប្តីសម្លាញ់! អូននៅផ្ទះ រង់ចាំបងមកបំពេញពាក្យសន្យា ចូលរោងការ ខែ៣ ថ្ងៃ៣០-៣១ មិនថាស្អែក ទៅជាយ៉ាងណា បងត្រូវតែមានសុវត្ថិភាពជានិច្ច ត្រឡប់មកជួបអូនវិញ…” ។



បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ កូនក្រមុំ មួង ផល្លីន បានរំលឹកប្រាប់ «នគរធំ» នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ពីចំណងស្នេហ៍របស់នាង ជាមួយវីរកងទ័ពជួរមុខ មួន សុធារ៉ា ថា នាងនិងគូដណ្ដឹង បានស្គាល់ទាក់ទងគ្នាដំបូង តាមបណ្ដាញសង្គមហ្វេសប៊ុក និងទិកទុក ខណៈដែលនាងនៅឯស្រុកកំណើតខេត្តកំពង់ចាម ឯគូដណ្តឹង រស់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ក្នុងពេលទាក់ទងគ្នានោះ នាងបានប្រាប់គេថា នាងមានមុខរបរជាជាងសាឡន ចំណែកគេ បានប្រាប់មកនាងវិញថា គេជាពេទ្យទាហាន ប្រចាំការនៅទិសមុំបី ខេត្តព្រះវិហារ ។ បន្ទាប់មក ក្រោយស្វែងយល់ចិត្តគ្នាបានរយៈពេលជាង ១ឆ្នាំ និងឈានដល់ការស្រលាញ់គ្នាយ៉ាងជ្រាលជ្រៅ ប្រកបដោយភាពផ្អែមល្ហែមមក នាងនិងគូស្នេហ៍ ក៏ឈានដល់ការភ្ជាប់ នៅខែវិច្ឆិកា ឆ្នាំ២០២៥ ហើយបានកំណត់យកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ជាថ្ងៃចូលរោងជ័យ រៀបការតាមប្រពៃណីខ្មែរ ។

យុវតី មួង ផល្លីន បានរលឹកបន្តថា ក្រោយភ្ជាប់ពាក្យ និងបានកំណត់ថ្ងៃរៀបការ បានរយៈពេល ១ខែ ស្រាប់តែសង្រ្គាមនៅព្រំដែនកម្ពុជា-ថៃ រួមមាន ខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ របស់កម្ពុជា ទល់នឹងខេត្តឧប៊ុនរាជធានី និងខេត្តសុរិន្ទ បានផ្ទុះឡើង ដោយសារទាហានថៃឈ្លានពាន។ ពេលនោះអ្វីដែលនាងត្រូវគិតជាចម្បង នាងមិនខ្វល់ពីរឿងរៀបការនោះទេ គឺសុំតែគូដណ្ដឹងរបស់នាង មិនកើតអី មានសុវត្ថិភាព មិនបានរៀបការក៏ហីចុះ ព្រោះនៅក្នុងពេលប្រយុទ្ធគ្នានោះ ក្នុងនាមជាពេទ្យទាហាន គូដណ្ដឹងរបស់នាង ត្រូវនៅជាប់ក្នុងសមរភូមិ នៃទិសមុំបី ខេត្តព្រះវិហារ ហើយទទួលរងការបាញ់ផ្លោងពីទាហានថៃ យ៉ាងសន្ធាប់ រហូតដល់ថ្នាក់បារម្ភពេកទៅ នាងគ្មានគិតអ្វីឃើញក្រៅយំស្ទើររាល់ថ្ងៃ ហើយបានបង្ហាញពីអារម្មណ៍ទុក្ខសោកនេះ ជាសាធារណៈ តាមបណ្ដាញសង្គម រហូតមានអ្នកខ្លះ បានរិះគន់នាងថា មិនគួរយករឿងទឹកភ្នែក ទន់ជ្រាយ មកបង្ហាញតាមហ្វេសប៊ុក នាំឲ្យបង្អាក់ទឹកចិត្តក្លាហានរបស់គូដណ្ដឹងនៅសមរភូមិ ។ នាងមិនបានឆ្លើយតប និងមិនមានប្រតិកម្មខឹងនឹងការរិះគន់នេះទេ តែអ្វីដែលនាងដឹងនៅក្នុងចិត្តខ្លួនឯងពិតប្រាកដ គឺនាងស្រលាញ់គូដណ្ដឹងខ្លាំងណាស់ នាងហៅគេថា “ប្ដី” ពេញមាត់ បើទោះបីមិនទាន់បានរៀបការហើយក៏ដោយ ។ ជាពិសេសនាងតែងតែខ្វល់ខ្វាយជាពន់ពេក នៅពេលដឹងថា សុខភាពរបស់គេ មិនសូវល្អ ឧស្សាហ៍ឈឺញឹកញាប់ ។ លើសពីនេះទៅទៀត គ្រប់ពេលដែលនាងបាននិយាយជាមួយគេ តាមទូរស័ព្ទ នាងតែងរំលឹកគេថា “បងត្រូវថែរក្សាខ្លួនណា! អូនរង់ចាំបងវិលត្រលប់មកជួបអូន យើងនឹងរៀបការជាមួយគ្នា តាមពេលាដែលបានកំណត់ទុក” ។ ទីបំផុត មកដល់ខែមករា ឆ្នាំ២០២៦នេះ នាងគិតថា ការទន្ទឹងរង់ចាំរបស់នាង មិនអត់ប្រយោជន៍ទេ ព្រោះបើគ្មានការប្រែប្រួល នៅរយៈពេល ២ខែទៀត សំឡេងភ្លេងការ រវាងនាងនិងបងវីរកងទ័ព នឹងប្រគំឡើង ហើយនឹងមានញតិមិត្ត ភ្ញៀវកិត្តិយសជិតឆ្ងាយ ចូលរួមប្រសិទ្ធពរជ័យយ៉ាងច្រើនកុះករមិនខាន ព្រោះនាងមានគម្រោងប្រាប់ភ្ញៀវ ដល់ទៅជិត ១០០តុឯណោះ ។

