Thursday, January 29, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះក្រុមអ្នកជល់មាន់៩នាក់ ផ្គើនអភិបាលខេត្ត

វ៉ៃខ្នោះក្រុមអ្នកជល់មាន់៩នាក់ ផ្គើនអភិបាលខេត្ត

ខេត្តបាត់ដំបង ៖ ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ ចំនួន៩នាក់ ដែលផ្គើននឹងការព្រមានរបស់លោកអភិបាលខេត្តបាត់ដំបង ត្រូវបានកម្លាំងការិយាល័យជំនាញ ចុះបង្ក្រាបឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្រោយបញ្ចប់ការកសាងសំណុំរឿងនៅអធិការក្រងបាត់ដំបង។

លោកឈឿង គឹមសុង ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ឱ្យដឹងថា ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ ទាំង៩នាក់នោះ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ខណៈដែលក្រុមនេះ កំពុងប្រមូលផ្តុំគ្នាជល់មាន់ នៅក្នុងរោង ១កន្លែង ដែលបិទទ្វាររបងជិត ស្ថិតក្នុងភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលជាល្បែងស៊ីសងខុសច្បាប់ និងបានផ្គើនទៅនឹងការព្រមានក្តៅៗពីសំណាក់លោកអភិ បាលខេត្ត។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានឱ្យដឹងថា ក្រុមអ្នកញៀនល្បែងជល់មាន់ ទាំង៩នាក់ រួមមាន ១-ឈ្មោះរឿប សីហា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល។ ទី២-ឈ្មោះហម ម៉ៅ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅ ភូមិគ្រូស ឃុំអន្លង់រុន ស្រុកថ្មគោល។ ទី៣-ឈ្មោះហ៊ូ សុជា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ទី៤-ឈ្មោះហឿង សុផុន ភេទប្រុសអាយុ៦៤ឆ្នាំ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ទី៥-ឈ្មោះអ៊ុម សំណាង ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល។ ទី៦-ឈ្មោះរុន រក្សា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិទំនប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។ ទី៧-ឈ្មោះវន សារ៉ាន់ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ទី៨-ឈ្មោះវង់ កក្កដា ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង និងទី៩-ឈ្មោះលាង ពក ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅភូមិតាលាស់ ឃុំតាលាស់ ស្រុកមោងប្ញស្សី។

ចំណែកវត្ថុតាងដកហូតបាន រួមមាន មាន់ជល់ (អាគក) ចំនួន១៥ក្បាល ម៉ូតូ ចំនួន១០គ្រឿង ប្រាក់ចំនួន ៨០ម៉ឺនរៀល ជញ្ជីងសម្រាប់ថ្លឹងមាន់ ចំនួន១ នាឡិកាសម្រាប់កំណត់ពេលវេលាជល់ ចំនួន១ សង្វៀនសម្រាប់ជល់មាន់ ចំនួន១ ស៊ុមក្រុងមាន់ជល់ ចំនួន៧ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងបទល្មើសល្បែងស៊ីសងសុសច្បាប់នេះ  លោកសុខ លូ អភិបាលខេត្កបាត់ដំបង បានធ្វើការប្តេជ្ញាចិត្តនៅចំពោះមុខមន្ត្រីគ្រប់ស្ថាប័នរដ្ឋ នៅក្នុងអង្គសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្នុងថ្ងៃបិទបញ្ចប់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ថា “រដ្ឋបាលខេត្ត នឹងប្តេជ្ញាបង្ក្រាបនិងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ដែលលោកចាត់ទុកថា ជាការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សង្គមជាតិ មិនតែប៉ុណ្ណោះ លោកបានភ្ជាប់ការប្តេជ្ញាចិត្តបង្ក្រាបល្បែងអនឡាញនេះ ទៅនឹងល្បែងស៊ីសងគ្មាន ច្បាប់ ដទៃៗទៀតផង។ លោកអភិបាលខេត្តបានប្រកាសប្រាប់មន្ត្រីៗដូច្នេះថា “មិនមែនតែបទល្មើសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប៉ុណ្ណោះទេ តែត្រូវបង្ក្រាបចំពោះល្បែងស៊ីសងគ្មានច្បាប់ដទៃៗទៀត ដែលកំពុងកើតមាននៅតាមបណ្តាស្រុកឬក្រុង ត្រូវតែតាមបង្ក្រាបឱ្យរាបដល់ដី”៕

RELATED ARTICLES