មួង ផល្លីន បានថ្លែងបញ្ជាក់ពីរឿងរៀបការនេះថា “ចា! ថ្ងៃការពួកខ្ញុំ ត្រូវធ្វើនៅខែ ០៣ (មីនា) ថ្ងៃទី៣០ (សូត្រមន្ត) និងថ្ងៃទី៣១ (ស៊ី) ។ ធ្វើនៅគេហដ្ឋានរបស់នាងខ្ញុំ ភូមិចម្ការអណ្ដូង ឃុំចម្ការអណ្ដូង ស្រុកចម្ការលើ ខេត្តកំពង់ចាម ។ មង្គលការនេះ យើងគ្រោងប្រាប់ភ្ញៀវជិត១០០តុ គឺច្រើន ។ ថ្ងៃការនេះ យើងនឹងមិនដូរទេ តែបើសិនជាផ្ទុះសង្រ្គាមទៀត នឹងលើកថ្ងៃ បើអត់ផ្ទុះ គឺអត់លើកថ្ងៃទេ ។ យ៉ាងណា សង្ឃឹមថា ៣ខែខាងមុខនេះ នឹងមិនសង្រ្គាមទៀតទេ ជាពេលវេលាល្អ អាចឲ្យពួកខ្ញុំបានរៀបការដូចបំណង ព្រោះថ្វីត្បិតយើងស្គាល់គ្នា ១ឆ្នាំជាង ក៏ពិតមែន តែយើងបានស្គាល់ចិត្តគ្នាច្បាស់ហើយ ។ ជាពិសេសតាំងពីដំបូងមក ខ្ញុំសង្កេតឃើញថា គូដណ្ដឹងខ្ញុំ គាត់មានចរិតលក្ខណៈរាងចាស់ទុំ អាចខ្ញុំផ្ញើវាសនាបាន ឬចង់បានជាប្ដីអស់មួយជីវិត ។ អ្វីដែលសំខាន់ជាងនេះមួយទៀត ការដែលឃើញគាត់មានការងារត្រឹមត្រូវ ក៏ជាកត្តាធ្វើឲ្យស្រលាញ់គាត់ ហើយពេលនោះ នៅពេលគាត់ប្រាប់ថា គាត់ធ្វើជាយោធា ខាងពេទ្យ និងបើកឡានពេទ្យ រឹតតែទាក់ទាញបេះដូងខ្ញុំថែមទៀត ព្រោះជាកងទ័ពការពារទឹកដី គឺជាការលះបង់ដ៏ប្រសើរបំផុត ។ ចំពោះពេលរៀបការហើយ ខ្ញុំចង់ឲ្យប្ដីនៅជិតគ្រប់ពេលវេលាដែរ ប៉ុន្តែបើគាត់មានតួនាទីការពារទឹកដី ខ្ញុំមិនហាមឃាត់ទេ ខ្ញុំឲ្យគាត់ត្រលប់ទៅវិញ មិនមានចាំបាច់អីឲ្យគាត់ឈប់ធ្វើយោធាទេ ព្រោះគាត់ស្រលាញ់ការងារនេះតាំងពីក្មេង“ ។

គួរបញ្ជាក់ដែរថា ក្នុងពេលប្រកាសរៀបការនេះ គូស្នេហ៍វ័យក្មេងមួយគូ ដែលមានគូដណ្ដឹងខាងប្រុសជាយោធានេះ កំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន ជាពិសេសអ្នកលេងបណ្ដាញសង្គម និងបានជូនពរពួកគេជួបតែសុភមង្គល ស្នាមញញឹម ក្ដីសុខគ្រប់វិនាទី ។ ទន្ទឹមនឹងនោះដែរ មានម្ចាស់ហាងសម្អាងការមួយ ឈ្មោះ “ហ្គិចស៊ែង ហ្គោលសម្អាងការ” បានប្រកាសថា នឹងមកស្អិតស្អាងតែងកាយឲ្យកូនក្រមុំ កូនកំលោះនេះ នៅក្នុងថ្ងៃជ័យមង្គល ដោយឥតគិតថ្លៃ ដែលនេះជាទឹកចិត្តប្រពៃថ្លៃថ្លារបស់ម្ចាស់សម្អាងការរូបនោះ ។

ជុំវិញចំណុចនេះ នារីជាអនាគតកូនក្រមុំ គ្មានពាក្យអ្វីក្រៅពីការអរគុណយ៉ាងជ្រាលជ្រៅ ទៅដល់ម្ចាស់សម្អាងការរូបនោះ និងបានជូនពរគាត់ជួបតែសំណាងល្អ រកទទួលទានមានបាន កាក់កបក្នុងមុខរបរប្រចាំថ្ងៃ ហើយនាងក៏បានបញ្ជាក់ថា តាមពិត កាលពីធ្វើកម្មវិធីភ្ជាប់ពាក្យ នាងនិងគូដណ្ដឹង មិនបានជួលសម្អាងការ “ហ្គិចស៊ែង ហ្គោលសម្អាងការ” នោះទេ គឺជួលសម្អាងការផ្សេងនៅក្នុងខេត្ត តែការដែលម្ចាស់សម្អាងការដែលស្ថិតនៅខេត្តដែរនោះ ប្រកាសមកតែងកាយឲ្យពួកនាងនៅក្នុងថ្ងៃរៀបការ ដោយមិនគិតលុយ ដោយសារគាត់ហាក់មាននិស្ស័យជាមួយពួកនាង ហើយណាមួយឃើញគូដណ្ដឹងរបស់នាងជាវីរកងទ័ព ដែលបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ ទើបគាត់ចង់ជួបតបស្នងវិញ តាមរយៈការ Free សម្អាងការនេះ ។

ជាមួយនឹងអារម្មណ៍រំភើបរង់ចាំថ្ងៃរៀបការមកដល់ យុវតី មួង ផល្លីន បញ្ជាក់ថា នាងកំពុងតែបន់រាល់ថ្ងៃ កុំឲ្យប្រទេសជាតិយើងមានសង្រ្គាមទៀត ព្រោះមិនទុកចិត្តទ័ពថៃឈ្លានពានទេ ទោះបីមានបទឈប់បាញ់ក៏ដោយ ក៏សុខៗអាចនឹងបាញ់មកលើកងទ័ពកម្ពុជាយើងដូចលើកមុនទៀត ។ ម្យ៉ាងទៀត នាងមិនចង់លើកពេលរៀបការទេ ចង់ឲ្យពេលាល្អដែលបានដេញរួចហើយនេះ ជាថ្ងៃដែលបានរៀបការពិតប្រាកដ និងបានរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ តាមប្រពៃណីខ្មែរ ។ នាងចង់ឃើញសុខសន្តិភាព សម្រាប់ប្រទេសនិងប្រជាជនយើងទាំងអស់គ្នា និងសម្រាប់វរកងទ័ពនៅសមរភូមិ រួមទាំងគូដណ្ដឹងរបស់នាងផង ហើយនៅក៏នៅបារម្ភពីសុខភាពរបស់គេជាប់ជានិច្ចដែរ ព្រោះគេមានសុខភាពមិនសូវមាំមួនទេ មួយរយៈនេះ គឺកាលផ្ទុះសង្រ្គាមនោះ គាត់បានភ្លាត់ដៃ (បាក់ដៃ) ហើយពេលមកសម្រាកនៅមន្ទីរពេទ្យ ក៏មានជំងឺប្រចាំកាយមួយទៀត គឺជំងឺខ្វះជីវជាតិ (ខ្វះវីតាមីន) ធ្វើចុះស្គម ស្រកទម្ងន់ កម្លាំងចុះខ្សោយ មិនសូវខ្លាំង ។

ដូច្នេះជាចុងក្រោយ នាងសូមផ្ញើសារទៅកាន់វីរកងទ័ព ជាគូដណ្តឹងថា “អូនមានតែពាក្យជូនពរបងឲ្យសុខសុវត្ថិ ភាព ឈ្នះអស់មារសត្រូវ ហើយមកបំពេញតាមពាក្យសន្យារបស់វិញថា នឹងរៀបការជាមួយអូន ហើយអូនសូមប្រាប់បងថា ក្នុងការត្រៀមធ្វើជាកូនក្រមុំរបស់បងនេះ អូនសប្បាយចិត្ត ឲ្យតែបងមើលថែអូនអស់មួយជីវិត ដោ យសូមកុំធ្វើបាបអូន ។ ជាមួយគ្នានេះ ក៏សូមឲ្យគាត់ការពារទឹកដីឲ្យបានល្អ ហើយថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសការពារប្រពន្ធរបស់ខ្លួន ឲ្យបានល្អផងដែរ ហើយក៏សូមអរគុណដល់បងៗកងទ័ពទាំងអស់ ដែលបានលះបង់និងពលី ក្នុងការការពារទឹកដីរបស់យើង“ ៕ កុលបុត្រ